rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សង្គម កីឡា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កីឡា​ជាតិ​លើក​ទី​២ ៖ បច្ចេកទេស​របស់​អត្តពលិក​កម្ពុជា​នៅ​មាន​កម្រិត បើ​ធៀប​នឹង​កម្រិត​កីឡា​នៅ​ស៊ីហ្គេម

media
លោក​វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ RFI

ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ដែល​បាន​ធ្វើ​ឡើង​រយៈ​ពេល​១០​ថ្ងៃ បាន​ឈាន​ចូល​មក​ដល់​ទី​បញ្ចប់​ហើយ នៅ​ថ្ងៃទី​០៤​មិថុនា​នេះ​។ តាម​រយៈ​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​ពេញ​មួយ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​នេះ លោក ​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អះអាង​ថា បច្ចេកទេស​នៃ​ការ​ប្រកួត​របស់​កីឡាករ កីឡាការិនី​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ បើ​ធៀប​នឹង​កម្រិត​បច្ចេកទេស​របស់​អត្តពលិក​នៃ​ប្រទេស​ដែល​ចូល​រួម​ប្រកួត​កីឡា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ឬ ស៊ីហ្គេម​។​


​អគ្គលេខាធិការ​គណៈកម្មាធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា លោក ​វ៉ាត់ ចំរើន បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​នេះ​ ថា​កម្រិត​បច្ចេកទេស​នៅ​ក្នុង​ការ​ប្រកួត​របស់​កីឡាករ​ពី​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​រីក​ចម្រើន​ហើយ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា។ ប៉ុន្តែ​កីឡាករ​ពី​ខេត្ត​មួយ​ចំនួន​ធំ​ទៀត នៅ​មាន​គម្លាត​កម្រិត​បច្ចេកទេស​នៅ​ឆ្ងាយ​ពី​កីឡាករ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ជាប់​រាជធានី​ភ្នំពេញ​នៅ​ឡើយ។

តាម​រយៈ​ការ​កត់​សម្គាល់​នេះ លោក វ៉ាត់ ចំរើន បាន​វាយ​តម្លៃ​ថា កម្រិត​បច្ចេកទេស​នៃ​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ធៀប​ជាមួយ​នឹង​កម្រិត​បច្ចេកទេស​របស់​កីឡាករ​ក្នុង​កម្រិត​ស៊ីហ្គេម គឺ​កម្ពុជា​នៅ​ឃ្លាត​ឆ្ងាយ​ពី​គេ​ខ្លាំង។ ប៉ុន្តែ​លោក វ៉ាត់ ចំរើន បញ្ជាក់​ថា កម្ពុជា​ក៏​មាន​កីឡា​មួយ​ចំនួន​ទៀត ដែល​មាន​កម្រិត​បច្ចេកទេស​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​បណ្តា​ប្រទេស​នានា​ក្នុង​កីឡា​ស៊ីហ្គេម ដូច​ជា តេក្វាន់ដូ ចំបាប់ ប្រដាល់​គុណ​ខ្មែរ​ជា​ដើម ខណៈ​កីឡា​ជិត​២០​ប្រភេទ​ទៀត មាន​កម្រិត​បច្ចេកទេស​ប្រកួត​នៅ​ឆ្ងាយ​ពី​គេ​នៅ​ឡើយ។

គិត​មក​ដល់​ថ្ងៃ​ចុង​ក្រោយ​នេះ តារាង​មេដាយ​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញ​ថា​ក្រសួង​មហាផ្ទៃ​បាន​នាំ​មុខ​គេ​លើ​ចំនួន​មេដាយ ហើយ​បន្ទាប់​មក​គឺ​មាន​តែ​រាជធានី​ភ្នំពេញ​ទេ​ ដែល​ឈរ​នៅ​លំដាប់​ថ្នាក់​បន្ទាប់។ ប៉ុន្តែ​ខេត្ត​ប៉ៃលិន ឯណោះ​វិញ បាន​ធ្លាក់​ដល់​បាត​តារាង​មេដាយ ពោល​គឺ​មិន​ទទួល​បាន​មេដាយ​នោះ​ទេ។

សូម​ជម្រាប​ជូន​ថា ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ បាន​ធ្វើ​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី​០៤ ខែ​មិថុនា ដែល​ប្រើ​ថវិកា​អស់​ប្រមាណ​១​លាន​ដុល្លារ និង​មាន​កីឡាករ កីឡាការិនី និង​គ្រូ​បង្វឹក​ចូល​រួម សរុប​៤.១៦៣ នាក់ លើ​ប្រភេទ​កីឡា​ចំនួន​២៧ រួម​មាន​វិញ្ញាសា​ចំនួន​២៧៤ មក​ពី​ក្រសួង រាជធានី-ខេត្ត​ចំនួន​២៥។ ការ​ប្រកួត​កីឡា​ជាតិ​រយៈ​ពេល​២​ឆ្នាំ​ម្តង​នេះ គឺ​ជា​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឡើង ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣​ខាង​មុខ៕