rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សុខភាព គ្រាប់មីន អាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក ម៉ម ប៊ុនហេង៖ «ភាព​មិន​ប្រក្រតី​របស់​ក្មេង​ទាំង​៣ ដោយ​សារ​ឥទ្ធិពល​គ្រាប់​បែក​គីមី​អាមេរិក»

media
លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា។​ សហការី

ក្រសួង​សុខាភិបាល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ក្រសួង​បាន​រក​ឃើញ​កូន​ប្រជាពលរដ្ឋ​៣​នាក់ ដែល​កើត​មក​មិន​ប្រក្រតី​ដោយ​សារ​ឥទ្ធិពល​នៃ​គ្រាប់​បែក​គីមី​របស់​សហរដ្ឋ​អាមេរិក ក្នុង​ខេត្ត​ស្វាយ​រៀង។ ការ​រក​ឃើញ​កុមារ​ដែល​មាន​ស្ថានភាព​មិន​ប្រក្រតី ហើយ​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​សារធាតុ​គីមី របស់​គ្រាប់​បែក​អាមេរិក​កាល​ពី​សម័យ​សង្គ្រាម បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ កន្លង​ទៅ។


ទី​បំផុត ក្រសួង​សុខាភិបាល​តាម​រយៈ​ការ​ពិនិត្យ​សុខភាព​បាន​រក​ឃើញ​ភ្លាមៗ ពលរដ្ឋ​ខ្មែរ​ចំនួន​៣​នាក់​ដែល​ជា​កូន​ក្មេង​ ស្ថិត​នៅ​ក្នុង​ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង។ កុមារ​ទាំង​៣​នោះ មាន​ស្ថានភាព​វៀច​មាត់ ក្បាល​ធំ​ខុស​ពី​ធម្មតា និង​មាន​រមាស់​ពេញ​ខ្លួន។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ កាល​ពី​ថ្ងៃ​ម្សិល​មិញ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ការ​រក​ឃើញ​ករណី​កុមារ​៣​នាក់​នេះ បាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​គ្រាប់​បែក​គីមី​របស់​សហរដ្ឋ​អាមេរិក​ទំលាក់​ពី​លើ​យន្ត​ហោះ​ចំបាំង​កាល​ពី​សម័យ​សង្គ្រាម​ពី​ឆ្នាំ​១៩៦៣​ដល់​ឆ្នាំ​១៩៧៥។ លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ជឿ​ជាក់​ថា ភាព​មិន​ប្រក្រតី​របស់​ក្មេង​ទាំង​នេះ គឺ​ដោយ​សារ​ឥទ្ធិពល​គ្រាប់​បែក​គីមី​របស់​អាមេរិក​នេះ​តែ​ម្តង។

ជាមួយ​គ្នា​នេះ អ្នក​ជំនាញ​ខាង​វេជ្ជសាស្ត្រ ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ចាត់​ទុក​ថា ការ​សន្និដ្ឋាន​ពី​ផល​ប៉ះ​ពាល់​ដោយ​អាវុធ​គីមី ទៅ​លើ​ពលរដ្ឋ​នៅ​ឃុំ​គគីរ​នៅ​ពេល​នេះ ហាក់​ដូច​ជា​ប្រញាប់​ពេក។ អ្នក​ជំនាញ​វិជ្ជសាស្ត្រ លើក​ឡើង​ថា ភាព​មិន​ប្រក្រតី​របស់​កុមារ​ទាក់​ទង​ទៅ​នឹង​បញ្ហា​សុខភាព​របស់​ពួក​គេ អាច​បណ្តាល​មក​ពី​កត្តា​ផ្សេងៗ​ជា​ច្រើន​ទៀត។

ទោះ​យ៉ាង​ណា លោក​ម៉ម ប៊ុនហេង អះអាង​ថា អាច​មាន​កូន​ចៅ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​គគីរ និង​ទីតាំង​ជា​ច្រើន ជួប​ភាព​មិន​ប្រក្រតី​ដោយ​សារ​តែ​ឥទ្ធិពល​គ្រាប់​បែក​គីមី​នេះ ហើយ​ក្រុម​ការងារ​របស់​លោក​នឹង​បន្ត​ស្រាវជ្រាវ​និង​ពិនិត្យ​សុខភាព​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​ដែល​ប៉ះ​ពាល់​ដោយ​គ្រាប់​បែក​គីមី​ដែល​បន្សល់​ទុក​ពី​សង្គ្រាម។

សូម​បញ្ជាក់​ថា​ការ​ស្វែង​ជន​រង​គ្រោះ​ដោយ​សារ​ឥទ្ធិពល​គ្រាប់​បែក​គីមី​អាមេរិកាំង អស់​រយៈ​ពេល​ជាង​៤០​ឆ្នាំ​មក​ហើយ​នេះ បាន​ធ្វើ​ឡើង​ខណៈ​ដែល​ភាព​តាន​តឹង​ខាង​នយោបាយ​រវាង​កម្ពុជា​និង​អាមេរិក​បាន​កើត​មាន​ឡើង​នា​ដំណាក់​កាល​ចុង​ក្រោយ​នេះ ជុំវិញ​ការ​មិន​ផ្តល់​ទិដ្ឋាការ ដោយ​ស្ថានទូត​អាមេរិក​ដល់​មន្ត្រី​ការ​បរទេស​កម្ពុជា និង​ការ​ផ្អាក​កិច្ច​សហប្រតិបត្តិការ​របស់​កម្ពុជា​ក្នុង​ការ​រុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន​ជា​ដើម៕