អានតួអត្ថបទ
កម្ពុជា

ក្រសួង​បរិស្ថាន អំពាវនាវ​ឲ្យ​មន្រ្តី​ឧទ្យានុរក្ស​បង្កើន​ការ​ថែ​រក្សា​សុខភាព ក្រោយ​មន្រ្តី​ពីរ​រូប​ស្លាប់ ដោយ​សារ​ជម្ងឺ​ឆ្លង

ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​នេះ បាន​ណែ​នាំ​មន្រ្តី​ឧទ្យានុរក្ស​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​ទាំង​អស់ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​កុំ​បរិភោគ​សាច់​សត្វ​ដែល​ចម្អិន​មិន​បាន​ឆ្អិន​ល្អ និង​ប្រុង​ប្រយ័ត្ន​ពី​ការ​យាយី​ពី​សត្វ​ចម្លង​ជម្ងឺ​នានា។ សេចក្តី​ណែ​នាំ​របស់​ក្រសួង​បរិស្ថាន​នា​ពេល​នេះ ធ្វើ​ឡើង ក្រោយ​មាន​ករណី​ផ្ទុះ​ឡើង​ជម្ងឺ​ហើម​សាច់​ដុំ និង​ជម្ងឺ​គ្រុន​ចាញ់ ដែល​បាន​បណ្តាល​ឲ្យ​មន្រ្តី​ពីរ​នាក់ បាត់​បង់​ជីវិត។

មន្រ្តី​ឧទ្យាន​នុរក្ស ដែល​បាន​​ចូ​ល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧។
មន្រ្តី​ឧទ្យាន​នុរក្ស ដែល​បាន​​ចូ​ល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ @FB/ក្រសួងបរិស្ថាន
ផ្សាយពាណិជ្ជកម្ម

បើ​តាម​សេចក្តី​ណែ​នាំ​របស់​ក្រសួង​បរិស្ថាន ចុះ​ថ្ងៃ​ទី​២២ កញ្ញា ករណី​ផ្ទុះ​ឡើង​នូវ​ជម្ងឺ​ហើម​សាច់​ដុំ (ហើម​ដៃ ជើង​និង​បំពង់​ក) បណ្តាល​ឲ្យ​មន្រ្តី​ឧទ្យានុរក្ស​ចំនួន​១៣ នាក់ ប្រចាំ​ការ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ «ព្រៃ​ឡង់» ដែល​ស្ថិត​នៅ​ភូមិសាស្រ្ត​ខេត្ត​កំពង់ធំ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ។ ក្នុង​នោះ​មាន​មន្រ្តី​ឧទ្យានុរក្ស​ម្នាក់​បាន​ទទួល​មរណៈភាព កាល​ពី​ថ្ងៃ​ទី ២១ កញ្ញា។ ក្រសួង​​បរិស្ថាន អះអាង​ថា ជម្ងឺ​ហើម​សាច់​ដុំ​នេះ ក៏​បាន​និង​កំពុង​យាយី​ដល់​អាយុ​ជីវិត​របស់​ប្រជា​ជន​​​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ផង​ដែរ។

តាម​រយៈ​ការ​សង្កេត និង​ការ​សន្និដ្ឋាន​បឋម​របស់​គ្រូពេទ្យ​ជំនាញ ជម្ងឺ​ហើម​សាច់​ដុំ​នេះ​ បង្ក​ឡើង​ដោយ​ប្រភេទ​ប៉ារ៉ាស៊ីត​ម្យ៉ាង ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​តាម​រយៈ​ការ​បរិភាគ​សាច់​សត្វ ដែល​មិន​ចម្អិន​ល្អ រួម​ទាំង​ការ​ប្រើ​ប្រាស់​ទឹក​តាម​ដង​អូរ​ក្នុង​ព្រៃ ហើយ​ប៉ារ៉ាស៊ីត​ដ៏​កាច​សាហាវ​នេះ កំពុង​មាន​វត្តមាន​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់។

ព្រម​ជាមួយ​គ្នា​នេះ ក្រសួង​បរិស្ថាន​ក៏​បាន​ក្រើន​រំឮក​ឲ្យ​មន្រ្តី​ក្រោម​ឱវាទ​ក្រសួង​ទាំង​អស់ ជា​ពិសេស​មន្រ្តី​ឧទ្យានុរក្ស ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផ្ទុះ​ឡើង​នូវ​ករណី​ជម្ងឺ​គ្រុន​ចាញ់​ផង​ដែរ បន្ទាប់​ពី​មន្រ្តី​ឧទ្យានុរក្ស​នៅ​ខេត្ត​ស្ទឹង​ត្រែង។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ក្រសួង​បរិស្ថាន អំពាវនាវ​ឲ្យ​គ្រប់​ប្រធាន​មន្ទីរ​បរិស្ថាន ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់​ក្នុង​ការ​ជួយ​ដល់​ការ​ការពារ និង​ការ​ថែរក្សា​សុខភាព និង​សុវត្ថិភាព​មន្រ្តី​រាជការ​ក្រោម​ឱវាទ​របស់​ខ្លួន រួម​ទាំង​វិធានការ​ការពារ​គ្រោះ​ថ្នាក់​ចរាចរ។ ចំពោះ​មន្រ្តី​ឧទ្យានុរក្ស ដែល​កំពុង​ប្រចាំ​ការ​បំពេញ​ភារកិច្ច​នៅ​តំបន់​ការពារ​ធម្មជាតិ ក្រសួង​បរិស្ថាន​បាន​អំពាវនាវ​ឲ្យ​ពួក​គាត់ កុំ​បរិភោគ​សាច់​សត្វ​ដែល​ចម្អិន​មិន​បាន​ឆ្អិន​ល្អ ត្រូវ​បរិភោគ ទឹក​ដាំ​ពុះ​ដែល​ធានា​ថា​នឹង​មាន​សុវត្ថិភាព និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ពី​ការ​យាយី​ពី​សត្វ​ចម្លង​ជម្ងឺ​នានា ជា​ពិសេស​មូស​ដែក​គោល ដែល​បង្ក​ឲ្យ​កើត​មាន​ជម្ងឺ​គ្រុន​ចាញ់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ