អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ក្រសួង​ដែនដី​គ្រោង​នឹង​បញ្ចប់​ការ​ចុះ​បញ្ជី​ដីធ្លី​៧លាន​ក្បាល​ដី​ឲ្យ​ចប់​សព្វ​គ្រប់​នៅ​ឆ្នាំ​២០២១​

នៅ​ថ្ងៃ​ចន្ទ​ទី២៤ ធ្នូនេះ​ ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ បាន​រៀប​ចំ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ២០១៨ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។ តាម​ក្រសួង​ដែនដី ពេញ​មួយ​ឆ្នាំ​២០១៨​នេះ ក្រសួង​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជាង​១៧​ម៉ឺន​ប័ណ្ណ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​ចុះ​បញ្ជី​ដីធ្លី​ចំនួន​៧លាន​ក្បាល​ដី​ឲ្យ​ចប់​សព្វ​គ្រប់​តែ​ម្តង​នៅ​ក្នុង​ឆ្នាំ​២០២១​ខាង​មុខ​។ 

រូបភាព​៖កិច្ចប្រជុំមួយដែលរៀបចំឡើងនៅក្រសួងដែនដី (រូបភាពឯកសារ)
រូបភាព​៖កិច្ចប្រជុំមួយដែលរៀបចំឡើងនៅក្រសួងដែនដី (រូបភាពឯកសារ) @FB Chea Sophara
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយ​កម្ម និង​សំណង់​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ​២០១៨​នេះ ក្រសួង​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ចំនួន​១៧​ម៉ឺន​៨ពាន់​៨រយ១២ ប័ណ្ណ ក្នុង​នោះ​ចែក​ប័ណ្ណ​ដល់​ដៃ​ប្រជាពលរដ្ឋ​ចំនួន​ជាង​១៧ ម៉ឺន (១៧១,៣៨៣)ប័ណ្ណ​។ របាយការណ៍​ដដែល បាន​បង្ហាញ​ដឹង​ទៀត​ថា គិត​ពី​ពេល​ចាប់​ផ្តើម​អនុវត្ត​រហូត​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្រសួង​ដែនដី​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​បាន​ចំនួន​ជាង​៥លាន​(៥,០៧៣,៨២៥)​ប័ណ្ណ ស្មើ​នឹង​៧២,៤៧ ភាគរយ​នៃ​ក្បាល​ដីប៉ាន់​ស្មាន​សរុប​៧លាន​ក្បាល​ដី ពោល​គឺ​លើស​ផែន​ការ​២,៤៨​ភាគរយ​។

ជាមួយ​លទ្ធផល​សម្រេច​បាន​បែប​នេះ ក្រសួង​ដែន​ដី នឹង​បន្ត​ជំរុញ​គាំទ្រ​ដល់​រាជធានី-ខេត្ត​ទាំង​២៥ ដើម្បី​ធ្វើ​ការ​ចុះ​បញ្ជី​ដីធ្លី​ដំបូង​សម្រេច​ឲ្យ​បាន​៨០​ម៉ឺន​ក្បាល​ដី​នៅ​ក្នុង​ឆ្នាំ​២០១៩ និង​ឈាន​ទៅ​បញ្ចប់​ការ​ចុះ​បញ្ជី​ដីធ្លី​ចំនួន​៧លាន​ក្បាល​ដី​នៅ​ក្នុង​ឆ្នាំ​២០២១​ខាង​មុខ​។

ដោយ​ឡែក​ចំពោះ​វិវាទ​ដីធ្លី​វិញ ក្រសួង​ដែន​ដី​បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន​៥១៣​បណ្តឹង ហើយ​បាន​ដោះ​ស្រាយ​បញ្ចប់​ចំនួន​២៦៣​ករណី ច្រាន​ចោល​ចំនួន​១៤០ ករណី និង​សុំ​ដក​ពាក្យ​បណ្តឹង​ទៅ​វិញ​ចំនួន​៣៨ករណី ។ បើ​តាម​ក្រសួង​ដែនដី គិត​ចាប់​ពី​ពេល​ចាប់​ផ្តើម​អនុវត្ត​រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្រសួង​ដែន​ដីទទួល​បាន​ពាក្យ​បណ្តឹង​៨ពាន់​៣រយ ២២​ករណី ដោះ​ស្រាយ​បញ្ចប់​ចំនួន​៣ពាន់​៩រយ៣៨​ករណី ដែល​មាន​ជាង​២ម៉ឺន​គ្រួសារ​ស្មើ​នឹង​ផ្ទៃ​ដី​ចំនួន​ជាង ៦៣​ម៉ឺន​ហិក​តា ច្រាន​ចោល​ពាក្យ​បណ្តឹង​បន្ទាប់​ពី​ស៊ើប​អង្កេត​ឃើញ​ថា ខុស​សមត្ថកិច្ច​ចំនួន​ជាង​២ពាន់​ករណី សុំ​ដក​បណ្តឹង​វិញ​ជាង​៨រយ​ករណី និង​កំពុង​ដោះ​ស្រាយ​ចំនួន​ជាង​៨រយ​ករណី​។

ជាមួយ​នឹង​លទ្ធផល​នេះ ក្រសួង​ដែន​ដី ក៏​បាន​ប្រកាស​ពី​ការ​ពង្រឹង​កិច្ច​ការងារ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ខាង​មុខ​នេះ ដោយ​នឹង​បន្ត​ជំរុញ និង​តាម​ដាន​ករណី​វិវាទ​ដី​ធ្លី​ដែល​ប្រជាពល​រដ្ឋ​ដាក់​ពាក្យ​បណ្តឹង​មក​កាន់​ក្រសួង និង​ដោះស្រាយ​វិវាទ​នោះ​។ បន្ថែម​លើ​នេះ ក្រសួង​ដែន​ដី​ក៏​បាន​អះអាង​ថា នឹង​បន្ត​ផ្សព្វ​ផ្សាយ និង​បណ្តុះ​បណ្តាល​អំពី​នីតិ​វិធី​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ដល់​មន្រ្តី​ថ្នាក់​ក្រោម​របស់​ខ្លួន​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ