អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​ក្រសួង​ការងារ​ហាម​ឃាត់​ជន​បរទេស​មិន​ឲ្យ​ប្រកប​មុខ​របរ​ចំនួន​១០ ដែល​បង្កើន​ចំណូល​ផ្ទាល់​ខ្លួន​

ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ នៅ​ថ្ងៃ​ទី២៨ ខែសីហា នេះ បាន​ប្រកាស​ហាម​ឃាត់​ជន​បរទេស ដែល​កំពុង​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ឲ្យ​ប្រកប​មុខ​របបរ និង​ធ្វើ​ការ​ងារ លើ​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ចំនួន​១០​។ ប៉ុន្តែ សមាគម​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ មើល​ឃើញ​ថា ការ​ហាម​ឃាត់​ជន​បរទេស​នូវ​មុខ​របរ​ចំនួន​១០​នោះ គឺ​នៅ​មិន​គ្រប់​គ្រាន់​នៅ​ឡើយ​។ 

ការលក់ដូររបស់ប្រជាពលរដ្ឋខ្មែរ
ការលក់ដូររបស់ប្រជាពលរដ្ឋខ្មែរ @Internet
ផ្សាយពាណិជ្ជកម្ម

ប្រភេទ​មុខ​របរ​ស្វ័យ​និយោជន៍​ទាំង​១០ ដែល​ក្រសួង​ការងារ​ហាម​ឃាត់​ទៅ​លើ​ជន​បរទេស​នោះ រួម​មាន ការ​ងារ​ជា​អ្នក​បើក​បរ​យាន្ត​ជំនិះ​គ្រប់​ប្រភេទ អ្នក​លក់​ដូរ​ដោយ​មធ្យោបាយ​ថ្មើរ​ជើង ឬ​តាម​រយៈ​យាន្ត​ជំនិះ​គ្រប់​ប្រភេទ​តាម​ទីសាធារណៈ អ្នក​កាត់​សក់ អ៊ុត​សក់​និង​ថែ​រក្សា​សម្ផស្ស អ្នក​ម៉ាស្សា​និង​ចាប់​សរសៃ អ្នក​ផ្ដល់​សេវាកម្មកាត់ដេរ និង​សម្អាត​ស្បែក​ជើង អ្នក​ប៉ះ​កង់ ជាង​ជួស​ជុល​យាន​យន្ត អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ អ្នក​ផលិត​ឧបករណ៍​ភ្លេង​ខ្មែរ បាត្រ​លោក ព្រះ​ពុទ្ធ​រូប ជាង​កាត់​ដេរ​សម្លៀក​បំពាក់ និង​ជាង​ទង ជាង​ច្នៃ​ត្បូង​ពេជ្រ​ជាដើម​។

សេចក្ដី​សម្រេច ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ បាន​ធ្វើ​ការ​ហាម​ឃាត់​ដល់​ជន​បរទេស​ទាំង​ឡាយ មិន​ឲ្យ​ធ្វើ​សកម្មភាព​ចំពោះ​ប្រភេទ​មុខ​របរ​ស្វ័យ​និយោជន៍​ចំនួន​១០ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ មុខ​របរ​ស្វ័យ​និយោជន៍​គឺ សំដៅ​ទៅ​លើ​ការងារ ឬ មុខ​របរ​ទាំង​ឡាយ​ណា ដែល​ផ្ដល់​ផល ក្នុង​ការ​បង្ក​បង្កើន​ចំណូល​ផ្ទាល់​ខ្លួន មិន​ពាក់​ព័ន្ធ​នឹង​ប្រាក់​ឈ្នួល ឬ​ប្រាក់​បៀវត្ស​ដែល​ផ្ដល់​ដោយ​និយោជក ឬ​រដ្ឋ តា​មរយៈ​កិច្ច​សន្យា​ការ​ងារ​។

តាម​រយៈ​សេចក្តី​ប្រកាស​នេះ ក្រសួង​ការ​ងារ​នឹង​ចាត់​វិធាន​ការ​ដោយ​មិន​ផ្ដល់ ឬ​មិន​បន្ត​សុពល​ភាព​បណ្ណ​សៀវ​ភៅ​ការ​ងារ​ទៅ​កាន់​ជន​បរទេស​ទាំង​ឡាយ​ណា​ដែល​កំពុង​តែ​ប្រកប​មុខ​របរ​ការងារ​ដែល​ត្រូវ​បាន​ចែង​ក្នុង​ការ​ហាម​ឃាត់​ទាំង​នោះ​ឡើយ​។ ក្រសួង​ការងារ​ក៏​បាន​ព្រមាន​ផង​ដែរ​ថា បើ​សិន​ជា​មាន​ជន​បរទេស​ទាំង​ឡាយ​ណា ដែល​ហ៊ាន​បំពាន​តាម​រយៈ​ការ​ប្រព្រឹត្ត​ផ្ទុយ​ពី​ប្រកាស​នេះ ពួក​គេ​នឹង​ត្រូវ​ទទួល​រង​ការ​ពិន័យ​ជា​ប្រាក់ និង​ផ្ដន្ទា​ទោស​ទៅ​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដី​ពី​ការ​ងារ និង​បទ​ប្បញ្ញត្តិ​ជា​ធរ​មាន​។

ទាក់​ទង​ទៅ​នឹង​ការ​ចេញ​សេចក្ដី​ប្រកាស​របស់​ក្រសួង​ខាង​លើ​នេះ លោក វន ពៅ ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ថ្លែង​ថា ក្រសួង​កាងារ បាន​ចេញ​សេចក្ដី​ប្រកាស​នេះ ដូច​ជា​យឺត​បន្តិច ប៉ុន្តែ​លោក​ថា​វា​មិន​ទាន់​ហួស​ពេល​នោះ​ទេ​។ តាម​លោក វន ពៅ បើ​សិន​ណា​ជា​សេចក្ដី​ប្រកាស​ចេញ​ហើយ ហើយ​មាន​យន្ត​ការ​ជាក់​លាក់​ថែម​ទៀត​នោះ គឺ​ជា​ការ​សាទរ​សម្រាប់ អ្នក​ដែល​ប្រកប​មុខ​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​។

សូម​បញ្ជាក់​ថា ការ​ចេញ​បំរាម​ដល់​ជន​បទេស​មិន​ឲ្យ​ប្រកប​មុខ​របរ​ទាំង​១០​មុខ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​កត់​សម្គាល់​ថា មាន​ជន​បរទេស​កាន់​តែ​ច្រើន​ទៅៗ ជា​ពិសេស​ជន​ជាតិ​ចិន បាន​បង្ហាញ​វត្ត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​បង្កើត​មុខ​របរ​ផ្ទាល់​ខ្លួន​ជា​ច្រើន ដោយ​មិន​រើស​មុខ​។ ទាំង​នេះ​គឺ​ជា​ការ​បារម្ភ​មួយ​របស់​ពលរដ្ឋខ្មែរ ដែល​ប្រកប​មុខ​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ពី​ការ​ក្រសោប​យក​ដោយ​ជន​បរទេស នូវ​មុខ​របរ​និង​ការ​ងារ​ពី​ពល​រដ្ឋ​ខ្មែរ​៕

អត្ថបទ​ដោយ៖ ងួន វឌ្ឍនៈ​បណ្ឌិត

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ