លោក ម៉ៅ មុន្នីវណ្ណ៖ការដាក់កាមេរ៉ាក្នុងបន្ទប់ឃុំឃាំងជាការរំលោភសិទ្ធិបុគ្គល
តំណាងរាស្ដ្រគណបក្សប្រឆាំង នៅថ្ងៃទី១៨ កញ្ញា នេះ បានចាត់ទុកថា ការដាក់ឧបករណ៍ថតនៅក្នុងបន្ទប់ស្នាក់នៅ និងបន្ទប់ពិភាក្សារបស់លោក កឹម សុខា ជាការរំលោភសិទ្ធិបុគ្គល និងបំពានច្បាប់។ ប៉ុន្ដែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា វិញ ចាត់ទុកថា គឺដើម្បីការពារសុវត្ថិភាពលោក កឹម សុខា។ លោកបន្ដថា វិធានការណ៏នេះ ជាវិធានការណ៍ដែលល្អសំរាប់ការពារជនដែលបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣១
បើទោះបីជាមានការលើកឡើងយ៉ាងណាពីមន្ដ្រីគណបក្សប្រជាជនកម្ពុជាក៏ដោយ លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្ដ្រមួយរូបរបស់គណប្សសង្គ្រោះជាតិ នៅតែថ្លែងគាំទ្រក្រុមមេធាវីលោក កឹម សុខា ដែលបានស្នើសុំឲ្យដកកាមេរ៉ាចេញពីបន្ទប់លោក កឹម សុខា។ លោក ម៉ៅ មុន្នីវណ្ណ បានអះអាងថា ការស្នើរបស់ក្រុមមេធាវីការពារក្ដីលោក កឹម សុខា គឺផ្អែកលើច្បាប់ស្ដីពីឯកជនភាពរបស់បុគ្គល។ លោកបន្ថែមថា ពន្ធនាគារមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារសន្ដិសុខ ដោយមិនបាច់បំពាក់កាមេរ៉ាដល់ក្នុងបន្ទប់សន្ទនាគ្នានោះទេ។ បើតាមលោក មុន្នីវណ្ណ រាល់កិច្ចពិភាក្សារវាងលោក កឹម សុខា និងមេធាវី ត្រូវបានថតទាំងអស់។ លោកបានហៅការថតរបៀបនេះថា គឺជាការរំលោភសិទ្ធិបុគ្គល។
ទាក់ទងនឹងការបំពាក់កាមេរ៉ាសុវត្ថភាពនេះដែរ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃអាទិត្យម្សិលមិញ លើកឡើងថាការបំពាក់ កាមេរ៉ាសុវត្ថិភាពនោះ ជានីតិវិធីរបស់តុលាការ ក្នុងការការពារអាយុជីវិត លោក កឹម សុខា។ លោកបន្ដថា ជនជាប់ចោទនេះ មានសារៈសំខាន់ណាស់ សម្រាប់បន្តនីតិវិធីស្រាវជ្រាវរកភ័ស្តុតាង សាក្សី និងអ្នកជាប់ពាក់ព័ន្ធក្នុងសំណុំរឿងក្តីដ៏ធំមួយនេះ ។
ការលើកឡើងនេះ ធ្វើឡើងក្រោយពេលក្រុមមេធាវី លោក កឹម សុខា បានដាក់សំណើទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ឲ្យដកកាមេរ៉ាចេញពីបន្ទប់លោក កឹម សុខា។
លោកសុខ ឥសាន បានថ្លែងបន្ថែមបែបចំអកថា “មានប្រជាជនច្រើនណាស់ទាំងក្នុង និងក្រៅប្រទេស បានសរសើរពីវាសនាល្អរបស់លោក កឹម សុខា ដែលត្រូវបានសមត្ថកិច្ចចាប់ដាក់នៅទីកន្លែងមានសុវត្ថិភាពដូចបច្ចុប្បន្ននេះ។”
គួររម្លឹកថា ក្រុមមេធាវីការពារក្ដីលោក កឹម សុខា កាលពីថ្ងៃទី ១៥ កញ្ញា បានស្នើទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សុំយកកាមេរ៉ាសុវត្ថិភាព និងឧបករណ៍ស្រូបសម្លេងផ្សេងៗចេញពីបន្ទប់ឃុំឃាំងលោក កឹម សុខា និងបន្ទប់ជួបសន្ទនាជាមួយមេធាវី។ ក្រុមមេធាវីបញ្ជាក់ថា ការបំពាក់កាមេរ៉ារបៀបនេះ គឺផ្ទុយនឹងមាត្រា ៣៨ កថាខណ្ឌ១ នៃរដ្ឋធម្មនុញ្ញ និងមាត្រា ២៥ នៃច្បាប់ស្ដីពីពន្ធនាគារ។
ក្រុមមេធាវីការពារក្ដីឲ្យមេបក្សសង្គ្រោះជាតិ ក៏បានស្នើសុំចៅក្រមស៊ើបសួរ អាចនាំយកឯកសារច្បាប់ និងឯកសារសំណុំរឿងផ្សេងៗទៅជាមួយ នៅពេលចូលជួបពិភាក្សារវាងមេធាវី និងលោក កឹម សុខា។ បើតាមក្រុមមេធាវី ចាប់តាំងពីថ្ងៃចូលជួបលើកដំបូង មន្ដ្រីពន្ធនាគារមិនបានអនុញ្ញាតឲ្យយក ប៊ិច សៀវភៅច្បាប់ ក្រដាសស និងឯកសារសំណុំរឿង កាន់ចូលជួបលោក កឹម សុខា ទេ។ ក្រុមមេធាវីចាត់ទុកថា ទង្វើនេះធ្វើឲ្យប៉ះពាល់សិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងផ្ទុយពីមាត្រា ១៤៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ