អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

ក្រសួង​ការពារ​ជាតិ​មិន​ឲ្យ​តម្លៃ​ Human Right Watch​ ជុំវិញ​ការ​ចោទ​ប្រកាន់​លើ​មេ​ទ័ព​និង​មេ​ប៉ូលីស​ជាន់​ខ្ពស់​១២​រូប

ក្រសួង​ការពារ​ជាតិ ​នៅ​ថ្ងៃ​ទី​២៨ ​មិថុនា​នេះ ​បាន​ធ្វើការ​ច្រាន​ចោល​នូវ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​(​Human Rights Watch​)​ ដែល​បាន​ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​កម្ពុជា​ចំនួន ១២រូប "​ដោយ​គ្មាន​មូលដ្ឋាន"​។ ​ប្រតិកម្ម​របស់​ក្រសួង​ការពារ​ជាតិ​នា​ពេលនេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​ចេញ​ផ្សាយ​នូវ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​កំរាស់​ជាង​២០០​ទំព័រ ​ ដែល​មាន​ចំណង​ជើង​ថា​«បុគ្គល​នាយ​ឧ​ត្ត​ម​សេនីយ៍​បាតដៃ​កខ្វក់​១២​រូប​របស់​កម្ពុជា​៖ ​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​យូរអង្វែង​នៃ​នាយ​ឧ​ត្ត​ម​សេនីយ៍​របស់​លោក ​ហ៊ុន សែន​»​។

អង្គការឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស Human Rights Watch
អង្គការឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស Human Rights Watch @google
ផ្សាយពាណិជ្ជកម្ម

ភ្លាម​ៗ​បន្ទាប់​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​Human Rights Watch ​ចេញ​ផ្សាយ​របាយការណ៍​រប​ស់​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​ការពារ​ជាតិ​បាន​ហៅ​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​នេះ​ថា ​ជាការ​រំលោភ​បំពាន​ម្តង​ហើយ​ម្តងទៀត ​មក​លើ​អធិបតេយ្យភាព ​ឯករាជ្យភាព ​និង​នីតិរដ្ឋ​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ដើម្បី​បំរើ​នយោបាយ​ទុច្ចរិត ​របស់​ជន​បរទេស​មួយ​ចំនួន​និង​ក្រុម​អ្នកនយោបាយ​ក្បត់​ជាតិ ​ដែល​បាន​ប៉ុនប៉ង ​បង្កើត​បដិវត្តន៍​ពណ៌ ​បំផ្លិច​បំផ្លាញ​ដល់​សន្តិភាព​និង​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​ក្នុង​របាយការណ៍​រប​ស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ដែរ ​បាន​លាត​ត្រដាង​ថា​កម្ពុជា ​កាន់តែ​ប្រែក្លាយ​ទៅ​ជា​របប​ផ្តាច់ការ ​និង​ការ​ដឹកនាំ​បែប​ឯក​បក្ស​ ដោយសារ​តែ​នាយ​ឧ​ត្ត​ម​សេនីយ៍​មាន​បាតដៃ​កខ្វក់​ទាំង​១២​រូប ​ក្នុង​ជួរ​កង​កម្លាំង​សន្តិសុខ​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ធ្វើជា​ខ្នង​បង្អែក​នៃ​របប​នយោបាយ​មួយ​ពោរពេញ​ទៅ​ដោយ​អំពើ​រំលោភបំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​និង​មាន​លក្ខណៈ​ផ្តាច់ការ​និយម​។

ក៏ប៉ុន្តែ​ក្រសួង​ការពារ​ជាតិ ​បាន​ប្រកាស​ច្រានចោល​ទាំង​ស្រុង ​មិន​ទទួល​ស្គាល់​ដាច់ខាត ចំពោះ​ការ​ចោទ​ប្រកាន់​នៃ​របាយការណ៍ ​ដែល​បង្កប់​ឧបាយកល​ពិសពុល​របស់​ក្រុម​ដែល​ហៅថា ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មួយ​នេះ​។ ​ជាមួយ​គ្នា​នេះ ​ក្រសួង​ការពារ​ជាតិ​ក៏​អំពាវនាវ​ដល់​អង្គការ​ Human Rights Watch ​បញ្ឈប់​ជា​បន្ទាន់​នូវ​របាយការណ៍​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ទៅលើ​មន្ត្រី​ជាន់ខ្ពស់​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​។

សូម​បញ្ជាក់​ថា ​នៅ​ក្នុង​របាយការណ៍​ដែល​ច្រានចោល​ដោយ​ក្រសួង​ការពារ​ជាតិ ​អង្គការ​ Human Right Watch ​បាន​ផ្តោត​ទៅ​លើ​នាយ​ឧ​ត្ត​ម​សេនីយ៍​យោធា​និង​ប៉ូលីស​ចំនួន​១២​រូប ​ក្នុងនោះ​មាន​លោក ​គន់ គីម ​លោក ​សៅ សុខា ​លោក ​ប៉ុល សារឿន ​លោក ​នេ​ត សាវឿន ​ជា​ដើម​ ដោយ​របាយការណ៍ ​មិន​បាន​ពាក់ព័ន្ធ​ទៅ​នឹង​កូន​ប្រុស​របស់​លោក​នាយ​ក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ដែល​មាន​តួនាទី​ជា​ឧ​ត្ត​ម​សេនីយ៍ ​ក្នុង​ជួរ​កងទ័ព​ជាតិ​នោះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ