rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បោះឆ្នោត សង្គម អប់រំ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថា ដំណើរ​ការ​បោះ​ឆ្នោត មិន​ប៉ះ​ពាល់​ដល់​ដំណើរ​ប្រឡង​បាក់​ឌុប​ឡើយ

media
រូបភាព​ចាស់៖ សិស្ស​តម្រង់​ជួរ​ចូល​ប្រឡង​បាក់ឌុប RFI/Siv Channa

ក្រសួង​អប់រំ​យុវជន​និង​កីឡា នឹង​រៀប​ចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​នៅ​ថ្ងៃ​ទី​២០​សីហា​ខាង​មុខ។ ជា​ការ​កត់​សម្គាល់​ដំណើរ​ការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​នេះ​រៀប​ចំ​ឡើង​ក្រោយ​ពេល​ដែល​កម្ពុជា​ត្រូវ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ នា​ថ្ងៃ​ទី​២៩​កក្កដា។ ព្រឹត្តការណ៍​ទាំង​ពីរ​នេះ នាំ​ឲ្យ​មាន​ក្ដី​ព្រួយ​បារម្ភ​ថា ដំណើរ​ការ​បោះ​ឆ្នោត​អាច​ប៉ះ​ពាល់​ដល់​អព្យាក្រឹត្យភាព​នៃ​ដំណើរ​ការ​ប្រឡង។ តែ​រដ្ឋមន្រ្ដី​ក្រសួង​អប់រំ​បាន​ច្រាន​ចោល​ក្ដី​ព្រួយ​បារម្ភ​នេះ។


លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​គូស​បញ្ជាក់​ថា ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ថ្ងៃ​ទី​២៩​ខែ​កក្កដា​ខាង​មុខ នឹង​មិន​ប៉ះ​ពាល់​ដល់​ភាព​អព្យាក្រឹត្យ​នៃ​ដំណើរ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​ឡើយ។​ មិន​ប៉ះ​ពាល់​ដោយ​សារ​ក្រសួង​រក្សា​ទម្លាប់​ដើម ក្នុង​ការ​រៀប​ចំ​ដំណើរ​ការ​ប្រឡង តាម​រយៈ​ការ​បើក​បង្រៀន​វគ្គ​បំប៉ន​ដល់​សិស្សានុសិស្ស​ដើម្បី​ត្រៀម​ប្រឡង។

បន្ថែម​ពី​លើ​ការ​លើក​ឡើង​របស់​លោក ហង់ ជួនណារ៉ុន ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៅ​ថ្ងៃ​ទី​២៨​មិថុនា​នេះ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​ក្រើន​រំឮក​ថា ដើម្បី​ឲ្យ​ដំណើរ​ការ​ប្រឡង​ប្រកប​ដោយ​ភាព​យុត្តិធម៌ តម្លាភាព និង​លទ្ធផល​យក​បាន​បេក្ខជន​ដែល​ត្រៀម​ប្រឡង​មិន​ត្រូវ​លាក់​ទុក​នូវ​ឧបករណ៍​អេឡិចត្រូនិច​គ្រប់​ប្រភេទ​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ឡើយ។ ក្នុង​ករណី​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ការ​អំពាវនាវ​នេះ​បេក្ខជន នឹង​ត្រូវ​កំណត់​ឲ្យ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ។

ចំណែក មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់​ទង​ការ​អប់រំ​លើក​ឡើង​ស្រដៀង​គ្នា​ថា បើ​ក្រសួង​អប់​រំ​អនុវត្ត​ទៅ​តាម​វិធានការណ៍​រឹត​បន្តឹង ដូច​រៀង​រាល់​ឆ្នាំ​នោះ ដំណើរ​ការ​បោះ​ឆ្នោត នឹង​មិន​ប៉ះ​ពាល់​ដល់​អព្យាក្រឹត្យ​ភាព​នៃ​ដំណើរ​ប្រឡង​ឡើយ។ មិន​ប៉ះ​ពាល់​ក៏​ដោយ​សារ​តែ​ពេល​វេលា​នៃ​ព្រឹត្តការណ៍​ទាំង​ពីរ​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​វេលា​ខុស​គ្នា​ដល់​ទៅ​មួយ​ខែ។ នេះ​បើ​តាម​លោក សន ជ័យ ប្រធាន​អង្គការ​សម្ពន្ធ័​គណនេយ្យភាព​សង្គម។

សូម​បញ្ជាក់​ថា ដំណើរ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​២០១៨​នេះ​រៀប​ចំ​ធ្វើ​នៅ​​មណ្ឌល​ប្រឡង​ចំនួន​១៩៥​មណ្ឌល​ ដោយ​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​១១៧ ០៦១​នាក់។ ចំនួន​បេក្ខជន​ប្រឡង​នេះ កើន​ឡើង​ជាង​ឆ្នាំ​មុន​ប្រមាណ​១​សែន​នាក់៕