អានតួអត្ថបទ
កម្ពុជា

NASA៖ ព្រៃឈើ​កម្ពុជា​កំពុង​រលាយបាត់​រូបរា​ង

អង្គការ​ណា​សា​ឃ្លាំមើល​ផែនដី បានចេញ​របាយ​​ការណ៍​​​មួយ កាលពី​​​ថ្ងៃទី១០មករា អមដោយ​រូបភាព​ពីផ្កាយរណបបង្ហាញថា កម្ពុជា បាន​ក្លាយជា​ប្រទេសមួយក្នុងចំណោម​ប្រទេស​ដែលមាន​អត្រា​បាត់បង់​ព្រៃឈើរហ័ស​ជាងគេក្នុង​ពិភពលោក។ របាយការណ៍​ដដែល​ប​ញ្ជា​ក់ ថា ទេសភាព​ព្រៃឈើ​ក្នុងប្រទេស​កម្ពុជា ទោះបី​ក្នុង​តំបន់​ការពារ ក៏ត្រូវ​បាន​កាប់​សំអាត​ដែរ អំឡុងពេល​មួយ​ទសវត្ស​កន្លងមកនេះ។ ភាគច្រើន​នៃ​គម្រប​ព្រៃឈើ​ទាំងនោះ ត្រូវបានកាប់បំផ្លាញ​សម្រាប់​ដំណាំ​កៅស៊ូ និង​ឈើ​សង់​លំនៅដ្ឋាន។

រូបភាព​ផ្កាយ​រណប​របស់​អង្គការ​ណាសា បង្ហាញ​ពី​ការ​បាត់បង់​ព្រៃឈើ​នៅកម្ពុជា ថ្ងៃ​ទី​១០​មករា ២០១៧
រូបភាព​ផ្កាយ​រណប​របស់​អង្គការ​ណាសា បង្ហាញ​ពី​ការ​បាត់បង់​ព្រៃឈើ​នៅកម្ពុជា ថ្ងៃ​ទី​១០​មករា ២០១៧
ផ្សាយពាណិជ្ជកម្ម

បើតាម អង្គការ​ណា​សា​ឃ្លាំមើល​ផែនដី (NASA Earth Observatory) ការផ្លាស់ប្តូរ​រូបភាព​ទេសភាព​ព្រៃឈើ​កម្ពុជា ពី​សម្បូរបែប ទៅ​កាន់ការ​រលាយបាត់​បង់​រូបរាង ត្រូវបាន​លាតត្រដាង​តាមរយៈ ការប្រៀបធៀប​រូបភាព​ពី​ផ្កាយរណប Landsat នៃ ព្រៃឈើ​នៅ លើ​ផ្ទៃដី ជិត​ព្រំដែន​ខេត្តកំពង់ធំ និង​កំពង់ចាម ក្នុង​កាលបរិច្ឆេទ​ដំបូង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០០០ ធៀប​ទៅនឹង ទិន្នន័យ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ បាន​បង្ហាញថា ព្រៃឈើ ត្រូវបាន​ជំនួស​ដោយ ក្រឡាចត្រង្គ​ដូចជា ផ្លូវថ្នល់ និង​ចំការកៅស៊ូ​ទ្រង់ទ្រាយ​ធំ។

អ្នកស្រាវជ្រាវ ដែល​ធ្វើ​ការងារ​ជាមួយនឹង ទិន្នន័យ​រូបភាព Landsat និង​ទិន្នន័យ​សេដ្ឋកិច្ច​ផ្សេងទៀត រកឃើញថា ការផ្លាស់ប្តូរ​តម្លៃ​កៅស៊ូ​ជាស​កល និង​កិច្ចព្រមព្រៀង​ដី​សម្បទាន​សេដ្ឋកិច្ច បាន​ដើរតួនាទី​សំខាន់​ក្នុងការ​បង្កើន​អត្រា​កាប់បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា។ ដី​សម្បទាន ដែល​រដ្ឋាភិបាល​បាន​ជួល ទៅ​ឲ្យ​អ្នកវិនិយោគ​ក្នុងស្រុក និង​បរទេស សម្រាប់ធ្វើ​កសិកម្ម ផលិតផល​ឈើ និង​តម្រូវការ​ផ្សេងទៀត។ អ្នកស្រាវជ្រាវ រកឃើញ​បន្ថែមទៀតថា អត្រា​បាត់បង់​ព្រៃឈើ ក្នុង​ដី​សម្បទាន មាននៅ​គ្រប់​ទីកន្លែង កើនឡើង​ពី ២៩% ទៅ ១០៥% បើ​ធៀប​នឹង​ដី​ក្រៅ​សម្បទាន។

អ្នកវិទ្យាសាស្ត្រ មកពី សាកលវិទ្យាល័យ Maryland និង វិទ្យាស្ថាន​ធនធាន​ពិភពលោក នៃ​អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក បាន​ប្រើប្រាស់​ទិន្នន័យ​ផ្កាយរណប Landsat ដើម្បី​តាមដាន​អត្រា​បាត់បង់​ព្រៃឈើ លើ​មាត្រដ្ឋាន​ពិភពលោក​មួយ បង្ហាញថា ប្រទេស​ជាច្រើន បាន​បាត់បង់​ព្រៃឈើ​រាប់សិប​ហិកតា ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ខណៈ​កម្ពុជា​កំពុង​ប្រជែង​នឹង​ការកើនឡើង​ខ្លាំង​នៃ​កាប់បំផ្លាញ​ព្រៃឈើ។ នៅ​ចន្លោះ​ឆ្នាំ២០០១ ដល់ ២០១៤ អត្រា​បាត់បង់​ព្រៃឈើ​ប្រចាំឆ្នាំ ក្នុងប្រទេស​កម្ពុជា បាន​កើន​ឡើងដល់ ១៤.៤% មានន័យថា កម្ពុជា បាត់បង់​ព្រៃឈើ សរុប ជាង (មួយ​លាន​បួន​សែន ហិកតា) ១.៤៤ លាន​ហិកតា (1440033 ហិកតា) ។ ប្រទេស​ដទៃទៀត ដែល​បង្កើន​អត្រា​បាត់បង់​ព្រៃឈើ​រហ័ស​ផងដែរ រាប់បញ្ចូល Sierra Leone (១២.៦%) Madagascar (៨.៣%) Uruguay (៨.១%) និង Paraguay (៧.៧%)។

តាមន័យ​ទូលាយ ព្រៃឈើ គឺជា តំបន់​ដែល​គ្របដណ្តប់​ដោយ​ដើមឈើ រួមបញ្ចូល ដង់ស៊ីតេ​ដើមឈើ កម្ពស់​ដើមឈើ ការប្រើប្រាស់​ដី ជំហរ​ផ្លូវច្បាប់ និង​មុខងារ​អេកូឡូស៊ី។ អង្គការ​កសិកម្ម និង​ស្បៀងអាហារ​ពិភពលោក បាន​ប៉ាន់ប្រមាណ​ថា ក្នុង​ឆ្នាំ២០០៦ ព្រៃឈើ​គ្រប់​ដណ្តប់​ប្រហែល ៣០% នៃ​ផ្ទៃដី​របស់​ពិភពលោក ឬ​ស្មើនឹង ៤០០០លាន ហិកតា។

ក្នុងការ​ភ្ជាប់​ជាមួយនឹង វិទ្យាស្ថាន​ស្រាវជ្រាវ​ពិភពលោក សាកលវិទ្យាល័យ Maryland បាន​អភិវឌ្ឍ ប្រព័ន្ធ​ប្រកាសអាសន្ន​ប្រចាំ​សប្តាហ៍​មួយ ពី​ការកាប់បំផ្លាញ​ព្រៃឈើ គឺ​ត្រូវបាន​អង្កេត​ឃ្លាំមើល​ដោយ ផ្កាយរណប ហើយ​អ្នកប្រើប្រាស់​អាច​ទទួលបាន​រូបភាពថ្មីៗបច្ចុប្បន្ន តាមរយៈ​អី​ម៉ែ​ល។ ប្រព័ន្ធ​ប្រកាសអាសន្ន​ដោយ​ឥតគិតថ្លៃ​នេះ កំពុង​ដាក់​ប្រតិបត្តិការ​សម្រាប់​ប្រទេស Congo, Uganda, Indonesia, Peru, និង Brazil។ អ្នកស្រាវជ្រាវ​សង្ឃឹមថា នឹងមាន​ប្រព័ន្ធ​នេះ​ប្រតិបត្តិការ​សម្រាប់​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​ត្រូពិច​ផ្សេងទៀត ក្នុង​ឆ្នំ២០១។

គួរ​ជម្រាប​ថា អង្គការ​ណា​សា​ឃ្លាំមើល​ផែនដី (NASA Earth Observatory) គឺជា គ្រឹះស្ថានបោះពុម្ពផ្សាយ សម្រាប់ វិទ្យាស្ថាន​ស្រាវជ្រាវ​អវកាស NASA ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ១៩៩៩ មាន​បេសកកម្ម ចែករំលែក​ជាមួយនឹង​សាធារណជន នូវ រូបភាព រឿងរ៉ាវ និង​ការរកឃើញ​អំពី​បរិស្ថាន ប្រព័ន្ធ​ផែនដី និង​បរិយាកាស ដែល​ផុស​ឡើង​ពី ការស្រាវជ្រាវ​របស់​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA រាប់បញ្ចូល​ទាំង​បេសកកម្ម​ផ្កាយរណប​របស់ខ្លួន ក្នុងការ​ស្រាវជ្រាវ និងគំរូភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ