rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រសួង​មហា​ផ្ទៃ​ប្រជុំ​ក្រើន​រំលឹក​ដល់​មន្រ្តី​ក្រោម​ឱវាទ ឲ្យ​ប្រុង​ប្រយ័ត្ន ចំពោះ​ចលនា​ផ្តួល​រំលំ​រដ្ឋាភិបាល

media
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ @rfi/ siv channa

ក្រសួង​មហា​ផ្ទៃ នៅ​ថ្ងៃ​ទី ១៣ តុលា​នេះ បាន​បើក​កិច្ច​ប្រជុំ ស្តី​ពី ​វិធានការ​រក្សា​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ដើម្បី​ទប់​ស្កាត់​ចលនា​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​នៅ​កម្ពុជា។ នេះ​គឺ​ជា​កិច្ច​ប្រជុំ​លើក​ទី​១ ដែល​មាន​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ បន្ទាប់​ពី​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា ដែល​បាន​ចោទ​ប្រកាន់​ថា​ បាន​ឃុប​ឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។


នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ ដែល​បាន​ហៅ​ការ​តវ៉ា​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នា​ពេល​កន្លង​មក​ថា ជា​ការ​ប៉ុន​ប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​មិន​បាន​សម្រេច​នោះ បាន​ក្រើន​រំលឹក​ទៅ​ដល់​អគ្គស្នងការ និង​អភិបាល​ខេត្ត​មក​ពី​ទូទាំង​ប្រទេស ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ចលនា​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

នៅ​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​ដែល​ធ្វើ​ឡើង​នៅ​ឯ​ក្រសួង​មហា​ផ្ទៃ​នេះ លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង ក៏​បាន​ណែនាំ​ឲ្យ​មន្រ្តី​នៅ​ក្រោម​ឱវាទ​របស់​ខ្លួន​ទាំង​អស់ ពន្យល់​ប្រាប់​ទៅ​ដល់​ប្រជាពលរដ្ឋ អំពី​វិធានការ​ដែល​អាជ្ញាធរ​បាន​ធ្វើ​នា​ពេល​កន្លង​មក ពិសេស​ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា។ បើ​តាម​លោក ស ខេង ដែល​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក កឹម សុខា ថា គឺ​ជា​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​លោក កឹម សុខា ហើយ​អាជ្ញាធរ​មិន​មាន​បំណង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ។
គួរ​ជំរាប​ជូន​ថា នេះ​គឺ​ជា​កិច្ច​ប្រជុំ​លើក​ទី​មួយ​ហើយ ដែល​មាន​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ដោយ​មាន​អ្នក​ចូល​រួម​ពី​អ្នក​ពាក់​ព័ន្ធ​ជាង​៣០០​នាក់ ដែល​ភាគ​ច្រើន​គឺ​ជា​ស្នង​ការ​នគរបាល​រាជធានី-ខេត្ត អភិបាល​ខេត្ត​នៅ​ទូទាំង​ប្រទេស រួម​ទាំង​មន្ត្រី​អគ្គនាយកដ្ឋាន​ជំនាញ​ជា​ច្រើន​ទៀត បន្ទាប់​ពី​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា មក។

បើ​តាម​លោក ខៀវ សុភ័គ កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​ក្រោម​ការ​ដឹក​នាំ​ផ្ទាល់​ពី​លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង ​គឺ​ដើម្បី​ក្រើន​រំលឹក​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ចលនា​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដែល​លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង បាន​អះ​អាង​ថា គណបក្ស​ប្រឆាំង​នៅ​តែ​ចិញ្ចឹម​ចិត្ត​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ការ​បំផុស​បំផុល និង​ការ​បំភ្លៃ​ជា​ដើម។ ប៉ុន្តែ​សម្រាប់​គណបក្ស​ប្រឆាំង និង​សហគមន៍​អន្តរជាតិ វិធានការ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​មក​លើ​លោក កឹម សុខា និង​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ពេល​នេះ គឺ​ជា​ការ​បំបាត់​សម្លេង​គណបក្ស​ប្រឆាំង​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​តែ​ប៉ុណ្ណោះ៕