សកម្មជនមាតាធម្មតាជាតិបីនាក់ត្រូវដោះលែងប៉ុន្តែតុលាការបង្គាប់ឲ្យសង់សំណង១០០លានរៀល
នៅទីបំផុត តុលាការខេត្តកោះកុង នៅថ្ងៃទី ១ កក្កដានេះ បានសម្រេចដោះលែងសកម្មជនអង្គការចលនាមាតាធម្មជាតិចំនួនបីនាក់ដោយបង្គាប់ឲ្យសងសំណងខូចខាតរួមគ្នាចំនួន១០០លានរៀល ទៅក្រុមហ៊ុនឯកជន មួយដែលប្ដឹងពួកគេពីបទ ផ្តើមគំនិតគំរាមកំហែង ថានឹងធ្វើអោយខូចខាតដោយភ្ជាប់នៅបញ្ជាអ្វីមួយ ដោយតម្រូវឲ្យពួកគេជាប់ពន្ធនាគារមួយឆ្នាំកន្លះ។ ការដោះលែងសកម្មជនទាំងបីរួមមាន៖ លោក ទ្រី សុវិគា សាន់ ម៉ាឡា និងលោក ស៊ីម សំណាង បន្ទាប់ពីពួកគេបានអនុវត្តទោសក្នុងពន្ធនាគារបាន ១០ខែ ១៥ថ្ងៃ។ ហើយទោសដែលនៅសល់នឹងត្រូវព្យួរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤២
លោក អ៊ិន គង់ចិត្រ មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តកោះកុង ដែលបានតាមដានដំណើររឿងក្ដីនេះ ស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់តុលាការ ដែលដោះលែង សកម្មជនទាំងបីរួមមាន៖ លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង បន្ទាប់ពីតុលាការខេត្តកោះកុងបានបើកសវនាការកាលពីថ្ងៃទី ២៧មិថុនា។
ផ្ទុយពីការស្វាគមន៍ លោក អ៊ិន គង់ចិត្រ បានរិះគន់ចំពោះការបង្គាប់របស់តុលាការ ដែលតម្រូវឲ្យសកម្មជនទាំងបីបង់ប្រាក់រហូតដល់ទៅ ១០០លានរៀល ផ្ទុយពីមាត្រា ៤២៤ នៃក្រមព្រហ្មទណ្ឌ កំណត់ដាក់ការពិន័យត្រឹមកម្រិតតែ ២លានរៀលតែប៉ុណ្ណោះ។
លោកចាត់ទុកថា សំណងនេះជាការដាក់បន្ទុកធ្ងន់ធ្ងរដល់ពួកគេទាំងបី ព្រោះតុលាការដឹងហើយថា ពួកគេជាជនក្រីក្រ ធ្វើការដោយស្ម័គ្រចិត្តនៅអង្គការមាតាធម្មជាតិដោយគ្មានប្រាក់ខែ ហើយក្រុមគ្រួសាររបស់ពួកគេក៏គ្មានលទ្ធភាពឯណារកប្រាក់ដ៏ច្រើនបែបនេះដែរ។ ម្យ៉ាងទៀតក្រុមហ៊ុន ឯកជនទទួលបានសិទ្ធិបូមខ្សាច់ពីរដ្ឋាភិបាលនោះក៏គ្មានទទួលរងការខូចខាតអ្វីដែរ ព្រោះពួកគេគ្រាន់តែធ្វើយុទ្ធនាការបញ្ឈប់ការបូមខ្សាច់ធម្មតាប៉ុណ្ណោះ។ ប្រឈមបញ្ហានេះ មេធាវីសកម្មជនទាំងបីគ្រោងនឹងប្ដឹងបន្តទៅកាន់ឧទ្ទរណ៍ ដើម្បីទម្លាក់ចោលសំណង ១០០លានរៀលនេះ។
ពាក់ព័ន្ធសំណុំរឿង លោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន ដែលជាស្ថាបនិកអង្គការចលនាមាតាធម្មជាតិវិញត្រូវបានទុកមួយឡែកសិន ព្រោះតុលាការបានបំបែកសំណុំរឿងរបស់ពួកគេឲ្យនៅដាច់ដោយឡែកពីគ្នា។ដើមឡើយសំណុំរឿងអាឡិចនិងសកម្មជនមាតាធម្មជាតិទាំងបីត្រូវបានតុលាការដាក់បញ្ចូលគ្នាក្រោមការចោទប្រកាន់ពីបទគំរាមកំហែងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិតាមរយៈការចូលរួមក្នុងការតវ៉ាប្រឆាំងទៅនឹងការបូម ខ្សាច់ដែលត្រូវបានចោទថា ជាការបូមខ្សាច់ខុសច្បាប់ក្នុងស្រុកបទុមសាគរ ខេត្តកោះកុង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ