សហគមន៍ជនជាតិដើមភាគតិចកួយ ស្នើឲ្យក្រសួងពន្លឿនការដោះស្រាយវិវាទដីធ្លី និង ចុះបញ្ជីដីសហគមន៍
តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ បានធ្វើសន្និសីទកាសែតមួយនៅព្រឹកថ្ងៃទី ០៨ សីហានេះ ដើម្បីស្នើឲ្យ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា និងភាគីពាក់ព័ន្ធ ពន្លឿនការដោះស្រាយវិវាទដីធ្លីសហគមន៍ជនជាតិដើមភាគតិចកួយនៅឃុំប្រមេរ ជាមួយនឹងក្រុមហ៊ុនឡានហ្វេង និងរូយហ្វេង និងជំរុញឲ្យមានការចុះបញ្ជីដីសមូហភាពតាមតម្រូវការរបស់សហគមន៍ផងដែរ។ សន្និសីទនេះ បានធ្វើឡើងក្រោយពីតំណាងសហគមន៍ជនជាតិភាគតិចមកពីខេត្តព្រះវិហារនេះ បានឡើងមកដាក់ញត្តិដល់ភាគីពាក់ព័ន្ធតាំងពីថ្ងៃទី ០៤ សីហាមក។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០២
ការស្នើសុំនេះ គឺបន្ទាប់ពីជម្លោះដីធ្លីរវាងសហគមន៍ជនជាតិដើមភាគតិចកួយ មកពីឃុំប្រមេរ ខេត្តព្រះវិហារនេះ បានអូសបន្លាយអស់រយៈពេល៧ឆ្នាំមកហើយ។ ពោលគឺចាប់តាំងពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១២ ឆ្នាំដែលក្រុមហ៊ុនចិនចំនួនពីរ គឺក្រុមហ៊ុនឡានហ្វេង និងរូយហ្វេង បានចុះទៅឈួសឆាយដីព្រៃ និងសហគមន៍ជនជាតិដើមភាគតិចកួយ នៅភូមិចំនួន៣ គឺភូមិប្រមេរ ភូមិស្រែព្រាង និងភូមិបុះធំ ស្ថិតក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដើម្បីដាំអំពៅផលិតជាស្ករស។
តំណាងសហគមន៍ម្នាក់ក្នុងចំណោម១៧នាក់ គឺអ្នកស្រី ទេព ទឹម បានលើកឡើងថា ការឈួសឆាយដីព្រៃនិងដីសហគមន៍របស់ក្រុមហ៊ុនចិនទាំងពីរខាងលើ បានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ និងប្រកបរបររកស៊ីរបស់សហគមន៍ជនជាតិដើមភាគតិចកួយ ដូចជា ចំការវិលជុំ ព្រៃកប់ខ្មោច និងប៉ះពាល់ដល់ការទាញយកអនុផលព្រៃឈើរបស់ពួកគេជាដើម។ មិនតែប៉ុណ្ណោះ ការអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិនទាំងពីរខាងលើ ក៏បង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដោយសារថ្នាំគីមី ដែលចេញមកពីក្រុមហ៊ុនទាំងពីរផងដែរ។ យ៉ាងណាក៏ដោយ នៅក្នុងសន្និសីទកាសែតនេះ តំណាងសហគមន៍ជនជាតិដើមភាគតិចមកពីខេត្តព្រះវិហារនេះ ក៏បានជំរុញឲ្យក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ពន្លឿនការចុះបញ្ជីដីសមូហភាពសហគមន៍ផងដែរ។
គួរជំរាបជូនថា សន្និសីទកាសែតនេះ បានធ្វើឡើងនៅឯភោជនីយដ្ឋានទន្លេបាសាក់១ ក្នុងក្រុងភ្នំពេញ បន្ទាប់ពីពួកគេបានឡើងមកដាក់ញត្តិទៅកាន់ស្ថាប័នជាច្រើន ឲ្យជួយអន្តរាគមន៍តាំងពីថ្ងៃទី ០៤ សីហា មក។ ក្នុងនោះរួមមាន លិខិតសុំអន្តរាគមន៍ពីលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា រួមទាំងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាផងដែរ។ សូមបញ្ជាក់ដែរថា នេះក៏មិនមែនជាលើកទី០១ទេ ដែលសហគមន៍ជនជាតិដើមភាគតិចកួយមកពីឃុំប្រមេរ ក្នុងខេត្តព្រះវិហារនេះ បានឡើងមកទីក្រុងភ្នំពេញ ដើម្បីសុំរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ