អានតួអត្ថបទ
កម្ពុជា

ប្រធានគ.ជ.ប ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ក្នុង​ពេល​ចុះ​ឈ្មោះ​និង​ពេល​បោះឆ្នោត

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតលោក ស៊ិក ប៊ុនហុកបាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ ប្រកាន់​ជំហរ​អព្យាក្រឹត្យឥត​លម្អៀង​ក្នុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត ការ​ឃោសនា​បោះឆ្នោត និង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ។សូម​បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩​ខាង​មុខ កម្ពុជា​នឹង​មាន​ការ​បោះឆ្នោត​សំខាន់​ៗ​ចំនួន​៤។

ការិយាល័យ​ចុះ​ឈ្មោះ​អ្ន​កបោះឆ្នោត​សាក​ល្បង​នៅ​ក្នុង​សង្កាត់​កាចាញ ​ខេត្ត​រតនគិរី​
ការិយាល័យ​ចុះ​ឈ្មោះ​អ្ន​កបោះឆ្នោត​សាក​ល្បង​នៅ​ក្នុង​សង្កាត់​កាចាញ ​ខេត្ត​រតនគិរី​ សហការី
ផ្សាយពាណិជ្ជកម្ម

ដើម្បី​ធានា​បាន​នូវ​ភាព​ត្រឹមត្រូវ សុក្រឹត​ភាព និង​យុត្តិធម៌ ក្នុង​ដំណើរ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​លើក​ឡើង​ថាត្រូវ​តែ​មាន​ការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់។

ការ​ចូលរួម គឺ​មាន​មក​ពី​សំណាក់​ប្រជាពលរដ្ឋ គណបក្ស​នយោបាយ អាជ្ញាធរ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ។ ក្រៅ​ពី​នេះ លោក ស៊ិក ប៊ុនហុក ក៏​បាន​សង្កត់​ធ្ងន់​អោយ​គ្រប់​ស្ថាប័ន​ទាំង​អស់​គោរព​ច្បាប់ និង​គោលការណ៏​មួយ​ចំនួន​ទៀត។ ដោយ​លោក​បាន​លើក​ថា គណបក្ស​នយោបាយ​ត្រូវ​គោរព​និតិវិធី​របស់ គ.ជ.ប និង​បង្គាប់​អោយ​អាជ្ញាធរ​សាធារណៈ កង​យោធពល​ខេមរភូមិន្ទ កង​នគរបាល​ជាតិ មិន​ត្រូវ​លម្អៀង​ទៅ​ខាង​គណបក្ស​នយោបាយ​ណាមួយ​នោះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ អាជ្ញាធរ​សាធារណៈ​របស់​រដ្ឋ ត្រូវ​ទប់​ស្កាត់​រាល់​ការ​គំរាម​កំហែង​គ្រប់​រូប​ភាព សម្រាប់​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ការ​ឃោសនា​បោះឆ្នោត និង​ការ​បោះឆ្នោត​នាពេល​ខាង​មុខ។

គួរ​ជម្រាប​ជូន​ថា ការ​លើក​ឡើង​របស់​លោក ស៊ិក ប៊ុនហុក បាន​ធ្វើ​ឡើង នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​គណៈបញ្ជាការ​សន្តិសុខ​អចិន្រ្តៃយ៍ ដែល​មក​ពី​អន្តរ​ស្ថាប័ន រួមមាន ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ​នៅ​ថ្ងៃ​ទី​២៥​សីហា​នេះ ដើម្បី​ផ្សព្វ​ផ្សាយ​​ពី​ផែន​ការ​ការពារ​សន្តិសុខ ក្នុង​កិច្ច​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩។ ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ទៅ​មុខ​នេះ កម្ពុជា​នឹង​មាន​ការ​បោះឆ្នោត​សំខាន់​ៗ​ចំនួន​៤ រួម​មាន ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​ឆ្នាំ​២០១៧ ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្តអា​ណត្តិ​ទី​៦​ឆ្នាំ​២០១៨ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ឆ្នាំ​២០១៨ និង​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​មួយ​ទៀត។

សូម​បញ្ជាក់​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី នឹង​មាន​រយៈ​ពេល​៩០​ថ្ងៃ ដោយ​ចាប់​ពី​ថ្ងៃ​ទី​១​កញ្ញា ​ដល់​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​ខាង​មុខ ដោយ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​គ្រប់​អាយុ​បោះឆ្នោត​ប្រមាណជា​ ៩.៦ លាន​នាក់។ ការ​ចុះ​ឈ្មោះ​បោះឆ្នោតថ្មី​ នឹង​ធ្វើ​ឡើង​តាម​ម៉ាស៊ីន​កុំព្យូទ័រ​នៅ​តាម​សាលា​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស។

នៅ​ក្នុង​កិច្ច​ប្រជុំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥​សីហា​នោះដែរ លោក​នាយឧត្តម​សេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​ប្រកាស​ពី​ការ​បង្កើត​ឡើង​នូវ​ក្រុម​ប្រចាំ​ការ​អចិន្ត្រៃយ៍​របស់​លេខាធិការដ្ឋាន​នៃ​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ ក្នុង​នោះ​ក៏​មាន​លោក​ឧត្តម​សេនីយ៍​ឯក ឌី វិជ្ជា កូន​ប្រសារ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន គឺ​ជា​អនុប្រធាន​ម្នាក់​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ