លុបឈ្មោះអង្គការមាតាធម្មជាតិ៖ ក្រសួងថាធ្វើតាមការស្នើសុំរបស់ស្ថាបនិកអង្គការ
ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះអង្គការមាតាធម្មជាតិចេញពីបញ្ជីឈ្មោះអង្គការក្រៅរដ្ឋាភិបាល របស់ក្រសួង។ លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិ នារសៀលនេះថា ការសម្រេចរបស់ក្រសួងនេះ គឺធ្វើតាមការស្នើសុំរបស់ស្ថាបនិកអង្គការមាតាធម្មជាតិ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក ប៉ុល លឹម បានអះអាងថា ក្រសួងមហាផ្ទៃបានទទួលសំណើសុំលុបឈ្មោះអង្គការមាតាធម្មជាតិ ពីស្ថាបនិកនៃអង្គការនេះក្រោមហេតុផលចំនួន២៖ ទី១ ស្ថាបនិកអង្គការអះអាងថា ខ្លួនលែងបានទទួលជំនួយដើម្បីបន្តដំណើរការ, ទី២ ស្ថាបនិកអង្គការមាតាធម្មជាតិបានប្រាប់ក្រសួងថា មានការយកឈ្មោះអង្គការខ្លួនទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ លោក ប៉ុល លឹម មិនបញ្ជាក់អំពីឈ្មោះស្ថាបនិកអង្គការមាតាធម្មជាតិ ដែលដាក់សំណើទៅក្រសួងនោះទេ។
សូមជម្រាបជូនថា អង្គការមាតាធម្មជាតិមានស្ថាបនិកចំនួន៤រូប ក្នុងនោះ២រូបជាព្រះសង្ឃ។ លោក Alex Gonzalez Davidson ជាសហស្ថាបនិកនៃអង្គការមាតាធម្មជាតិបានប្រាប់វិទ្យុបារាំងអន្ដរជាតិថា លោកមិនបានដាក់ពាក្យស្នើសុំលុបអង្គការមាតាធម្មជាតិទេ។
បើទោះបីជាលែងមានវត្តមានអង្គការមាតាធម្មជាតិក្នុងបញ្ជីក្រសួងមហាផ្ទៃទៀតក៏ដោយ លោក Alex បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងថា សកម្មជនរបស់ខ្លួន នឹងបន្តការងារការពារបរិស្ថានផុសផុលដូចដើម ក្រោមរូបភាពជាចលនាយុវជន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ