អានតួអត្ថបទ
កម្ពុជា

កាត់​ទោស​មនុស្ស​៧​នាក់​ និង​ពិន័យ​ជា​ប្រាក់​រួម​គ្នា​ជិត​ ១០​ម៉ឺន​ដុល្លារ​ ក្រោយ​រក​ឃើញ​ថា​ធ្វើ​អាជីវកម្ម​រ៉ែ​គ្មាន​ការ​អនុញ្ញាត

មនុស្ស​៧​នាក់​ដែល​២​នាក់​ជា​ជនជាតិ​ចិន​ និង​៥​នាក់​ជា​កម្មករ​ខ្មែរ​ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កំពង់ធំ កាត់​ទោស​ដាក់​ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់​រួម​គ្នា​ជិត ១០​ម៉ឺន​ដុល្លារ​ពី​បទ​ដឹក​ជញ្ជូន​ធនធាន​រ៉ែ​ដោយ​មិន​ទាន់​បង់​សួយសារ​ ឬ​គ្មាន​លិខិត​អនុញ្ញាត​ជា​លាយលក្ខណ៍​អក្សរ​ពី​រដ្ឋ​មន្ត្រី​ទទូល​បន្ទុក​វិស័យ​រ៉ែ។ អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​អះអាង​ថា​ នេះ​ជា​ជោគជ័យ​ដំបូង​សម្រាប់​ក្រសួង ដែល​តុលាការ​ផ្ដន្ទាទោស និង​ពិន័យ​ជា​ប្រាក់​ចំពោះ​ក្រុម​ឈ្មួញ​ដែល​លួច​ធ្វើ​អាជីវកម្ម​ជីក​រ៉ែ​ខុស​ច្បាប់​នៅ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

សំណុ​រឿង​នេះ​បាន​កើត​ឡើង​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០១៥ មក​ម្ល៉េះ​ ដោយ​ក្រុមហ៊ុន​មួយ​ឈ្មោះ​Meng Xing Hong Fa ដែល​ប្រធាន​ក្រុម​ហ៊ុន​ជនជាតិ​ចិន​បាន​ធ្វើ​ប្រតិបត្តិការ​ជីក​យក​រ៉ែ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ នៅ​តំបន់​ភ្នំ​រុន ស្រុក​ជី​ក្រែង ខេត្ត​សៀមរាប។ ដោយ​ឡែក​ក្រុមហ៊ុន​មួយ​ទៀត​ឈ្មោះ Khmer Yunding Resources បាន​ដឹក​សារធាតុ​ទង់​ដែង​ចំនួន ៧០​ការុង​ស្មើ​នឹង​ ៤២​តោន​ ក្នុង​គោល​បំណង​ដឹក​ចេញ​ពី​តំបន់​ខ្វាវ ឃុំខ្វាវ ស្រុក​ជីក្រែង ឆ្លង​កាត់​ខេត្ត​កំពង់ធំ ដើម្បី​យក​មក​ភ្នំពេញ​ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ទុក​ក្នុង​ខេត្ត​កំពង់ធំ​ក្រោយ​រក​ឃើញ​ថា ពុំ​មាន​លិខិត​អនុញ្ញាត​ចេញ​ដោយ​ក្រសួង​រ៉ែ​ និង​ថាមពល។ ប្រឈម​បញ្ហា​នេះ​ទើប​ក្រសួង​សម្រេច​ប្ដឹង​ក្រុម​ហ៊ុន​ទាំងពីរ​នៅ​សាលា​ដំបូង​ខេត្ត​កំពង់​ធំ។

ហើយ​នៅ​ទីបំផុត​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​កំពង់ធំ​នៅ​ថ្ងៃ​ទី​ ៩ ធ្នូ​ឆ្នាំ​​២០១៦ និង​ទើប​តែ​ត្រូវ​បាន​ក្រសួង​រ៉ែ​ និង​ថាមពល​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​ ១១​មករា បាន​តម្រូវ​ឲ្យ​ប្រធាន​ក្រុមហ៊ុន Khmer Yunding Resources និង​អ្នក​ពាក់​ព័ន្ធ​ ៦​នាក់​ផ្សេង​ទៀត​ ដែល​ជាជ​នជាតិ​ខ្មែរ​បង់​ប្រាក់​រួម​គ្នា​ជិត ១០​ម៉ឺន​ដុល្លារ​ពី​បទ​ដឹក​ជញ្ជូន​ធន​ធាន​រ៉ែ​ដោយ​មិន​ទាន់​បង់​សួយ​សារ​ឬ​គ្មាន​លិខិត​អនុញ្ញាត​ជា​លាយ​លក្ខណ៍​អក្សរ​ពី​រដ្ឋ​មន្ត្រី​ទទូល​បន្ទុក​វិស័យ​រ៉ែ។ ចំពោះ​ជនជាតិ​ខ្មែរ​ ៦ នាក់​ ដែល​ជា​កម្មករ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ ១​ខែ​តែ​ទោស​ត្រូវ​បាន​ព្យួរ។

ចំណែក​ប្រធាន​ក្រុមហ៊ុន Meng Xing Hong Fa តុលាការ​ពិន័យ​ជា​ប្រាក់​ ១​លាន​រៀល​ក្នុង​មួយ​ថ្ងៃ​ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​ ២៨​តុលា​ឆ្នាំ​២០១៤ រហូត​ដល់​ថ្ងៃ​ទី​ ៥​កញ្ញា​ឆ្នាំ​២០១៥​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ប្រធាន​ក្រុមហ៊ុន​ទាំង​ពីរ​ ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន​ត្រូវ​សង​សំណង​ការ​ខូចខាត​ និង​ការ​ចំណាយ​ផ្សេង​ៗ​ក្នុង​ម្នាក់​ ៗ​ ១០​លាន​រៀល​ទៅ​ឲ្យ​ក្រសួង​រ៉ែ​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត។ ហើយ​ចំពោះ​សារធាតុរ៉ែ​ ដែល​ចាប់​បាន​ចំនួន​ ៤២​តោន​ត្រូវ​រឹប​អូស​ជា​សម្បត្តិ​រដ្ឋ។

លោក ម៉េង សក្ខិធារ៉ា អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​បាន​គូស​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន ៥​កំពុង​ប្រតិបត្តិ​ការ​ជីក​យក​រ៉ែ​ដោយ​ស្រប​ច្បាប់​ក្នុង​ខេត្ត​ក្រចេះ រតន​គិរី និងមណ្ឌល​គិរី។ ក្រុម​ហ៊ុន​ទាំង​ ៥​នេះ​ លោក ម៉េង សក្ខិធារ៉ា អះអាង​ថា ក្រសួង​នៅ​តែ​បន្ត​ឃ្លាំ​មើល​សកម្មភាព​របស់​ពួក​គេ​បន្ត​ទៀត​ទោះ​ជា​បី​មាន​អាជ្ញា​ប័ណ្ណ​ក៏​ដោយ។ ហើយ​ក្រុម​ទាំង​ ៥​នេះ​កំពុង​ធ្វើ​អាជីវកម្ម​លើ​រ៉ែ​លោហៈ​ និង​ទង់​ដែង។ ចំណែក​ក្រុមហ៊ុន ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​រ៉ែ​ឧស្សាហក​ម្មមិន​ត្រូវ​បាន​រា​ប់បញ្ជូល​នោះ​ទេ៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ