អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​ប្រមុខ​កាទូត​ខ្មែរ​ធានា​នៅ​ចំពោះ​មុខ​ប្រតិភូ​អឺរ៉ុប​ថា នឹង​ខិត​ខំ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​រក្សា​EBA​

រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃទី៦​មិថុនា​នេះ បាន​ទទួល​ជួប​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប ដែល​ជា​ថ្ងៃទី៣ នៃ​ដំណើ​ការ​ស្វែង​រក​ការពិត​របស់​ពួក​គេ ​ដើម្បីសង្គ្រោះ​ការ​ដកប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​E​BA ។ ​ នៅ​ក្នុង​ជំនួប​នោះ​ពេញ​មួយ​ព្រឹក​នេះ ប្រមុខ​ការ​ទូត​កម្ពុជា បាន​ធានា​នៅ​ចំពោះ​មុខ​ប្រតិភូ​អឺរ៉ុប​ថា នឹង​ខិត​ខំ​ធ្វើអ្វី​គ្រប់​យ៉ាង​ដើម្បី​រក្សា EBA ។ 

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ទទួលគណៈប្រតិភូសហភាពអឺរ៉ុប
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ទទួលគណៈប្រតិភូសហភាពអឺរ៉ុប @សហការី
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​ជា រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ធានា​នៅ​ចំពោះ​មុខ គណៈ​ប្រតិភូ​អឺរ៉ុប​ថា នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​E​BA បែប​នេះ​ក្ដី តែ​កិច្ច​ប្រឹង​ប្រែង​របស់​កម្ពុជា​ទាំង​មូល មិន​អាច​ដើរ​ឲ្យ​ហួស​ពី​បន្ទាត់​ក្រហម​បាន​ឡើយ​។ បន្ទាត់​ក្រហម​ដែល​កម្ពុជា​គូរ​ទុក​សម្រាប់​ដើរ ដែល​ជា​លក្ខខណ្ឌ​ចរចា​ជាមួយ​អឺរ៉ុប ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​E​BA គឺ​មិន​យក​អធិបតេយ្យ​ភាព​របស់​ខ្លួន​ទៅ​ប្ដូរ​ជាមួយ EBA ឡើយ​។ នេះ​ជា​ជំហរ​ចាស់​របស់​កម្ពុជា តែ​ត្រូវ​បាន​លើក​យក​មក​បញ្ជាក់​ជា​ថ្មី នៅ​ក្នុង​ជំនួប​រវាង លោក ប្រាក់ សុខុន និងលោក Jean-Christophe Belliard អគ្គ​លេខា​ធិការ​រង នៃ​មន្ទីរ​ការ​បរទេស​សហភាព​អឺរ៉ុប ដែល​លទ្ធផល​នៃ​ជំនួប​ត្រូវ​បាន​បញ្ជាក់​ដោយ កេត សោផាន់ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បទេស​កម្ពុជា​។

សម្រាប់​កម្ពុជា តាម​រយៈ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស EBA បាន​ផ្ដល់​ការងារ​ឲ្យ​កម្មករ​កម្មការិនី​ខ្មែរ​ប្រមាណ​៧០​ម៉ឺន​នាក់ ខណៈ​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ពី EBA មាន​ចំនួន​ប្រមាណ​ជា​ជិត​២លាន​នាក់​។ ដូច្នេះ​ហើយ​ទើប​កម្ពុជា​នៅ​តែ​បេ្ដជ្ញា​ស្វែងរក​ដំណោះ​ស្រាយ ដោយ​មាន​ការ​ឯកភាព​ពី​គណៈ​ប្រតិភូ​អឺរ៉ុប​ផង​នោះ រួម​គ្នា​ស្វែង​រក​ដំណោះ​ស្រាយ​រក្សា EBA ក្នុង​ស្មារតី​នៃ​ការ​គោរព​គ្នា។ សូម​ជម្រាប​ថា នេះគឺ​ជា​ដំណើរ​ទស្សនកិច្ច​ស្វែងរក​ការ​ពិត​លើក​ទីពីរ ​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា។

ដំណាល​គ្នា​នឹង​ដំណើរ​ស្វែង​រក​ការ​ពិត​ពី​គណៈ​ប្រតិភូ​របស់​សហភាព​អឺរ៉ុប ការិយា​ល័យឧបការី​តំណាង​ពាណិជ្ជកម្ម​អាមេរិក ក៏​បាន​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាល​ពី​ថ្ងៃទី៥​មិថុនា ដែល​ជំនួប​នោះ​ផ្ដោត​លើ​កម្មវិធី​អនុ​គ្រោះពន្ធ (GSP) របស់​សហរដ្ឋ​អាមេរិក​។ មែន​ទែន​ទៅ GSP ក៏​ត្រូវ​បាន​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​មួយ​ចំនួន​ប្រកាស​ចូល​រួម​ជាមួយ​អឺរ៉ុប​ដែរ ដើម្បី​ឈាន​ទៅ​កាន់​ផ្ដាច់​ប្រព័ន្ធ​នេះ​។

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម លោក ប៉ាន សូរស័ក្ដិ ទទួល​ស្គាល់​នៅ​ចំពោះ​មុខ​ភាគី​អាមេរិក​ថា GSP ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ផលិតផល​កម្ពុជា​ទៅ​អាមេរិក​កើន​ឡើង​ជា​លំដាប់​។ ជាក់​ស្ដែង​ក្នុង​ឆ្នាំ​២០១៨ ផលិត​ផល​កាបូប​ធ្វើ​ដំណើរ​បាន​នាំ​ទៅ​អាមេរិក ក្នុង​ទំហំ​ទឹក​ប្រាក់​ជិត​៥០០​លាន​ដុល្លារ​អាមេរិក​។ លើស​ពី​នេះ​ទៀត ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​គយ​នេះ ក៏​បាន​ទាក់​ទាញ​វិនិយោគិន​អាមេរិក​ដែរ​។ ជាក់​ស្ដែង​ក្រុម​ហ៊ុន​ផលិត​កាបូប​ប្រណិត​ម៉ាក Tumi​។

ចំណែក​ភាគី​អាមេរិក បាន​សង្កត់​ធ្ងន់​ថា កម្ពុជា​ជា​ប្រទេស​ទី៨ ដែល​ទទួល​បាន​ប្រយោជន៍​ដ៏​ធំ​ពី​កម្មវិធី GSP ក្នុង​វិស័យ​កាត់​ដេរ ស្បែក​ជើង និង​កាបូប​នៅ​កម្ពុជា​។ គួរ​ជម្រាប​ជូន​ថា ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អាមេរិក​សម្រាប់​កម្ពុជា​ មាន​សុពលភាព​ចាប់ពី​ថ្ងៃទី០១​មករា​ឆ្នាំ២០១៨ រហូតដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ