rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រសួង​ការងារ​ប្រើ​រូប​មន្ត​ចាស់​កំណត់​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៨

media
រូបភាព​ចាស់៖ ក្រសួង​​ការងារ​​ប្រើ​​រូប​មន្ត​​ចាស់​​កំណត់​​ប្រាក់​​ឈ្នួល​​ឆ្នាំ​​២០១៨ RFI/Siv Channa

ក្រសួង​ការងារ​នៅ​ថ្ងៃ​ទី​១៩ មិថុនា​នេះ កំណត់​យក​ខែ​កក្កដា​ឆ្នាំ​២០១៧ ជា​ការ​ចាប់​ផ្ដើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ជា​លក្ខណៈ​ផ្ទៃ​ក្នុង​ជាមួយ​ភាគី​ពាក់​ព័ន្ធ។ បន្ថែម​ពី​លើ​នេះ​ ក្រសួង​បាន​សម្រេច​រក្សា​រូបមន្ត​ចាស់​កំណត់​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ​២០១៨។


រូបមន្ត​ចាស់​ដែល​ក្រសួង​ការងារ​នឹង​ប្រើ​សម្រាប់​កំណត់​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៨​ឡើង​វិញ​នោះ​គឺ គ្រប់​ភាគី​ទាំង​អស់​ត្រូវ​ប្រើ​លក្ខណ​វិនិច្ឆ័យ​បែប​សង្គម។ ក្នុង​ន័យ​នេះ​គឺ​ត្រូវ​ពិនិត្យ​ទៅ​លើ​ស្ថានភាព​គ្រួសារ និង​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​របស់​កម្មករ​ កម្មការិនី។ ក្រៅ​ពី​វិនិច្ឆយ​ផ្នែក​សង្គម​ហើយ ត្រូវ​វិនិច្ឆយ​ទៅ​លើ​ផ្នែក​សេដ្ឋកិច្ច​ទៀត​ផង។ ផ្នែក​សេដ្ឋកិច្ច​នេះ​ផ្ដោត​សំខាន់​ផលិតភាព ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស និង​ស្ថានភាព​ទី​ផ្សារ។ នេះ​បើ​ផ្អែក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​នៅ​ថ្ងៃ​ទី​១៩​មិថុនា។

បើ​តាម​ក្រសួង​ថ្ងៃ​ទី​១​មករា​ឆ្នាំ​២០១៨​គឺ​ជា​កាល​បរិច្ឆេទ​ចូល​ជា​ធរមាន​ប្រាក់​ឈ្នួល​អប្បបរមា។ តែ​មុន​ទៅ​ដល់​ថ្ងៃ​ប្រកាស​ជា​ផ្លូវ​ការ​នេះ ភាគី​ពាក់​ព័ន្ធ​ត្រូវ​បាន​ឆ្លង​កាត់​ការ​ជជែក​រួម​គ្នា​ជា​បួន​ដំណាក់​កាល​សិន។ ក្នុង​នោះ​ខែ​កក្កដា​ឆ្នាំ​២០១៧ ជា​ការ​ចាប់​ផ្ដើម​ពិភាក្សា​ប្រាក់​ឈ្នួល​ជា​លក្ខណៈ​ផ្ទៃ​ក្នុង​ជាមួយ​ភាគី​ពាក់​ព័ន្ធ។ ខែ​កញ្ញា ពិភាក្សា​ជា​លក្ខណៈ​ត្រី​ភាគី។ ដើម​ខែ​តុលា​បើក​កិច្ច​ប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង។
 
ដោយ​ឡែក នៅ​ថ្ងៃ​ទី​១៩​មិថុនា​នេះ​វិញ ក្រសួង​ការងារ និង​អង្គការ​អន្តរជាតិ​ខាង​ការងារ(ILO) បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី គោល​នយោបាយ​ប្រាក់​ឈ្នួល ដើម្បី​ពង្រឹង​ប្រព័ន្ធ​ប្រាក់​ឈ្នួល​នៅ​កម្ពុជា ឱ្យ​កាន់​តែ​ប្រសើរ ដោយ​មាន​ការ​ចូល​រួម ពី​ភាគី​ពាក់​ព័ន្ធ​ជាតិ និង​អន្តរជាតិ នៅ​ក្នុង​ប្រទេស​កម្ពុជា។