អានតួអត្ថបទ

ក្រសួងជំនាញបញ្ជាឲ្យបិទទីតាំងផលិតស្ករត្នោតក្លែងក្លាយ

ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បញ្ជា​ឲ្យ​លុបបំបាត់​ទីតាំង​ផលិត​ស្ករ​ត្នោត​ក្លែងក្លាយ​ទាំងអស់​នៅទូទាំង​ប្រទេស បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​រកឃើញថា មានទីតាំង​ផលិត​ស្ករ​ត្នោត​ក្លែង​ក្លាយ​២៥​កន្លែង​នៅខេត្ត​តាកែវ កាលពី​ពេលថ្មីៗនេះ​។ បទ​បញ្ជា​របស់​ក្រសួង​សាមីនេះ ធ្វើ​ឡើង​ក្រោយពី អភិបាល​ខេត្តតាកែវ​ព្រមានដក​តំណែង លោក កេត ព្រង់ ប្រធានមន្ទីរ ឧស្សាហកម្ម ខេត្តនេះ ដោយថា​បានទៅ​យកលុយ​ពីម្ចាស់​ទីតាំង​ផលិត​ស្ករ​ត្នោត​ក្លែងក្លាយ​ទាំងនោះ​។

អាជ្ញាធរចុះពិនិត្យកន្លែងផលិតស្ករត្នោតក្លែងក្លាយ
អាជ្ញាធរចុះពិនិត្យកន្លែងផលិតស្ករត្នោតក្លែងក្លាយ @សហការី
ផ្សាយពាណិជ្ជកម្ម

ដោយ អ៊ឹង ប៊ុនថន

នៅ​ក្នុង​លិខិត​​ថ្ងៃទី​១២​ធ្នូ ចុះ​ហត្ថលេខា​ដោយ លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម បានបញ្ជា​ទៅប្រធាន​មន្ទីរ​ទាំងអស់​ឲ្យ​លុប​បំបាត់​ចោល​ទាំងស្រុង​ រាល់​សិប្បកម្ម​ផលិត​ស្ករ​ត្នោត​ក្លែង​ក្លាយ​នៅទូទាំង​ប្រទេស​។

ស្ករ​ត្នោត​ក្លែង​ក្លាយ​នេះ គឺ​ផលិត​ចេញពី​ស្ករ​ស​ឬ​សាធាតុ​ផ្សេងទៀត ហើយ​បាន​កែ​ច្នៃ​ទៅជា​ស្ករ​ដែលមាន​ពណ៌ និង​ក្លិន ដូច​គ្នា​នឹង​ស្ករ​ត្នោត ហើយធ្វើ​ចរាចរណ៍លើ​ទីផ្សារ​​​បន្លំ​ជាស្ករត្នោត​ខ្មែរ​ពិតប្រាកដ​។​នេះ​បើ​តាម​ក្រសួង​ឧស្សាហកម្ម​។ ក្រសួង​ដដែល បានចាត់ទុកថា ការផលិត​ស្ករ​ត្នោត​ក្លែង​ក្លាយ​នេះ គឺ​ជា​វិច្ឆេទ​កម្ម​សេដ្ឋកិច្ច​ដើម្បី​បំផ្លាញ​កិត្តិនាម​ស្ករ​ត្នោត​ខ្មែរ​ ដែល​ជាអត្តសញ្ញាណរបស់​ជាតិ​កំពុង​ទទួល​ស្គាល់​ជាសាធារណៈ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។

សូម​បញ្ជាក់​ថា កាលពី​ពេល​ថ្មីៗនេះ លោក ឡាយ វណ្ណៈ អភិបាល​ខេត្ត​តាកែវ បាន​បញ្ជាឲ្យ​បិទ​ទី​តាំង​ផលិត​ស្ករ​ត្នោត​ក្លែងក្លាយ នៅភូមិ​ពានមាស​ខាងកើត ឃុំ​លំពង់ ស្រុកបាទី។​ ជាមួយគ្នានោះ​លោក​បាន​ព្រមាន​ដក លោក កេត ព្រង់ ពីប្រធានមន្ទីរ ឧស្សាហកម្ម ខេត្តនេះ ដោយថាបាន​ទៅ​យក​លុយ​ពី​អ្នកផលិត​ស្ករ​ក្លែងក្លាយ​នោះ​។
បើ​តាម​អាជ្ញាធរ ខេត្ត​តាកែវ គឺ​មាន​ទីតាំង​ផលិតស្ករ​ត្នោត​ក្លែងក្លាយ​រហូត​ដល់​២៥​កន្លែង នៅស្រុកបាទី ដែល​បាន​បង្រ្កាប​នៅចុង​ឆ្នាំ​នេះ ខណៈដែល​ម្ចាស់​ទីតាំង​ទាំងអស់​នេះ មិន​បានគោរព​ទៅតាម​ការ​ណែនាំ របស់​មន្រ្តី​ជំនាញ និង​អាជ្ញាធ​ស្រុក។

លោក ហែម ពិសិដ្ឋ អគ្គនាយរងក្រុមហ៊ុនConfirel ជាក្រុម​ហ៊ុន​មួយដែលមានផលិតស្ករ​ត្នោត​ខ្មែរផងដែរនោះបានសារទចំពោះ​ចំណាត់ការនេះព្រោះជួយ​រក្សា​កិត្តិនាម​ស្ករ​ត្នោត​ខ្មែរ។​លោក​​គូសបញ្ជាក់ថា ការ​ផលិត​ស្ករ​ត្នោត​ក្លែង​ក្លាយគឺគេប្រើសារធាតុគីមី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​​សុខភាពអ្នកបរិភោគ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ