អានតួអត្ថបទ
កម្ពុជា-សហភាអឺរ៉ុប

កម្ពុជា​បញ្ជូន​បេសកកម្ម​ពិសេស​ទៅ​អឺរ៉ុប ដើម្បី​ទប់​ស្កាត់​វិធានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

ក្រសួង​ការ​បរទេស​កម្ពុជា បាន​បញ្ជូន​បេសកកម្ម​ពិសេស​មួយ​ទៅ​កាន់​សហភាព​អឺរ៉ុប ដើម្បី​បញ្ចុះ​បញ្ចូល​និង ទប់​ស្កាត់ វិធានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​លើក​លែង​គ្រឿង​សញ្វវុធ» ពី​ប្រទេស​កម្ពុជា (EBA) ។ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ បាន​អនុញ្ញាត​ឱ្យ​កម្ពុជា នាំ​ចូល​ដោយ​រួច​ពន្ធ​ទៅ​សហភាព​អឺរ៉ុប ក្នុង​ឋានៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ បេសកកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មការ​អឺរ៉ុប កាល​ពី​ពេល​ថ្មីៗ​នេះ បាន​កំណត់​យុទ្ធសាស្រ្ត​មួយ​ចំនួន ដើម្បី​សង្គ្រោះ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ឡើង​វិញ។

លោក សុខ ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា
លោក សុខ ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម

បេសកកម្ម​ពិសេស​មួយ ដឹកនាំ​ដោយ​លោក សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជ​រដ្ឋាភិបាល បាន​ទៅ​ដល់ សហភាព​អឺរ៉ុប កាល​ពី​សប្តាហ៍​មុន​ ដើម្បី​បញ្ចុះ​បញ្ចូល​និង​ទប់​ស្កាត់​វិធានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​លើក​លែង​គ្រឿង​សព្វាវុធ» ពី​កម្ពុជា​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការ​បរទេស នៅ​ថ្ងៃទី ២៧ មិថុនា ឆ្នាំ២០១៨។ បេសកកម្ម​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៨ នឹង​បំភ្លឺ​ជូន​មន្រ្តី​ជាន់​ខ្ពស់​សំខាន់ៗ​របស់​គណៈកម្មការ​អឺរ៉ុប ប្រធាន​គណៈកម្មាធិការ​កិច្ច​ការ​បរទេស​របស់​សភា​អឺរ៉ុប និង​ឥស្សរជន​សំខាន់ៗ​ផ្សេង​ទៀត។

តាម​រយៈ​បេសកកម្ម​នេះ ក្រសួង​ការ​បរទេស​កម្ពុជា​ចង់​បង្ហាញ​ពី​សុឆន្ទៈ ចង់​មាន​ការ​សន្ទនា​ត្រង់​ទៅ​ត្រង់​មក ពី​ព្រោះ​កម្ពុជា​ចាត់​ទុក​សហភាព​អឺរ៉ុប ជា​ដៃ​គូ​ដ៏​សំខាន់​ដែល​មាន​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​រឹង​មាំ​ជាមួយ​កម្ពុជា។

បេសកកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់ សហភាព​អឺរ៉ុប កំពុង​ពិចារណា​ឡើង​វិញ ចំពោះ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា ក្រោយ​ពី​រដ្ឋសភា​និង​គណៈកម្មការ​អឺរ៉ុប បាន​កំណត់​យុទ្ធសាស្រ្ត​មួយ​ចំនួន ដើម្បី​សង្គ្រោះ​គណបក្ស​ប្រឆាំង​ឡើង​វិញ តាម​រយៈ​បេសកកម្ម​ស្វែង​រក​ការ​ពិត​មួយ​នៅ​កម្ពុជា ក្នុង​ខែ​មិថុនា​ ហើយ​ចំណាត់​ការ​បន្ទាប់​នឹង​សម្រេច​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ។

បើ​តាម​គម្រោង​គណៈប្រតិភូ​សហភាព​អឺរ៉ុប (EU) នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ក្នុង​អំឡុង​ខែ​មិថុនា​នេះ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ ពី​កិច្ច​ព្រម​ព្រៀង ស្តី​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​លើក​លែង​តែ​អាវុធ (EBA) ។ ជា​កិច្ច​ព្រម​ព្រៀង​​ ដែល​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា ក្នុង​ការ​នាំ​ចេញ​ផលិត​ផល​ពី​កម្ពុជា​ទៅ​អឺរ៉ុប​ដោយ​មិន​យក​ពន្ធ។ ក៏​ប៉ុន្តែ រហូត​ដល់​ទល់​ពេល​នេះ នៅ​មិន​ទាន់​ឃើញ មាន​គណៈប្រតិភូ​សហភាព​អឺរ៉ុប (EU) ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ឡើយ​ទេ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម កាល​ពី​ឆ្នាំ​២០១៧ បាន​ផ្តល់​យោបល់​ដល់​លោក​នាយក​រដ្ឋមន្រ្តី ឲ្យ​បញ្ជូន​គណៈប្រតិភូ​កម្ពុជា ទៅ​បញ្ចុះ​បញ្ចូល សហភាព​អឺរ៉ុប ម្តង​រួច​មក​ហើយ កុំ​ឱ្យ​លុប​ចោល​ការ​នាំ​ចេញ​រួច​ពន្ធ​ដែល​ផ្តល់​ដល់​កម្ពុជា។ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម សង្កត់​ធ្ងន់​ថា ការ​លុប​ចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ ខាត​បង់​ជាង ៦​រយ លាន​ដុល្លារ។

ជាមួយ​គ្នា​នេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា ភាព​រីក​ចម្រើន​នៃ​វិស័យ​ការងារ​នៅ​កម្ពុជា គឺ​ជា​រឿង​មួយ​ដែល​មិន​អាច​ប្រកែក​បាន ពិសេស​លើ​លក្ខខណ្ឌ​ការងារ និង​ការ​គោរព​សិទ្ធ​ការងារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ