អានតួអត្ថបទ
កម្ពុជា-សង្គម

​Naga 3 ​ឬ ​ហៅថា​រមណីយ​ដ្ឋាន​កាស៊ីណូ ​នឹង​ចាប់​ផ្ដើម​ការ​សាង​សង់​នៅ​ចុង​ខែ​កញ្ញា ​ឬ​ដើម​ខែ​តុលា​ខាង​មុខ​នេះ​

គម្រោង Naga 3 ឬ ហៅថា រមណីយដ្ឋាន​កាស៊ីណូ នឹង​ចាប់​ផ្ដើម​ការ​សាង​សង់​នៅ​ចុង​ខែ​កញ្ញា ឬ​ដើម​ខែ​តុលា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ ដោយ​គ្រោង​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​ពី ៣,៨ ទៅ ៤ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ក្រុម​ហ៊ុន Naga Corp Ltd ដែល​គ្រប់​គ្រង NagaWorld ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​គេហ​ទំព័រ ដែល​និយាយ​អំពី​វិស័យ​ឧស្សាហ​កម្ម​កាស៊ីណូ​នៅ​តំបន់​អាស៊ី GGRAsia។ គួរ​ជម្រាប​ជូន​ថា គម្រោង Naga 3 នេះ​ត្រូវ​សាង​សង់ លើ​ផ្ទៃ​ដី​សរុប ១៦ ៨៣៧ ​ម៉ែត្រ​ការ៉េ ស្ថិត​នៅ​អតីត​អគារ ប៊ូល​ឌីង ក្នុង​សង្កាត់​ទន្លេ​បាសាក់ ក្រុង​ភ្នំពេញ​។ 

NagaWorld នៅក្បែរមាត់ទន្លេ
NagaWorld នៅក្បែរមាត់ទន្លេ @NagaWorld
ផ្សាយពាណិជ្ជកម្ម

គម្រោង Naga 3 ឬ ហៅ​ថា រមណីយ​ដ្ឋាន​កាស៊ីណូ​នេះ មាន​សភាព​ប្លែក​ពី គម្រោង Naga1 និង Naga2។ ខុស​គ្នា​ត្រង់​ថា មិន​មែន​ត្រឹម​តែ​ជាទី​តាំង​សម្រាប់​ការ​លេង​ល្បែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រួម​បញ្ចូល​ទាំង​ទីតាំង​ឧទ្យាន​កម្សាន្ត​ផង​ដែរ​។

Naga3 ​ ទទួល​បាន​អនុម័ត​ជា​គោល​ការណ៍​ពី​រដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការ​សាង​សង់​អគារ ចំនួន៥ប្លុក ដែល​មាន​កម្ពស់​ ៦៦ ​ជាន់​។ ក្នុង​នោះ​រួម​មាន​ ឧទ្យាន​កម្សាន្ត អាង​ហែល​ទឹក​លំហរ​អាកាស ទីតាំង​សន្និសីទ ផ្សារ​ទំនើប និង សណ្ឋាគារ​ដែល​មាន​បន្ទប់​ជាង​ ៤ ៧២០ ​បន្ទប់ ផង​ដែរ​។

លោក Philip​ ​Lee​ អនុ​ប្រធាន​ក្រុមហ៊ុន​ ​NagaCorp​ ​បាន​ប្រាប់​គេហ​ទំព័រ Inside Asian Gaming​ថា គម្រោង Naga3 សាង​សង់​ឡើង​មួយ​ផ្នែក​ធំ​ជា​ពិសេស ក៏​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ទេសចរ​ចិន ដែល​លោក​រំពឹង ថា​នឹង​មាន​ទេសចរ​ចិន​ប្រមាណ ៥លាន ៥សែន នាក់ មក​ទស្សនា​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ២០២៥។ ។​ ហើយ​ក្រៅ​ពី​នេះ វា​ក៏​អាច​ឈាន​ទៅ​បង្កើត​នូវ​ឱកាស​ការងារ​ចំនួន​ ១៨ ០០០​ កន្លែង​។

ក្រោម​អាជ្ញាប័ណ្ណ​កាស៊ី​ណូ​ផ្តាច់​មុខ​របស់​ខ្លួន​នៅ​ភ្នំពេញ ក្រុម​ហ៊ុន​មិន​មាន​ការ​រឹត​ត្បិត​លើ​ចំនួន​តុ​ល្បែង ម៉ាស៊ីន​ល្បែង​អេឡិច​ត្រូ​និក (EGMs) និង កន្លែង​លេង​ល្បែង នោះ​ទេ​។ មាន​ន័យ​ថា Naga3​នេះ អាច​រាប់​បញ្ចូល​តុល្បែង​រហូត​ដល់ ៨០០ តុ​និង​រហូត​ដល់ ២៥០០​ម៉ាស៊ីន​ល្បែង​អេឡិច​ត្រូនិក (EGMs)​។

គួរ​ជម្រាប​ជូន​ថា ក្រុម​ហ៊ុន Naga Corp Ltd ដែល​គ្រប់​គ្រង NagaWorld ជា​កាស៊ីណូ​មាន​អាជ្ញា​ប័ណ្ណ​តែ​មួយ​គត់​នៅ​ទីក្រុង​ភ្នំពេញ​។ Naga1 បាន​បើក​ដំណើរ​ការ​នៅ​ខែ​ធ្នូ​ឆ្នាំ ២០០៦ ខណៈ​ពេល ការ​ពង្រីក​Naga២ បាន​បើក​ដំណើរ​ការ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ ២០១៧។ បន្ទាប់​មក​Naga ទំាង​ពីរ​បាន​តភ្ជាប់​គ្នា តាម​រយៈ​ផ្សារ​ទំនើប​ក្រោម​ដី ដែល​មាន​ឈ្មោះ​ថា NagaCity Walk​។

ដោយ​ឡែក តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ដែល​ផ្សព្វ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​ហ៊ុន Naga Corp រក​ចំណូល​បាន ៣២១,២ លាន​ដុល្លារ ក្នុង​ត្រី​មាស​ទី ១ នៃ​ឆ្នាំ ២០១៩ ពោល​គឺ​កើន​ឡើង ៣២ ភាគ​រយ​បើ​ធៀប​នឹង​ត្រី​មាសទី១ ក្នុង​ឆ្នាំ២០១៨​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ