អានតួអត្ថបទ
កម្ពុជា-កសិកម្ម

​ក្រសួង​ធនធាន​ទឹក​ប្រាប់​ឲ្យ​ប្រជា​ពលរ​ដ្ឋ​ត្រៀម​លក្ខណៈ​សម្រាប់​រដូវ​វស្សា​ឆ្នាំ​ថ្មី

នៅ​ដើម​រដូវ​វស្សា​ឆ្នាំ​នេះ នឹង​មាន​របាយ​ទឹក​ភ្លៀង​ល្អ ប៉ុន្តែ​នៅ​ពាក់​កណ្តាល​រដូវ​អាច​នឹង​មាន​កូន​រដូវ​ប្រាំង​មួយ​។ នេះ​បើ​តាម​ក្រសួង​ធន​ធាន​ទឹក​។ ដោយ​ហេតុ​នេះ ការ​ផលិត​ស្រូវ​ស្រាល គឺ​មិន​សូវ​ប្រឈម​នឹង​បញ្ហា​គ្រោះ​រាំង​ស្ងួត​ទេ​។ ទន្ទឹម​គ្នា​នេះ​ ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ បាតុ​ភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​នឹង​កើត​មាន​ឡើង​ច្រើន​នៅ​ដើម​រដូវ​វស្សា​នេះ​។​

កសិករនៅច្រើនតំបន់នៅតែទន្ទឹងរងចំាទឹកភ្លៀង
កសិករនៅច្រើនតំបន់នៅតែទន្ទឹងរងចំាទឹកភ្លៀង សហការី
ផ្សាយពាណិជ្ជកម្ម

លោក​ចាន់ យុត្ថា​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​បាន​ឲ្យ​ដឹង​ថា នៅ​ដើម​រដូវ​វស្សា​នេះ មាន​របាយ​ទឹក​ភ្លៀង​ល្អ ប្រសើរ ហើយ​នៅ​ពាក់​កណ្តាល​រដូវ​អាច​មាន​ភាព​រអាក់​រអួល​ខ្លះ​ ជា​ពិសេស​ក្នុង​សប្តាហ៍​ទី៣ និង​សប្តាហ៍​ទី៤ នៃ​ខែ​កក្កដា ប៉ុន្តែ​ភាព​រអាក់​រអួល​នោះ​មិន​គ្រប់​ដណ្តប់​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស​ទេ ពោល​គឺ​កើត​ឡើង​តែ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ខេត្ត​កំពត តាកែវ ស្វាយរៀង មួយ​ផ្នែក​នៃ​ខេត្ត​កណ្តាល និង​តំបន់​ផ្នែក​ខាង​ក្រោយ​នៃជួរ​ភ្នំ​ក្រវាញ​។ លោក​បន្ថែម​ថា​នៅ​ចុង​រដូវ​វស្សា​របាយ​ទឹក​ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយ​ប៉ាយ​បាន​ល្អ​ឡើង​វិញ​។

 
អ្នក​នាំ​ពាក្យ​រូប​នេះ បាន​លើក​ឡើង​ថា បើ​ប្រជា​ពល​រដ្ឋ​ធ្វើ​ស្រូវ​ស្រាល គឺ​មិន​សូវ​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​ទេ ​ប៉ុន្តែ​បើ​ប្រជា​កសិករ​ធ្វើ​ពូជ​ស្រូវ​ធ្ងន់ នោះ​អាច​នឹង​ជួប​គ្រោះ​រាំង​ស្ងួត ដែល​ទាមទារ​ឲ្យ​មាន​ការ​អន្តរា​គម​បន្ថែម​។ ចំពោះ​បញ្ហា​ទឹក​ជំនន់​វិញ​ អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដែរ ប្រសិន​បើ​មាន​ភ្លៀង​ធ្លាក់​គំហុក​ខ្លាំង ជា​ពិសេស​នៅ​ក្នុង​តំបន់​ទំនាប​កណ្តាល​។

បើ​តាម​សេច​ក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធន​ធាន​ទឹក​ រដូវ​វស្សា​ក្នុង​ប្រទេស​កម្ពុជា​បាន​ចូល​មក​ដល់​ចាប់​តាំង​ពីថ្ងៃទី​០៦ ខែ​ឧសភា ហើយ​ភ្លៀង​ក៏​ចាប់​ផ្តើម​ធ្លាក់​រាយ​ប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន ក្នុង​ក្រប​ខ័ណ្ឌ​ស្ទើរ​ទូទាំង​ប្រទេស​។ ក្រសួង​ធនធាន​ទឹក​ក៏​បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ​ចំពោះ​បាតុ​ភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​នឹង​បន្ត​កើត​មាន​ញឹក​ញាប់​នៅ​ដើម​រដូវ​វស្សា​នេះ​​។

លោក កែវ វី អ្នក​នាំ​ពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​វិញ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិនៅ​ថ្ងៃ​ទី០៧ ខែ​ឧសភា ថា​ នៅ​ក្នុង​រយៈ​ពេល​៤ខែ​ដើម​ឆ្នាំ​២០១៧​នេះ មាន​ខ្យល់​ព្យុះ​បាន​កើត​ឡើង​ប្រមាណ​៧៩​លើក ក្នុង​រាជ​ធានី​ខេត្ត​ចំនួន​១៨ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ និង​រង​របួស​១៨​នាក់។ ចំណែក​ឯ​ករណីរន្ទះ​វិញ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២១​នាក់ របួស​២៦​នាក់ ងាប់​គោ​ក្របី​៣០​ក្បាល។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​មហន្តរាយ​បាន​បន្ថែម​ថា​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះវិញ​ មាន​ករណី​ខ្យល់​ព្យុះ​កើត​ឡើង​ប្រមាណ​១៣​លើក និង​មាន​មនុស្ស​របួស​១០នាក់​។ ចំណែក​ឯ​ករណី​រន្ទះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦នាក់ របួស​៧នាក់ និង​ងាប់​គោ​ក្របី​១៧​ក្បាល​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ