អានតួអត្ថបទ
កម្ពុជា-ច្បាប់

ក្រសួង​ការ​បរទេស​អាមេរិក​សម្តែង​ការ​បារម្ភ​ខ្លាំង​ចំពោះ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​របស់​រដ្ឋសភា​ខ្មែរ

ក្រសួង​ការ​បរទេស​អាមេរិក​តាម​រយៈ​អ្នក​នាំ​ពាក្យ​នៅ​ថ្ងៃ​ទី​១៦ តុលា​ម្សិល​មិញ បាន​ចេញ​មុខ​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត។ ការ​ព្រួយ​បារម្ភ​នេះ បាន​កើត​ឡើង​ភ្លាមៗ បន្ទាប់​ពី​រដ្ឋសភា​ខ្មែរ​ដែល​មាន​តែ​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច បាន​នាំ​គ្នា​លើក​ដៃ​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​នេះ​កាល​ពី​ព្រឹក​ម្សិល​មិញ។

រដ្ឋសភា​អនុម័ត​ទាំង​ស្រុង​លើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត
រដ្ឋសភា​អនុម័ត​ទាំង​ស្រុង​លើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​របស់​ខ្លួន លោក​ស្រី Heather Nauert អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក បាន​លើក​ឡើង​ដូច្នេះ​ថា ក្រសួង​ការ​បរទេស​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​មែន​ទែន​ចំពោះ​ការ​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​របស់​រដ្ឋសភា​ខ្មែរ។ រដ្ឋសភា​ខ្មែរ បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ចំនួន​៤ គឺ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ព្រឹទ្ធសភា វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ និង​ វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ចំពោះ​វិសោធនកម្ម​ច្បាប់​ទាំង​នេះ លោក​ស្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក បាន​សង្កត់​ធ្ងន់​ថា​ ប្រសិន​បើ​ច្បាប់​ទាំង​នេះ​ចូល​ជា​ធរមាន​ហើយ​ភ្ជាប់​ជាមួយ​នឹង​បណ្តឹង​សុំ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​របស់​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​ថែម​ទៀត គឺ​វា​នឹង​ប្រសិទ្ធភាព​ក្នុង​ការ​ដក​ហូត​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៧​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក​សុខ ឥសាន បាន​អះអាង​ថា ការ​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​ក្រសួង​ការ​បរទេស​អាមេរិក​នេះ មិន​អាច​ផ្លាស់​ប្តូរ​គោល​ជំហរ​នៃ​ដំណើរ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​របស់​កម្ពុជា​បាន​នោះ​ទេ។ បើ​តាម​លោក​សុខ ឥសាន ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ទាំង​នេះ គឺ​ជា​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជា​វិធានការ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ដោយ​សេរី និង​យុត្តិធម៌​ផង​ដែរ។

សម្រាប់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​វិញ ការ​ប្រកួត​ប្រជែង​ដោយ​ពិត​ប្រាកដ​គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ និង ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ក្នុង​ឆាំ្ន​២០១៨។ តាម​លោក​ស្រី Heather Nauert អតីត​កាល​ជា​ភស្តុតាង​បង្ហាញ​ឲ្យ​ឃើញ​ហើយ​ថា ការ​បង្រ្កាប​ទៅ​លើ​សកម្មភាព​នយោបាយ​ស្រប​ច្បាប់ គឺ​នាំ​ទៅ​រក​អស្ថិរភាព​នយោបាយ​កាន់​តែ​មាន​រយៈ​ពេល​យូរ​ថែម​ទៀត។ ដូច្នេះ​ហើយ​លោក​ស្រី បាន​ជំរុញ​ឲ្យ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ទៅ​លើ​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដែល​កើត​ចេញ​ពី​ទង្វើ​របស់​ពួក​គេ​ក្នុង​ពេល​ថ្មីៗ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ លោក​ស្រី​អ្នក​នាំ​ពាក្យ​ក៏​បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​មាន​ការ​ដោះ​លែង​លោក​កឹម សុខា ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។

ក៏​ប៉ុន្តែ​លោក​សុខ ឥសាន បាន​គូស​បញ្ជាក់​ថា ការ​អំពាវនាវ​ឲ្យ​ដោះ​លែង​លោក​កឹម សុខា​នេះ គឺ​ជា​ការ​ចង់​យក​វប្បធម៌​និទណ្ឌភាព​មក​ជំនួស​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ និយាយ​ដល់​នីតិរដ្ឋ​នេះ លោកអេង ឆៃអ៊ាង ដែល​ជា​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ពី​ក្រៅ​ប្រទេស​ឯណោះ​វិញ បាន​លើក​ឡើង​ថា កម្ពុជា​បច្ចុប្បន្ន មិន​មែន​នីតិរដ្ឋ​ទេ គឺ​នីតិ​មាត់​លោក​ហ៊ុន សែន។ លោក​ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ