អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

​ក្រសួង​បរិស្ថាន​ស្នើ​ឲ្យ​ម្ចាស់​បុរី និង​ខុន​ដូ ពង្រឹង​និង​គោរព​បទ​ដ្ឋាន​បរិស្ថាន​ជា​ចំបង ក្នុង​ការ​សាង​សង់​

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ​បាន​កោះហៅ​ម្ចាស់​បុរី ​និង​ខុន​ដូ ​ទៅ​កាន់​ក្រសួង​បរិស្ថាន ​ដើម្បី​បើក​កិច្ច​ប្រជុំ​ពិភាក្សា​គ្នា​ជុំវិញ​ការ​សាងសង់​លំនៅ​ដ្ឋាន​នានា ​នៅ​ក្នុង​បុរី និង​ខុន​ដូ​ដោយ​គោរព​ទៅតាម​និយាម​បរិស្ថាន​។ ​កិច្ច​ពិគ្រោះ​យោបល់ ​រវាង​ចៅ​ក្រសួង​បរិស្ថាន ​និង​ក្រុម​ថៅកែ​សាងសង់​វិស័យ​អចលន​ទ្រព្យ​នេះ ​ធ្វើ​ឡើង​ខណៈ​ដែល​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​សំណង់ផ្ទះ​ល្វែង ​វីឡា ​និង​ខុន​ដូ ​មាន​ការ​រីក​ដុះដាល​យ៉ាង​សម្បើម​។ 

វិស័យសំណង់​នៅកម្ពុជា
វិស័យសំណង់​នៅកម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម

យ៉ាង​ហោច​ណាស់​មាន​តំណាង​ក្រុមហ៊ុន​វិនិយោគ ​និង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ចំនួន​៤០ ​ក្រុមហ៊ុន ​រួមទាំង​សហគមន៍ ​ទទួល​បាន​ការអញ្ជើញ​ដោយ​ក្រសួង​បរិស្ថាន ​ដើម្បី​ជជែក​គ្នា​ជុំវិញ​ការ​សាងសង់ ​បុរី​ និង​ខុន​ដូ ​ក្នុង​គោល​បំណង​ធ្វើការ​រួមគ្នា ​រៀប​ចំ​លំនៅ​ដ្ឋាន ​និង​លើក​កម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ ​ការ​រៀបចំ​ក្រុង ​និង​ធ្វើ​យ៉ាងណា​ប្រែក្លាយ​លំនៅ​ដ្ឋាន ​ក៏​ដូចជា​បុរី​ទាំងអស់​នោះ ​ប្រកប​ដោយ​ភាព​បៃតង ​មាន​សោភណភាព ​និង​បរិស្ថាន​ស្អាត​។

នៅ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​នេះ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​លោក ​សាយ សំ​អាល់ ​បាន​លើកឡើង​ពី​ការ​រៀបចំ​គោល​នយោបាយ​ទាក់ទង​នឹង​ការ​សាងសង់​លំនៅដ្ឋាន ​ដែល​ត្រូវ​អនុវត្ត​ទៅតាម​ស្ថានភាព​ជាក់ស្តែង ​ដោយ​គិតគូរ​បញ្ហា​បរិស្ថាន​ជា​ចំបង ​ក្នុង​នោះ​ស្នើ​ដល់ ​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់ ​មុន​នឹង​ធ្វើ​ការ​សាងសង់​ត្រូវ​គិត​ពី​បញ្ហា​លូ ​និង​ប្រព័ន្ធ​ចំរោះ​ទឹក ​ការ​ញែក ​និង​គ្រប់គ្រង​សំរាម ​ក៏ដូច​ជា​ការ​សាងសង់​យ៉ាងណា ​ដើម្បី​មាន​បរិស្ថាន ​និង​មាន​បរិយាកាស​ល្អ​។ គោលការណ៍​នេះ ​ក៏​នឹង​ត្រូវ​អនុវត្ត​នៅ​ក្នុង​ការ​វិនិយោគ ​និង​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​នៅ​ថ្នាក់​ខេត្ត​ផង​ដែរ​។ ​នេះ​បើតាម​លោក ​សាយ សំ​អាល់​។

ការ​សម្រុក​សាងសង់​បុរី​ផ្ទះ​ល្វែង ​វីឡា ​និង​ខុន​ដូ​នានា ​កន្លងមក​ត្រូវ​បាន​គេ​រិះគន់​ថា ​បុរី​ខ្លះ ​ដើម្បី​តែ​ការ​កេង​យក​ចំណេញ​ខ្លាំងពេក ​បាន​បំពាន​ទៅដល់​បញ្ហា​បរិស្ថាន ​ដូចជា​មិនមាន សួន​បៃតង ​ឬ​ក៏​មាន​តិចតួច ​ខ្វះ​ទីធ្លា​សាធារណៈ ​សំណង់​ប្រកប​ដោយ​ភាព​ចង្អៀត ​ប្រព័ន្ធ​លូ មិន​ត្រូវ​តាម​ស្តង់ដារ ​ឬ​ឆ្លើយតប​ទៅនឹង​ចំនួន​ផ្ទះ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ​និង​មិន​បាន​គិតគូរ​ពី​ប្រព័ន្ធ​ចំរោះ​ទឹក​អ្វី​ទាំងអស់​។

ក៏​ប៉ុន្តែ​និន្នាការ​បច្ចុប្បន្ន​នេះ ​លោក​ ហ៊ុន ចាន់​សាន ​ដែលជា​ស្ថាបត្យករ​មួយ​រូប ​តែង​ទទួល​ភារកិច្ច​គូស​ប្លង់​សំណង់​បុរី ​ផ្ទះល្វែង​ដែរ​នោះ ​បាន​ថ្លែង​ថា ​ការ​សាងសង់​នៅ​ពេលនេះ ​គឺ​មាន​ការគិតគូរ​ច្រើន ​ដល់​បញ្ហា​បរិស្ថាន ​និង​ផ្ទៃ​ធម្មជាតិ ​ដើម្បី​តម្រូវ​ទៅ​តាម​ការ​ចង់​បាន​រប​ស់​អតិថិជន​។​ ការ​ប្រែប្រួល​នេះ ​ខុស​ពី​អ្វី​ដែល​បាន​កើត​មាន ​កាល​ពី​មុន ​ដែល​ការ​គិតគូរ​ពី​បញ្ហា​បរិស្ថាន​នៅ​មាន​កំរិត​។

ទោះ​យ៉ាងណា ​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក ​នេត្រ ភក្ត្រា ​បាន​បញ្ជាក់​ថា ​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​ជាមួយ​នឹង​ក្រុមហ៊ុន​សាងសង់​ពេល​នេះ ​គឺ​ចង់​ឲ្យ​អ្នក​វិនិយោគ​កាន់​តែ​មានការ​ទទួល​ខុសត្រូវ​បន្ថែម​ទៀត ​ក្នុងការ​គ្រប់គ្រង​សំណល់​រឹង ​រាវ ឲ្យ​បាន​ល្អ ​និង​ត្រូវ​បង្កើត​នូវ​អាង​ចំរោះ​ទឹក​កខ្វក់​រួម​មួយ ​ក្នុង​បុរី​នីមួយ​ៗ ​ដើម្បី​ចំរោះ​ទឹក​មុន​នឹង​បង្ហូរ​ទៅ​ក្នុង​លូ​។

សូម​រំលឹក​ដែរ​ថា ​កាលពី​ពេល​ថ្មី​ៗ ​ក្រសួង​ដែនដី បាន​កំណត់​ថា​រាល់​គម្រោង​សាងសង់​ផ្សេង ​ៗ​ មុន​នឹង​មាន​ការ​អនុញ្ញាត ​ចាំបាច់​ត្រូវ​តែ​ឆ្លង​កាត់​ការ​ពិនិត្យ​របស់​ក្រសួង​បរិស្ថាន ​ជាមុនសិន ​ដើម្បី​ឲ្យ​មានការ​គោរព​តាម​បទដ្ឋាន​បរិស្ថាន​នានា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ