rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សាសនា សង្គម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រសួង​ធម្មការ​ថា បុគ្គល​តាំង​ខ្លួន​ជា​ព្រះ​អរហន្ត​មិន​មែន​ជា ធាន វុទ្ធី នោះ​ទេ

media
លោក ​សេង ​សុមុនី ​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ​និង​កិច្ចការ​សាសនា។​

​ក្រសួង​ធម្មការ និង​សាសនា អះអាង​ថា បុគ្គល​ដែល​ចេញ​មុខ​តាំង​ខ្លួន​ជា​ព្រះ​អរហន្ត​នៅ​ពេល​នេះ គឺ​មិន​មែន​ជា​បុគ្គល ធាន វុទ្ធី ដូច​ការ​ចុះ​ផ្សាយ​របស់​ព័ត៌មាន​មួយ​ចំនួន​នោះ​ទេ។ ការ​អះអាង​ថា​របស់​ក្រសួង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី មន្រ្តី​ធម្មការ​និង​សាសនា រួម​ទាំង​អាជ្ញាធរ​ពាក់​ព័ន្ធ​ក្នុង​កណ្តាល​ បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​ដែល​បុគ្គលម្នាក់​តាំង​ខ្លួន​ជា​ព្រះ​អរហន្ត​ នៅវត្ត​ទួល​រាជា ស្ថិត​នៅ​ភូមិ​កំពង់​គរ ឃុំ​ពោធិបាន ស្រុក​កោះធំ កាល​ពី​រសៀល​ម្សិល​មិញ។


លោក សេង សុមុនី អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​RFI នៅ​ថ្ងៃ​សុក្រ​នេះ​ថា មាន​តួ​អង្គ​ពីរ​ដែល​តាំង​ខ្លួន​ព្រះ​អរហន្ត។ លោក​ថា​តួ​អង្គ​ដែល​ទទួល​ក្រាល​គ្រង​កឋិនទាន​គឺ​មិន​មែន​ជា ធាន វុទ្ធី​ទេ ចំណែក​អ្នក​តែង​ខ្លួន​ជា​តួ​អង្គ​ព្រះ​មហាក្សត្រ​ក៏​មិន​មែន​ជា ធាន វុទ្ធី ដែរ តែ​ពួក​គេ​ស្ថិត​ក្នុង​ទី​កន្លែង​ជាមួយ​គ្នា។

ដោយ​ឆ្លង​កាត់​តាម​ការ​ពិនិត្យ​ផ្ទាល់​របស់​មន្រ្តី​ពាក់​ព័ន្ធ​កាល​ពី​ម្សិល​មិញ លោក សេង សុមុនី អះអាង​ថា របាយការណ៍​បឋម​គ្រាន់​តែ​ដឹង​ថា បុគ្គល​ទាំង​ពីរ​ដែល​តាំង​ខ្លួន​ជា​ព្រះ​អរហន្ត​នោះ​បាន​ចេញ​មក​ជួប​អាជ្ញាធរ​ដែរ ហើយ​អះអាង​ថា ពួក​គេ​មិន​មែន​ជា ធាន វុទ្ធី នោះ​ទេ។ ប៉ុន្តែ​លោក​ថា បុគ្គល ធាន វុទ្ធី​ដែល​ធ្លាប់​តាំង​ខ្លួន​ឯង​ថា​ជា​ព្រះ​សិរិអារ្យមេត្រី​នោះ ក៏​រស់​នៅ​ក្នុង​ទី​កន្លែង​ជាមួយ​គ្នា​នេះ​ដែរ។​

ចំពោះ​ចំណាត់​យ៉ាង​ណា​លើ​ករណី​បុគ្គល​តាំង​ខ្លួន​ជា​ព្រះ​អរហន្ត​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ​ថា ភាគី​ពាក់​ព័ន្ធ​កំពុង​តែ​ប្រជុំ​គ្នា​នៅ​ឡើយ មិន​ទាន់​ដឹង​ថា​នឹង​មាន​វិធានការ​បែប​ណា​ទេ។

សូម​រំលឹក​ថា កាល​ពី​ឆ្នាំ​២០១៤ លោក ធាន វុទ្ធី ដែល​តាំង​ខ្លួន​ជា​ព្រះសិរិអាមេត្រី​នោះ បាន​ ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ​ខេត្ត​កណ្តាល​និង​ទទួល​បាន​លិខិត​ព្រមាន​ពី​ក្រសួង​ធម្មការ​ឲ្យ​បញ្ឈប់​ធ្វើ​សកម្មភាព​នេះ​បន្ត​ទៀត ​ហើយ​ក៏​បាត់​មុខ​មួយ​រយៈ។

បើ​តាម​ក្រសួង​ធម្មការ លោក ធាន វុទ្ធី បន្ត​រស់​នៅ​ក្នុង​វត្ត​ទួល​រាជា ស្ថិត​នៅ​ភូមិ​កំពង់គរ ឃុំ​ពោធិបាន ស្រុក​កោះ​ធំ ខេត្ត​កណ្តាល ដោយ​មាន​អ្នក​ដើរ​តាម​ស្លៀក​ស ពាក់​ស​ ក្មេង​ចាស់ ប្រុស​ស្រី ជា​ច្រើន​នាក់។

ទាក់​ទង​ករណី​នេះ ព្រះ​គ្រូ​ពុទ្ធង្គល់ វ៉ង់ សុភស្ត សាស្ត្រាចារ្យ នៃ​ពុទ្ធិក​សាកល​វិទ្យាល័យ ព្រះ​សីហនុរាជ មាន​ថេរៈដីកា​ថា តាម​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា គឺ​មិន​មាន​ព្រះ​អរហន្ត​ទៀត​ទេ​នៅ​សម័យ​កាល​នេះ។ ​ព្រះ​អង្គ​បន្ត​ថា តួ​អង្គ​ព្រះ​អរហន្ត រស់​បាន​តែ​៧​យប់​៧​ថ្ងៃ​នឹង​អស់​អាយុ​សង្ខា​ហើយ។ ព្រះ​អង្គ​ចាត់​ទុក​ថា​អ្នក​ដែល​តាំង​ខ្លួន​ជា​ព្រះ​អរហន្ត​នៅ​ពេល​នេះ​គឺ​ជា​ការ​បោក​ប្រាស់៕