ក្រសួងមហាផ្ទៃគ្រោងបង្កើតគណៈកម្មាធិការប្រឆាំងការធ្វើទារុណកម្មនៅកន្លែងឃុំខ្លួន
ក្រសួងមហាផ្ទៃនឹងបង្កើតគណៈកម្មាធិការថ្នាក់ជាតិមួយ ដើម្បីត្រួតពិនិត្យការធ្វើទារុណកម្មនៅកន្លែងឃុំខ្លួនក្នុងប្រទេសកម្ពុជា។ គម្រោងនេះត្រូវបានស្វាគមន៍ដោយអង្គការសិទ្ធិមនុស្សក្នុងស្រុក ខណៈដែលគេរកឃើញថា នៅកន្លែងឃុំខ្លួនខ្លះ មានការធ្វើទារុណកម្មលើអ្នកជាប់ឃុំពិតមែន។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤៨
គណៈកម្មាធិការថ្មីត្រួតពិនិត្យការធ្វើទារុណកម្មនេះ នឹងដឹកនាំដោយ លោក នុត សាអាន ដែលទើបត្រូវបានបញ្ចប់មុខតំណែងពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
លោក នុត សាអាន បានឲ្យដឹងថា គណៈកម្មាធិការនេះ មានភារកិច្ចត្រួតពិនិត្យនៅកន្លែងឃុំខ្លួនមនុស្សទាំងអស់ទូទាំងប្រទេស ពោលមិនមែនតែនៅពន្ធនាគារប៉ុណ្ណោះទេ។ គណៈកម្មាធិការថ្មីនេះ អាចទៅត្រួតពិនិត្យ ថាតើនៅកន្លែងឃុំខ្លួនទាំងនោះ មានការធ្វើទារុណកម្មលើអ្នកជាប់ឃុំឃាំងដែរឬយ៉ាងណា។ បើតាម លោក នុត សាអាន ដដែល គណៈកម្មាធិការនេះ នឹងចុះត្រួតពិនិត្យនៅកន្លែងឃុំឃាំងទាំងអស់ ដោយមិនចាំទាល់តែមានពាក្យបណ្តឹងថា មានការធ្វើទារុណកម្មទើបចុះត្រួតពិនិត្យនោះទេ។
សូមបញ្ជាក់ថា ការបង្កើតគណៈកម្មាធិការជាតិត្រួតពិនិត្យការធ្វើទារុណកម្មនេះ ធ្វើឡើងជាង១០ឆ្នាំ ក្រោយពីកម្ពុជាបានផ្តល់សច្ចាប័នលើពិធីសារបន្ថែមទាក់ទងអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម នៅឆ្នាំ២០០៧។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានស្វាគមន៍ការបង្កើតគណៈកម្មាធិការថ្មីនេះ ប៉ុន្តែលោកមិនទាន់អាចវាយតម្លៃស៊ីជម្រៅនៅឡើយ ដោយរង់ចាំមើលប្រសិទ្ធភាពការងារនៃស្ថាប័នជាតិមួយនេះសិន ថាធ្វើការមានប្រសិទ្ធភាពកម្រិតណា។
បើតាមលោក អំ សំអាត នៅតាមកន្លែងឃុំខ្លួនមនុស្សមួយចំនួន ពិតជាមានការធ្វើទារុណកម្មទៅលើអ្នកជាប់ឃុំមែន ជាពិសេសនៅកន្លែងនគរបាលយុត្តិធម៌តែម្តង។ ការធ្វើទារុណកម្មនោះ គឺដោយសារតែសមត្ថកិច្ចចង់បានចម្លើយសារភាពរបស់ជនសង្ស័យ។ នេះបើមន្រ្តីសិទ្ធិមនុស្សដដែល។
យោងតាមរបាយការណ៍របស់ពន្ធនាគារ កម្ពុជាមានអ្នកជាប់ឃុំជាង២៨០០០នាក់នៅក្នុងឆ្នាំ២០១៧។ ចំនួននេះកើនឡើងជិត៣០ភាគរយ បើធៀបនឹងឆ្នាំ២០១៦កន្លងទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ