អានតួអត្ថបទ
កម្ពុជា-ច្បាប់

លោកស្រី​​រ៉ូ​ណា ស្មី​ត​​ចោទ​សួរ​​ពី​“​ភាពជឿជាក់”​នៃ​​ការ​​ឈ្នះ​ឆ្នោត​​ភ្លូក​ទឹក​ភ្លូកដី​​របស់​​CPP​នៅ​​ចំពោះ​​ក្រុមប្រឹក្សា​​សិទ្ធិ​មនុស្ស​​UN​

លោកស្រី​រ៉ូ​ណា ស្មី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី២៦ កញ្ញា​ម្សិលមិញ​នេះ បាន​ចោទសួរ​ពី“ភាពជឿជាក់”នៃ​ការបោះឆ្នោតជាតិ​កម្ពុជា​ដែល​បក្ស​កាន់អំណាច​បានឈ្នះ​អាសនៈ​ទាំងអស់​ក្នុង​រដ្ឋសភា​នៅ​ចំពោះមុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ។ ជាមួយនឹង​ការ​ចោទសួរ​នេះ លោកស្រី​រ៉ូ​ណា ស្មី​ត ក៏បាន​ប្រាប់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ថា មាន​ភាពមិនប្រក្រតី​ខ្លះ​នៅមុន​ការបោះឆ្នោត​កើតឡើង។

លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា។
លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា។ @RFI/Phearak
ផ្សាយពាណិជ្ជកម្ម

“ភាពត្រឹមត្រូវ​ដែល​អាច​ជឿជាក់​បាន”នៃ​ការ​ឈ្នះ​ការបោះឆ្នោត​ភ្លូកទឹកភ្លូកដី​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា គឺជា​សំណួរ​ដែល​លោកស្រី​រ៉ូ​ណា ស្មី​ត (Rhona Smith) បានលើកឡើង​នៅ​ចំពោះមុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ។ លោកស្រី​រ៉ូ​ណា ស្មី​ត (Rhona Smith) បាន​រៀបរាប់​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ថា មុន​ការបោះឆ្នោតជាតិ​កម្ពុជា ដំណើរការ​បោះឆ្នោត​ត្រូវបានធ្វើ​ឲ្យ​ល្អ​ឡើងជា​លំដាប់​ដែល​គោរព​ទៅតាម​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ និង​ច្បាប់​នានា​របស់​កម្ពុជា។ ប៉ុន្តែ​នៅក្នុង​របាយការណ៍​ដែល​បញ្ជូន​មកកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស លោកស្រី​រ៉ូ​ណា ស្មី​ត​បាន​អះអាងថា ការរំលាយ​គណបក្សប្រឆាំង​ធំ​បំផុត និង​ការហាមឃាត់​មន្ត្រីជាន់ខ្ពស់​បក្ស​នេះ​មិន​ឲ្យ​ធ្វើ​នយោបាយ៥ឆ្នាំ បាន​ក្លាយជា​សំណួរ​ដែល​ចោទសួរ​ពី​ភាពជឿជាក់​នៃ​ការបោះឆ្នោត​នេះ។

 

លោក​ស្រី​រ៉ូណា ស្មីត បាន​អះ​អាង​ទៀត​ថា ការ​ប្រើ​ប្រាស់​ច្បាប់ ដើម្បី​រឹត​បន្តឹង​ការ​ប្រកួត​ប្រជែង និង សំដៅ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ គូ​បដិ​បក្ខ​នយោបាយ អង្គ​ការ​សង្គម​ស៊ីវិល និង​បុគ្គល​នា​នា រួម​បញ្ចូល​ទាំង​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ផង​នោះ បាន​បង្រួម​បរិយា​កាស​សម្រាប់​ការ​ប្រកួត​ប្រជែង​នយោ​បាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​ស្រី​បាន​សង្កត់​ធ្ងន់​ថា ការ​ប្រកួត​ប្រជែង​នយោបាយ​ពហុ​បក្ស សំខាន់​ណាស់​ក្នុង​ការ​ធានា​បាន​នូវ​ភាព​ជឿ​ជាក់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​។ បន្ថែម​លើ​នេះ លោក​ស្រី​រ៉ូណា ស្មីត ក៏​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ពី​ការ​បំភិត​បំភ័យ និង​គំរាម​កំហែង​ដល់​អ្នក​បោះ​ឆ្នោត បន្ទាប់​ពី​មាន​ការ​អំពាវ​នាវ​កុំ​អោយ​ពល​រដ្ឋ​ទៅ​បោះ​ឆ្នោតផង​ដែរ​។

ក្រោយ​ពី​លទ្ធ​ផល​បោះ​ឆ្នោត​បង្ហាញ​ថា គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​នោះ សមា​ជិក​បក្ស​ប្រឆាំង​មួយ​ចំនួន និង​សមា​ជិក​សង្គម​ស៊ី​វិល​ត្រូវ​បាន​ដោះ​លែង ហើយ​ខ្លះ​ក្នុង​ចំណោម​នេះ ត្រូវ​បាន​លើក​លែង​ទោស​។ ក្នុង​នោះ លោក​កឹម សុខា ប្រធាន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ក៏​ត្រូវ​បាន​ប្តូរ​ពី​ការ​ឃុំ​នៅ​ពន្ធនាគារ​មក​ឃុំ​នៅ​ក្នុង​ផ្ទះ​វិញ​ផង​ដែរ​។ ប៉ុន្តែ​ពួក​គេ​ទាំង​នេះ ត្រូវ​បាន​ដាក់​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​ពី​សំណាក់​តុលា​ការ​។ នេះ​បើ​តាម​ការ​កត់​សម្គាល់​ពី​លោក​ស្រី​រ៉ូណា ស្មីត​។

ក្រៅ​ពី​បញ្ហា​នេះ លោក​ស្រី​រ៉ូណា ស្មីត ក៏​មិន​ភ្លេច​លើក​ឡើង​ពី​ការ​ដោះ​លែង​មន្រ្តី និង​អតីត​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ចំនួន​៥​នាក់​ផង​ដែរ​។ អ្នក​ទាំង​៥​នាក់​នេះ បើ​ទោះ​បី​ដោះ​លែង​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ចុង​ក្រោយ​តុលា​ការ​នៅ​តែ​កាត់​ឲ្យ​ពូក​គេ​មាន​ទោស តែ​ត្រូវ​ព្យួរ​វិញ​។ ចំពោះ​បញ្ហា​នេះ លោក​ស្រី​រ៉ូណា ស្មីត​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា បង្កើត​នូវ​បរិយាកាស​ល្អ​សម្រាប់​អង្គ​ការ​សង្គម​ស៊ីវិល​នា​នា​នៅ​កម្ពុជា​។ យ៉ាង​ណា​ក៏​ដោយ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ មិន​ទាន់​បង្ហាញ​ការ​យល់​ឃើញ ឬ​ការ​សម្រេច​ណា​មួយ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ទាំង​អម្បាល​ម៉ាន​របស់​លោក​ស្រី​រ៉ូណា ស្មីត​នេះ​នៅ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ