rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សុខភាព ជំងឺឆ្លង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រសួង​សុខាភិបាល​គ្រោង​ប្រើ​យុទ្ធ​វិធី​ក្នុង​ការ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ដោយ​ខ្លួន​ឯង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ

media
ការ​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេសដ៍​ដោយ​ខ្លួន​ឯង @google

ក្រសួង​សុខាភិបាល​គ្រោង​នឹង​ធ្វើ​យុទ្ធនាការ​ក្នុង​ការ​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេសដ៍​ដោយ​ខ្លួន​ឯង ដើម្បី​បង្កើន​ការ​រុក​រក​អ្នក​ផ្ទុក​មេរោគ​អេសដ៍​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ពិសេស​អ្នក​ដែល​ផ្ទុក​មេរោគ​អេសដ៍​ប្រមាណ​ជាង​១ម៉ឺន​នាក់​ដែល​មិន​ទាន់​ដឹង​ពី​ស្ថានភាព​នៅ​ឡើយ។​យុទ្ធវិធី​នេះ​កំពុង​រៀប​ចំ​ពិភាក្សា​ជាមួយ​ដៃ​គូ​ជំនាញ​ផ្សេងៗ​ដែល​ប្រតិបត្តិ ការងារ​លើ​ផ្នែក​ជំងឺ​អេសដ៍។


អត្ថបទដោយ៖ ជក់ សុភា

លោក មាន ឈីវុន ទីប្រឹក្សា​អម​ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា នេះ​ថា ការ​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេសដ៍​ដោយ​ខ្លួន​ឯង​នេះ បាន​ផ្តល់​ភាព​ងាយ​ស្រួយ​ដល់​ប្រជា​ពលរដ្ឋ មាន​ភាព​លឿន រហ័ស ចំណេញ​ទាំង​ថវិកា​និង​ពេលវេលា រូម​ទាំង​ទទួល​បាន​ការ​ព្យាបាល​ភ្លាមៗ។ លោក​បន្ត​ថា ការ​ដាក់​ចេញ​នូវ​យុទ្ធវិធី​នេះ ក្នុង​គោល​បំណង ដើម្បីបង្កើន​ការស្វែង​រក អ្នក​ផ្ទុក​មេរោគ​អេដស៍​ជាង​១ម៉ឺន​នាក់​ទៀត ដែល​បច្ចុប្បន្ន​នេះ នៅ​មិន​ទាន់​បាន​ដឹង​ពី​ស្ថានភាព​ឆ្លង​ជំងឺ​នេះ នៅ​ឡើយ។ ​តាមរយៈ​យុទ្ធវិធី​នេះ នឹង​អាច​រក​ឃើញ​បាន​ច្រើន​ពោល​គឺ​រក ឱ្យ​បាន​៩០០០​នាក់ នៅ​ក្នុង​ឆ្នាំ​២០២៥​ខាង​មុខ​នេះ។

គួរ​រឭក​ថា មេរោគ​អេដស៍​បាន​ផ្ទុះ​រីករាល​ដាល​នៅ​កម្ពុជា​ខ្លាំង​ នៅ​ឆ្នាំ​១៩៩៨ ដែល​មាន​អត្រា​ឆ្លង​១០០​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​នោះ​ គឺ​មាន​អ្នក​ផ្ទុក​មេរោគអេដស៍​រហូត​ដល់ ១៦៩ ០០០​ នាក់។ ផ្ទុយ​ទៅ​វិញ ក្នុង​រយៈ​ពេល​ជិត​២០​ឆ្នាំ​មក​នេះ ចំនួន​អ្នក​ផ្ទុក​មេរោគ​បាន​ថយ​ចុះ​មក​នៅ​ត្រឹម ៥​៧ ០០០​នាក់ ដែល​អត្រា​អ្នក​ឆ្លង​មេរោគ​នេះ មាន​ត្រឹម​២​នាក់ ក្នុង​មួយ​ឆ្នាំ។

យ៉ាង​ណា​មិញ លោក មាន ឈីវុន លើក​ឡើង​ថា យុទ្ធវិធី​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ដោយ​ខ្លួន​ឯងនេះ នៅ​មិន​ទាន់ ដឹង​ថា ត្រូវ​អនុវត្តន៍​តាម របៀប​ណា​នោះ​ទេ ដោយ​រង់​ចាំ​ពិភាក្សា​ឱ្យ​បាន ល្អិត​ល្អន់​រវាង​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើរ​ស្បែក និង​កាម​រោគ ជាមួយ​អង្គការ​ដៃ​គូ​នានា ដែល​ធ្វើ​ការងារ​ផ្នែក​ជំងឺ​អេដស៍ ជា​មុន​សិន​ទើប​អាច​អនុវត្តន៍​បាន។

សូម​បញ្ជាក់​ថា តាម​រយៈ​ទិស​ដៅ ៩០-៩០-៩០ ដែល​ដាក់​ចេញ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នេះ មាន​ន័យ​ថា​ ទី១) ត្រូវ​ធានា​ថា ៩០% នៃ​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ត្រូវ​ដឹង​ពី​ស្ថាន​ភាព​នៃ​ការ​ឆ្លង​មេរោគនេះ​។ ទី២) ៩០% នៃ​អ្នក​ដែល​រក​ឃើញ​មាន​ឆ្លង​មេរោគ​អេដស៍​ ត្រូវ​តែ​ទទួល​បាន​ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍​។ និង​ទី៣ ៩០% នៃ​អ្នក​ដែល​កំពុង​ទទួល​បាន​ការ​ព្យាបាល​ដោយ​ឱសថប្រឆាំង​នឹង​មេរោគ​អេដស៍ ត្រូវ​មាន​បន្ទុក​មេរោ​គអេដស៍​ក្នុង​ឈាម​កម្រិត​ទាប​បំផុត ឬ ស្ទើរ​មិន​អាច​រក​ឃើញ​។