rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សេដ្ឋកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​៦ខែ​ឆ្នាំ​នេះ កម្ពុជា​ទាក់​ទាញ​បាន​ការ​វិនិយោគ​ជា​ទឹក​ប្រាក់​ជាង​៥ពាន់​លាន​ដុល្លារ​អាមេរិក​

media
រាជធានីភ្នំពេញ (រូបតំណាង) @WorldTravelGuide

នៅ​ក្នុង​រយៈ​ពេល​៦ខែ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ​(​CDC) បាន​សម្រេច​ឯកភាព​លើ​គម្រោង​វិនិយោគ​ចំនួន​១៥៣​គម្រោង ស្មើ​នឹង​ទឹក​ប្រាក់​ដល់​ទៅ​ជាង ​៥ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​ការអះអាង​ឱ្យ​ដឹង​របស់​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ក្នុង​សន្និសីទ​កាសែត​ស្តី​ពី​សមិទ្ធ​ផល​ក្នុង​១ឆ្នាំ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ព្រឹក​នេះ​។ ក្នុង​ចំណោម​គម្រោង​វិនិយោគ​ទាំង​នេះ ភាគ​ច្រើន​ជា​គម្រោង​វិនិយោគ​របស់​វិនិយោគិន​ចិន​។ 


លោក​ឯក ថា អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​កម្ពុជា​បាន​អះអាង​ដឹង​ថា នៅ​ក្នុង​ឆមាស​ទីមួយ​ក្នុង​ឆ្នាំ​២០១៩​នេះ ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា(CDC) បាន​សម្រេច​ឯកភាព​លើ​គម្រោង​វិនិយោគ​ថ្មី​ចំនួន​១៥៣​បន្ថែម​ទៀត​។ ចំនួន​នេះ គឺ​មាន​ការ​កើន​ឡើង​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពីឆ្នាំ​២០១៨ ដែល​មាន​ចំនួន​តែ ១០៦ គម្រោង​ប៉ុណ្ណោះ​។ បើ​តាម​លោក ឯក ថា គម្រោង​ថ្មី​ទាំង​១៥៣​គម្រោង​នេះ គឺ​ស្មើ​នឹង​ទុន​វិនិយោគ​ជា​ទឹក​ប្រាក់​ដល់​ចំនួន​៥ពាន់​១រយ​៨១លាន​ដុល្លារ​អាមេរិក​។ គម្រោង​វិនិយោគ​ទាំង​នេះ គឺ ៤៣ គម្រោង​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស និង ១១០ គម្រោង​ទៀត ស្ថិត​នៅ​ក្រៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​។

សម្រាប់​លោក ឯក ថា នេះ​សរ​បញ្ជាក់​ឃើញ​ថា កំណើន​វិនិយោគ​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នេះ​គឺ​កំពុង​មាន​ការ​កើន​ឡើង​ខ្លាំង​ណាស់​។ មូល​ហេតុ​នៃ​ការ​កើន​ឡើង​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​កម្ពុជា​រូប​នេះ អះអាង​ថា ដោយ​សារ​តែ​វិនិយោគិន​បរទេស​មាន​ទំនុក​ចិត្ត​ខ្ពស់​មក​លើ​ការ​ដឹក​នាំ​ប្រទេស​របស់​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន​ សែន ជា​ប្រមុខ​។ តាម​លោក​ឯក ថា ការ​ដឹក​នាំ​របស់​រដ្ឋា​ភិបាល​បច្ចុប្បន្ន​ពោរ​ពេញ​ដោយ​សន្តិភាព និង ស្ថេរភាព​នយោបាយ​ដែល​ជា​ចំណុច​គន្លឹះ​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិយោគ​បរទេស​ឱ្យ​សម្រុក​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​គំហុក​បែប​នេះ​។

សូម​បញ្ជាក់​ថា បើ​តាម​របាយការណ៍​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា(CDC) គឺ​ចាប់​តាំង​ពីឆ្នាំ​២០១៦ រហូត​មក​ដល់​ពេល​នេះ កម្ពុជា​ទាក់​ទាញ​បាន​ការ​វិនិយោគ​បរទេស​ជា​ច្រើន និង មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ជាក់​ស្តែង កាល​ពី​ឆ្នាំ២០១៦​កន្លង​ទៅ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​ចំនួន​១៧១ គម្រោង​ស្មើ​នឹង​ទុន​វិនិយោគ​ចំនួន​ជាង​៣ពាន់ ៦រយ​លាន​ដុល្លា​អាមេរិក​។

លុះ​មក​ដល់​ឆ្នាំ​២០១៧ ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​(CDC)​បាន​សម្រេច​ឯកភាព​លើ​គម្រោង​វិនិយោគ​ចំនួន​១៨៣ គម្រោង ស្មើ​នឹង​ទុន​វិនិយោគ​ជាង​៦ពាន់​៣រយ​លាន​ដុល្លារ​អាមេរិក គឺ​មាន​កើន​ឡើង​ជិត​៣ពាន់​លាន​ដុល្លារ​អាមេរិក​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ២០១៦​។ ចំណែក នៅ​ក្នុង​ឆាំ្ន​២០១៨ ដែល​ជា​ឆ្នាំ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​វិញ ការ​វិនិយោគ​នៅ​កម្ពុជា​នៅ​តែ​បន្ត​កើន​ឡើង​ដដែល ពោល គឺ​កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​ថ្មី​ចំនួន​២៥៥​គម្រោង​ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​ដល់​ទៅ​ចំនួន​ជាង​៦ពាន់​៤រយ​លាន​ដុល្លារ​អាមេរិក​៕