អានតួអត្ថបទ
កម្ពុជា

គ.ជ.ប ទទួលបាន​បណ្តឹង​តិចតួច បើ​ធៀប​នឹង​អាណត្តិមុនៗ

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ព្រឹក​នេះ​ថា ដំណើរ​ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ឃុំ​សង្កាត់ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ឧសភា មក គ.ជ.ប បាន​ទទួល​បណ្តឹង​ត្រឹម​តែ​៣៤​ប៉ុណ្ណោះ។ មន្ត្រី​ដដែល​ថា​មិន​មាន​បណ្តឹង​ធំដុំ​ទេ ដោយ​សារ​តែ​ច្បាប់​តឹង​រឹង​ជាង​មុន ហើយ​គណបក្ស​នយោបាយ​មាន​ភាព​ចាស់​ទុំ​ជាង​មុន។

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ក្នុង​សន្និសីទ​កាសែត
មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ក្នុង​សន្និសីទ​កាសែត @NEC
ផ្សាយពាណិជ្ជកម្ម

លោក​កែវ ផល្លា ទីប្រឹក្សា គ.ជ.ប បាន​ថ្លែង​ថា​បណ្តឹង​ទាំង​៣៤​នោះ មាន​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​២​បណ្តឹង, បាត់ដំបង​២​បណ្តឹង, កំពង់​ឆ្នាំង​១​បណ្តឹង, កំពង់ស្ពឺ​១​បណ្តឹង, កំពង់ធំ​១១​បណ្តឹង, ព្រៃវែង​៤​បណ្តឹង, សៀមរាប​៣​បណ្តឹង, ស្ទឹងត្រែង​២​បណ្តឹង, ស្វាយរៀង​១​បណ្តឹង, តាកែវ​៣​បណ្តឹង, និង​ខេត្ត​ប៉ៃលិន​៤​បណ្តឹង។

ទីប្រឹក្សា គ.ជ.ប រូប​នេះ​បញ្ជាក់​ថា បណ្តឹង​ទាំង​នោះ កើត​ឡើង​ភាគ​ច្រើន​លើ​រឿង​ហែរ​ក្បួន ចែក​ចាយ​ខិត្តប័ណ្ណ ការ​ជេរ​ប្រមាថ និង​ការ​មិន​គោរព​កាល​វិភាគ។ លោក​លើក​ឡើង​ថា​បណ្តឹង​ទាំង​អស់​នេះ មិន​ធ្ងន់ធ្ងរ​ទេ ប្រៀប​ធៀប​នឹង​អាណត្តិ​កន្លង​ទៅ​ ហើយ​បណ្តឹង​ទាំង​អស់​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ត្រឹម​ថ្នាក់​ឃុំ មាន​តែ​បណ្តឹង​៣​ប៉ុណ្ណោះ ត្រូវ​បាន​បញ្ជូន​មក​កាន់​គណៈកម្មាការ​រៀប​ចំ​កា​របោះ​ឆ្នោត​ប្រចាំ​ខេត្ត។ លោក​កែវ ផល្លា​បញ្ជាក់ថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្តឹង​ចំនួន​២៩​បណ្តឹង ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្តឹង​តែ​៥​បណ្តឹង​ប៉ុណ្ណោះ។

ទាំង​លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច, លោក​ស្រី​មូរ សុខ​ហួរ អនុប្រធាន​គណបក្សប្រឆាំង, និង​តំណាង​អង្គការ​ខុមហ្វ្រែល បាន​ថ្លែង​ថា ដំណើរការ​នៃ​ឃោសនា​បោះ​ឆ្នោត​អាណត្តិ​ទី​៤​នេះ ប្រព្រឹត្តិ​ទៅ​ជា​វិជ្ជា​មាន និង​ល្អ​ប្រសើរ​ជាង​អាណត្តិ​កន្លង​ទៅ។

ប៉ុន្តែ​លោកស្រី​មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា ការ​ពិន័យ និង​ច្បាប់​តឹងរឹង​ពេក ជាក់​ស្តែង​ដូច​ជា​ការ​កំណត់​ចំនួន​អ្នក​ចូល​រួម​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​ជាដើម។ លោក​ស្រី​បន្ត​ថា គោលការណ៍​របស់ គ.ជ.ប នៅ​ក្នុង​អាណត្តិ​នេះ គួរ​តែ​ត្រូវ​បាន​កែ​ប្រែ​នៅក្នុង​អាណត្តិ​ក្រោយៗ​ទៀត ព្រោះ​ប៉ះពាល់​ទៅ​ដល់​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។

សូម​ជម្រាប​ជូន​ថា ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស ក្រុម​ប្រឹក្សា ឃុំ សង្កាត់ អាណតិ្ត​ទី ៤ នៅ​ថ្ងៃ​ទី ៤ ខែ​មិថុនា​ខាង​មុខ មាន​គណបក្ស​នយោបាយ​ចំនួន ១២​គណបក្ស​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ដណ្តើម​បេក្ខភាព​មេឃុំ នៅក្នុង​ឃុំ-សង្កាត់​ចំនួន ១,៦៤៦ ទូទាំង ២៥​រាជធានី-ខេត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ