អានតួអត្ថបទ
កម្ពុជា-ពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ស្នើ​សុំ​លោក​នាយក​រដ្ឋមន្ត្រី ពិចារណា​រឿង​បញ្ចុះ​បញ្ចូល​សមាជិក​សហភាព​អឺរ៉ុប

លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​លើក​ឡើង​តាម​រយៈ​លិខិត កាល​ពី​ថ្ងៃ​ទី​៤​ខែ​ធ្នូ​ថា ដើម្បី​ទប់​ស្កាត់​ការ​សម្រេច​ព្យួរ​សម្បទាន​ពន្ធ​គយ​លើ​គ្រប់​មុខ​ទំនិញ ដោយ​សភា​អឺរ៉ុប​ជា​យថាហេតុ កម្ពុជា​គួរ​បញ្ចុះ​បញ្ចូល (lobby) បណ្តា​ប្រទេស​ជា​មិត្ត ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប តាម​រយៈ​ការ​ទូត និង​ពាណិជ្ជកម្ម។ ការ​ស្នើ​បែប​នេះ ធ្វើ​ឡើង​មុន​ពេល​កម្ពុជា​ទទួល​ការ​ព្រមាន​ព្យួរ​ពន្ធ​នៃ​ការ​នាំ​ចូល​ទំនិញ​ទៅ​សហភាព​អឺរ៉ុប ជុំវិញ​ស្ថានការ​នយោបាយ​ចុង​ក្រោយ​របស់​កម្ពុជា។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម @fb/MoC
ផ្សាយពាណិជ្ជកម្ម

ក្នុង​លិខិត​ដដែល លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​បន្ត​ថា ការ​បញ្ចុះ​បញ្ចូល បណ្តា​ប្រទេស​ជា​មិត្ត ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប តាម​រយៈ​បណ្តាញ​ការ​ទូត និង​ពាណិជ្ជកម្ម ព្រោះ​សហភាព​អឺរ៉ុប​ច្រើន​មាន​ភាព​ទន់​ភ្លន់ និង​យោគ​យល់​ដល់​ស្ថានការណ៍​របស់​កម្ពុជា។

ការ​ថ្លែង​របស់​លោក ប៉ាន សូរស័ក្តិ ធ្វើ​ឡើង​ក្នុង​លិខិត​សង្ខេប​របាយការណ៍​ស្តី​ពី​ការ​នាំ​ចេញ​ទៅ​សហភាពអឺរ៉ុប និង​សហរដ្ឋ​អាមេរិក ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ដែល​បាន​ជម្រាប​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាល​ពី​ដើម​ខែ​ធ្នូ កន្លង​ទៅ​នេះ។ នេះ​បើ​តាម​លោក ស៊ាង ថៃ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ។

ក្នុង​លិខិត​២​ទំព័រ​នោះ លោក ប៉ាន សូរស័ក្តិ​បាន​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រសិន​បើ​ជា​សហរដ្ឋ​អាមេរិក តម្រូវ​ឲ្យ​កម្ពុជា​បង់​ពន្ធ​នាំ​ចូល​នោះ ប្រាប់​ពន្ធ​ដែល​ត្រូវ​បង់​មាន​បរិមាណ​តិច​តួច ​គឺ​១០​លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ ព្រោះ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទី​ផ្សារ​អាមេរិក​បាន​បង់​ពន្ធ​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហើយ។ លោក​បន្ត​ថា ប្រសិន​បើ​សហភាព​អឺរ៉ុប​តម្រូវ​ឲ្យ​កម្ពុជា​បង់​ពន្ធ​នាំ​ចូល​នោះ ប្រាប់​ពន្ធ​ដែល​ត្រូវ​បង់​គិត​ជា​មធ្យម មាន​រហូត​ដល់ ៦៧៦​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ ដែល​ផលិតកម្ម​ទំនិញ​នាំ​ចេញ​ទាំង​នេះ​ប្រើ​ប្រាស់​កម្មករ​ប្រមាណ​៤០​ម៉ឺន​នាក់។

លោក ស៊ាង ថៃ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ប្រសិន​បើ​មាន​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​លើ​គ្រប់​មុខ​ទំនិញ​(EBA)​ដោយ​សហភាព​អឺរ៉ុប នោះ​កម្ពុជា​នឹង​ខាត​លុយ​ប្រមាណ​ជាង​៦០០​លាន​ដុល្លារ​អាមេរិក ដូច្នេះ​កម្ពុជា​គួរ​តែ​ទៅ​ពន្យល់​ប្រទេស​ទាំង​នោះ​ពី​ស្ថានភាព​របស់​ប្រទេស​កម្ពុជា និង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

លោក​ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ និង​អ្នក​វិភាគ​សេដ្ឋកិច្ច​កម្ពុជា ធ្លាប់​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ថា ប្រសិន​បើ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​កើត​ឡើង​មែន នោះ​មុខ​ទំនិញ​របស់​កម្ពុជា​មួយ​ចំនូន​អាច​នឹង​បាត់​បង់​ទីផ្សារ​នៅ​ក្នុង​តំបន់​អឺរ៉ុប ដោយ​សារ​តែ​គេ​នឹង​ងាក​ទៅ​ទិញ​ទំនិញ​ពី​ប្រទេស​ផ្សេង​ដែល​មិន​មាន​ការ​បង់​ពន្ធ​ជំនួស​វិញ។ តែ​លោក ច័ន្ទ សុផល បញ្ជាក់​ថា នេះ​គឺ​គ្រាន់​តែ​ជា​សំណូមពរ​របស់​សភា​អឺរ៉ុប​ប៉ុណ្ណោះ មិន​មែន​ជា​ចំណាត់​ការ​របស់​ប្រទេស​ជា​សមាជិក​ឡើយ។

សូម​ជម្រាប​ជូន​ថា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ សភា​អឺរ៉ុប​បាន​លើក​ឡើង​ថា សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន គឺ​ជា​តម្រូវ​ការ​ចាំ​បាច់​សម្រាប់​កម្ពុជា​ក្នុង​ការ​បន្ត​ទទួល​បាន​ផល​ប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប។ សម្រាប់​សភា​អឺរ៉ុប ប្រសិន​បើ​កម្ពុជា​ធ្វើ​សកម្មភាព​បំពាន​នឹង​កាតព្វកិច្ច​របស់​ខ្លួន នោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នឹង​ត្រូវ​ព្យួរ​ជា​បណ្តោះ​អាសន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ