អានតួអត្ថបទ
កម្ពុជា-នយោបាយ

គ.ជ.ប ព្រមាន​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ការ​ស្ទង់​មតិ​អំពី​បក្ស​នយោបាយ​តាម​ហ្វេស​ប៊ុក

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត(គ.ជ.ប) បាន​ព្រមាន​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​ដល់​បណ្តា​ម្ចាស់​ទំព័រ​ហ្វេស​ប៊ុក​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ការ​ស្ទង់​មតិ​លើ​គណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​ខុស​នឹង​ច្បាប់​បោះ​ឆ្នោត។ បើ​តាម​គ.ជ.ប ការ​ស្ទង់​មតិ​បែប​នេះ អាច​បង្ក​ឲ្យ​មហាជន​មានការ​យល់​ច្រឡំ​ដោយ​សារ​តែ​លទ្ធផល​បាន​ពី​ការ​ស្ទង់​មតិ​នេះ។

គ.ជ.ប ព្រមាន​​ចាត់​​ការ​​តាម​​ផ្លូវ​​ច្បាប់​​ចំពោះ​​ការ​​ស្ទង់​​មតិ​​អំពី​​បក្ស​​នយោបាយ​​តាម​​ហ្វេស​ប៊ុក
គ.ជ.ប ព្រមាន​​ចាត់​​ការ​​តាម​​ផ្លូវ​​ច្បាប់​​ចំពោះ​​ការ​​ស្ទង់​​មតិ​​អំពី​​បក្ស​​នយោបាយ​​តាម​​ហ្វេស​ប៊ុក
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សេចក្តី​អំពាវនាវ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប)​បាន​ចាត់​ទុក​ការ​ស្ទង់​មតិ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​លើ​គណបក្ស​នយោបាយ​ថា ជា​ការ​ធ្វើ​ឡើង​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ និង​គ្មាន​វិជ្ជាជីវៈ​ត្រឹម​ត្រូវ។ បើ​តាម​ច្បាប់​បោះ​ឆ្នោត បទ​បញ្ជា​ និង​នីតិវិធី​របស់​គ.ជ.ប គឺ​ការ​ស្ទង់​មតិ​ត្រូវ​គោរព​តាម​គោលការណ៍​មួយ​ចំនួន​ដូចជា ដំណើរ​ការ​ប្រកប​ដោយ​តម្លាភាព និង​ភាព​មិន​លម្អៀង។

ជាមួយ​គ្នា​នេះ ការ​ស្ទង់​មតិ​ត្រូវ​រៀប​ចំ​ឡើង​ដោយ​អង្គការ​ឫ​ស្ថាប័ន​ដែល​មាន​វិជ្ជាជីវៈ ត្រូវ​គោរព​សិទ្ធិ សេរីភាព​បុគ្គល រក្សា​ការ​សម្ងាត់​នៃ​ការ​បោះ​ឆ្នោត​របស់​អ្នក​បោះ​ឆ្នោត មិន​បង្ក​ឲ្យ​មាន​អសន្តិសុខ ភាព​ចលាចល​ឫ​ការប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ឫ​ធ្វើ​ឲ្យ​ភាន់​ច្រឡំ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត។ លើស​ពី​នេះ​ទៅ​ទៀត លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ត្រូវ​បញ្ជាក់​អំពី​ប្រភព​ផ្តល់​ព័ត៌មាន ពេល​វេលា ចំនួន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ជ្រើស​រើស​មក​ស្ទង់​មតិ កម្រិត​លម្អៀង​នៃ​លទ្ធផល​ព្រម​ទាំង​ត្រូវ​ផ្តល់​ជូន​គណបក្ស​នយោបាយ​និង​ផ្សព្វ​ផ្សាយ​ជូន​សាធារណជន​ស្មើ​ភាព។

សូម​បញ្ជាក់​ថា ការ​ព្រមាន​និង​បង្ហាញ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ស្ទង់​មតិ​ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​ចំនួន​នា​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ បាន​ធ្វើ​ការ​ស្ទង់​មតិ​របស់​ខ្លួន​អំពី​ចំនួន​អ្នក​គាំទ្រ​លើ​គណបក្ស​នយោបាយ។ គណបក្ស​នយោបាយ​ដែល​គេ​ពេញ​និយម​ធ្វើ​ការ​ស្ទង់​មតិ​ជាង​គេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ ក្រៅ​ពី​គណបក្ស​នយោបាយ ទំព័រ​ហ្វេស​ប៊ុក​ខ្លះ​ទៀត​ក៏​បាន​ធ្វើ​ការ​ស្ទង់​មតិ​លើ​បុគ្គល​ដែល​ជា​ប្រធាន​គណបក្ស​នីមួយៗ​នោះ​ផង​ដែរ។

ចំពោះ​បញ្ហា​ទាំង​នេះ ក្រៅ​ពី​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ គ.ជ.ប ក៏​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​ស្ទង់​មតិ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នេះ ដើម្បី​ជៀសវាង​ការ​ភាន់​ច្រឡំ​ណា​មួយ​ពី​សំណាក់​មហាជន​លើ​ដំណើរ​ការ​នៃ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ