rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ ទំនាក់ទំនងអន្តរជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​បន្ទាប់​ពី​ក្រសួង​ការ​បរទេស និង​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ក្រសួង​ការពារ​ជាតិ​ចិន​ចេញ​មុខ​ច្រាន​ចោល​វត្ត​មាន​មូល​ដ្ឋាន​កង​ទ័ព​ចិន​នៅ​កម្ពុជា​

media
រូបភាពពី WSJ @WSJ

នៅ​ក្នុង​ពិធី​ប្រកាស​សៀវភៅ​ស ការពារ​ជាតិ​ចិន​នា​ថ្ងៃទី២៤​ខែកក្កដា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​បាន​ថ្លែង​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា ចិន​និង​កម្ពុជា​មាន​កិច្ច​ព្រម​ព្រៀង​សម្ងាត់​អនុញ្ញាត​ឲ្យ​យោធា​ចិន​ឈរ​ជើង​នៅ​មូល​ដ្ឋាន​កង​ទ័ព​កម្ពុជា សមុទ្រ​រាម​។ ប្រតិកម្ម​របស់​ក្រសួង​ការពារ​ជាតិ​ចិន បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ច្រាន​ចោល​ព្រមៗ​គ្នា​របស់​ក្រសួង​ការ​បរទេស​ចិន និង​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​លោក ហ៊ុន សែន​។ 


ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក កាសែត​បរទេស នៅ​ក្នុង​ពិធី​ប្រកាស​សៀវ​ភៅស ការពារ​ជាតិ​របស់​ខ្លួន លោក Wu Qian អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន បាន​ចាត់​ទុក​ថា​ ការ​ផ្សាយ​របស់​កាសែត​អាមេរិក The Wall Street Journal ​ជុំវិញ​កិច្ចព្រម​ព្រៀង​សំងាត់​រវាង​ចិន និង​កម្ពុជា​ដែល​អនុញ្ញាត​ឲ្យ​យោធា​ចិន​ឈរ​នៅ​កម្ពុជា​ ថាជាពាក្យ​ច​ចាម​អារាម និង​ជា​ព័ត៌មាន​មិន​ពិត។ តាម​លោក Wuប្រទេស​ចិននិង​កម្ពុជា មាន​ត្រឹម​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​ការ​ហ្វឹក​ហ្វឺន​ជំនាញ​ជាមួយ​គ្នាព្រម​ទាំង​ការ​ផ្តល់​ជំនួយ ដល់​គ្នា​ទៅ​វិញ​ទៅ​មកហើយ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី​នេះគឺ​គ្មាន​ការ​កំណត់​គោល​ដៅ​ទៅ​លើ​ប្រទេស​ទីបី​ណា​មួយ​ឡើយ​។

ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​ធ្វើ​ឡើង​១ថ្ងៃ​បន្ទាប់​ពី ក្រសួង​ការបរទេស​ចិន បាន​បដិសេធ​ដូច​គ្នា​ជុំវិញ​កិច្ច​ព្រម​ព្រៀង ដាក់​មូល​ដ្ឋាន​យោធាចិន​នៅ​លើ​ទឹក​ដី​កម្ពុជា ក្នុង​ខេត្ត​ព្រះ​សីហនុ​។

​កាល​ពីពេល​ថ្មីៗ​នេះ កាសែត The Wall Street Journal តាម​រយៈ​សម្តី​មន្ត្រី​អាមេរិក​ម្នាក់ បាន​ចុះ​ផ្សាយ​ថា កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ចិន​ប្រើ​ប្រាស់​មូលដ្ឋាន​យោធា​សមុទ្រ​រាម ខេត្ត​ព្រះ​សីហនុ រយៈ​ពេល​៣០​ឆ្នាំ ហើយ​អាច​បន្ត​សុពល​ភាពជា​ស្វ័យប្រវត្តិ​រៀងរាល់​១០​ឆ្នាំ​ម្ដង​។ កាសែត​អាមេរិក​មួយ​នេះ​បន្ត​ថា មូលដ្ឋាន​កងទ័ព​ចិន នឹងមាន​កន្លែង​ស្ដុក​អាវុធ ព្រមទាំង​កន្លែង​ចត​នាវា​ចម្បាំង​ផង​ដែរ​។​

កាល​ពីថ្ងៃចន្ទ ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន ក៏​បាន​អះអាង​ដែរ​ថា ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ស្តី​អំពី​កម្ពុជា​ចុះ​ហត្ថ​លេខា​ជា​សម្ងាត់ ជាមួយ​ចិន ប្រើ​ប្រាស់​មូល​ដ្ឋាន​យោធា​នៅ​កម្ពុជា គឺ​ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា​។ លោក​នាយក​រដ្ឋ​មន្ត្រី ចោទ​សួរ​ថាតើ​កម្ពុជា​ត្រូវ​ការ​វត្តមាន​យោធា​ចិន​លើ​ទឹកដី​របស់​ខ្លួន​ដើម្បី​អ្វី? យើង​មិន​ដែល​បាន​ពិភាក្សា​ណា​មួយជាមួយ​មេដឹក​នាំ​ចិន​នោះ​ឡើយ កុំ​ថា​ឡើយ​ដល់​មាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​។ល្មម​ឈប់​ប្រើ​ព័ត៌មាន​ក្លែង​បន្លំ​អំពី​វត្ត​មាន​កង​ទ័ព​ចិន​លើ​ទឹក​ដី​កម្ពុជាដើម្បី​ប្រឆាំង​និង​យើង​ហើយ​។ នេះ​បើ​តាម​លោក ហ៊ុន សែន​