rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ព្រឹទ្ធសភា នយោបាយ គណបក្សប្រជាជនកម្ពុជា រដ្ឋសភា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សមាជិក​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​២រូប ត្រូវ​រដ្ឋសភា​ជ្រើស​រើស​ជា​សមាជិក​ព្រឹទ្ធ​សភា

media
ព្រឹទ្ធសភា @សហការី

រដ្ឋសភា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​០៩ ​ខែ​មេសា​នេះ ​បាន​បោះ​ឆ្នោត​គាំទ្រ​សមាជិក​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​២រូប ឲ្យធ្វើ​ជា​សមាជិក​ព្រឹទ្ធ​សភា សម្រាប់​នីតិ​កាលទី​៤។ ជា​ការ​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ ដោយ​រដ្ឋ​សភា នៅមុន​ពេល​ព្រឹទ្ធសភានី​តិកាល​ទី៤ បើក​សម័យ​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃទី ២៣ មេសា ក្រោម​ព្រះរាជាធិបតីភាព​របស់​អង្គ​ព្រះមហាក្សត្រ។


នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន នាព្រឹក​ថ្ងៃទី០៩ ខែ​មេសា អង្គ​សភា បាន​បើក​ការ​បោះ​ឆ្នោត​ផ្តល់ សេច​ក្តីទុក​ចិត្ដ​ដល់​លោក​ស្រី ជា ច័ន្ទទេវី ដែល​មាន​សំឡេង​ឆ្នោត​១០៤​សំឡេង​គំាទ្រ មិន​ព្រម​៩សំឡេង និង​អនុប្បវេទ១​សំឡេង និង​លោក សួន មាន មាន​សំឡេង​ឆ្នោត​គំាទ្រ ១០៤​សំឡេង មិន​ព្រម​៧​សំឡេង និង​អនុប្បវេទ៣​សំឡេង។ នេះ​បើ​តាម​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា និងជា​អ្នកនាំពាក្យ​។

គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋសភានៅ​ថ្ងៃ​ទី ៣ មេសា កន្លងទៅ បាន​ជ្រើស​រើស​បេក្ខជន​ពីរ​រូប​ក្នុង​ចំណោម​បេក្ខជន​១៣​រូប ដែល​បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤។ ក្នុង​ចំណោម​បេក្ខជន​ទាំង​១៣​រូប​នោះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចាត់​តាំង​សមាជិក​២​រូប ដើម្បី​ឲ្យ​រដ្ឋសភា​បោះ​ឆ្នោត​ជ្រើស​រើស​។

សូម​បញ្ជាក់​ថា ព្រឹទ្ធសភា​នីតិកាល​ទី​៤ មាន​សមាជិក​សរុប​៦២​រូប ក្នុង​នោះ​៥៨​រូប កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ជា​អសកល ២​រូប​ចាត់​តាំង​ដោយ​ព្រះ​មហាក្សត្រ និង​២​រូប​ទៀត ត្រូវ​ជ្រើស​តាំង​ដោយ​សមាជិក​រដ្ឋសភា​ក្នុង​សំឡេង​ភាគ​ច្រើន​ដាច់​ខាត។ ចំណែក​ឯ​សមាជិក​ព្រឹទ្ធសភា​២​រូប​ទៀត​តែង​តាំង ​ដោយ​ព្រះ​មហាក្សត្រ ត្រូវ​បាន​គេ​ស្គាល់​ថាជាសម្តេច​រាជបុត្រី​ព្រះ​អនុជ នរោត្តម អរណុរស្មី និង​លោក​ស្រី អ៊ុំ សូម៉ានីន។

គិត​មក​ទល់​នឹង​ពេល​នេះ គេ​បាន​ដឹង ថា ព្រឹទ្ធសភា​នីតិកាល​ទី​៤ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​គ្រង​៥៨​អាសនៈ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤។ ជាការបោះឆ្នោត ដែល​ធ្វើ​ឡើង​ក្រោម​ការ​រិះគន់ កាល​ពី​ថ្ងៃ​ទី ២៥ កុម្ភៈ ដោយ​សារ​តែ​អវត្តមាន​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា។

ក្រៅ​ពីការ​បោះ​ឆ្នោត​គាំទ្រ​សមាជិក​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី៩ ខែ​មេសា ក្នុង​ឱកាស​បើក​បវេសន​កាល​នៃ​រដ្ឋសភា សម័យ​ប្រជុំ​រដ្ឋ​សភាលើក​ទី១០ នីតិកាល​ទី៥ លោក ហេង​ សំរិន ប្រធាន​រដ្ឋសភា​ក៏​បាន​អាន​ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ​កម្ពុជា​ផង​ដែរ។

បើ​តាម​ព្រះរាជ​សារ​របស់​ព្រះ​មហាក្សត្រ កម្ពុជា​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​សម្រេច​បាន​កំណើន​ផលិត​ផល ក្នុង​ស្រុក​តាម រយៈការ​អនុវត្ត គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់ ប្រជា​ពលរដ្ឋ​ជា​រៀល​រាល់​ឆ្នាំ៕​