អានតួអត្ថបទ
កម្ពុជា-ហិរញ្ញវត្ថុ

សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ប្រតិកម្ម​នឹង​ការ​ឃោសនា​លុប​បំណុល​របស់​ពលរដ្ឋ

សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា កាល​ពី​ម្សិល​មិញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ជា​ថ្មី​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់ ជា​គ្រឹះស្ថាន​ឯកជន​សុទ្ធ​សាធ មិន​មែន​ជា​របស់​រដ្ឋ​នោះ​ទេ។ ការ​បញ្ជាក់​ជា​ថ្មី​នេះ​គឺ​បន្ទាប់​ពី សម្តេច​ក្រុម​ព្រះ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​អះអាង​ចំពោះ​មុខ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​តាកែវ​ថា នៅ​ពេល​គណបក្ស​របស់​ព្រះ​អង្គ​ឈ្នះ​ឆ្នោត​ដឹក​នាំ​រាជរដ្ឋាភិបាល ព្រះអង្គ​នឹង​ជួយ​ដោះ​ស្រាយ​បំណុល​របស់​ប្រជា​ពលរដ្ឋ ដែល​កំពុង​ជំពាក់​ធនាគារ និង​ក្រុមហ៊ុន​ឯកជន​នានា។

សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា
សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា @facebook
ផ្សាយពាណិជ្ជកម្ម

សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ដែល​អះអាង​ថា​តំណាង​ឲ្យ​សមាជិក​ចំនួន ១០១ គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស​បាន​ចាត់​ទុក ការ​ប្រកាស​លុប​បំណុល ឬ​ការ​ផ្សព្វ​ផ្សាយ​ស្រដៀង​នេះ ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត គឺ​ជា​សកម្មភាព​ប្រជាភិថុតិ ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្ចី​ប្រាក់​ហួស​ពី​តម្រូវ​ការ ដែល​បង្ក​ជា​បញ្ហា​លំបាក់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ និង​សង្គម។

សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​បញ្ជាក់​ជា​ថ្មី​ថា រាល់​ការ​ធ្វើ​ប្រតិបត្តិ​ការ​ គឺ​សំដៅ​ទទួល​បាន​ប្រាក់​ចំណេញ ហើយ​អតិថិជន​ដែល​ទទួល​ប្រាក់​កម្ចី ត្រូវ​មាន​កាតព្វកិច្ច​សង​ត្រលប់​តាម​កិច្ច​សន្យា។ ​នេះ​ជា​ប្រតិកម្ម​តប​សំដៅ​ដល់​បន្ទូល​របស់ សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច ដែល​បាន អះអាង​ចំពោះ​មុខ​ប្រជាពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨​នៅ​ក្នុង​ខេត្ត​តាកែវ ដោយ​សម្តេច​ក្រុម​ព្រះ​ថា នៅ​ពេល​គណបក្ស​របស់​ព្រះ​អង្គ​ឈ្នះ​ឆ្នោត​ដឹក​នាំ​រាជរដ្ឋា​ភិបាល នោះ​ព្រះ​អង្គ​នឹង​ជួយ​ដោះ​ស្រាយ​បំណុល​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ជំពាក់​ធនាគារ និង​ក្រុមហ៊ុន​ឯកជន​នានា។

លើស​ពី​នេះ​ទៀត អតីត​គណបក្ស​ដែល​ធ្លាប់​ឈ្នះ​ឆ្នោត​ម្តង​កាល​ពី​ឆ្នាំ​១៩៩៣​នោះ បាន​ដាក់​ចេញ​ក្នុង​គោល​នយោបាយ​អាទិភាព​ចំនួន ១៤​ចំណុច សម្រាប់​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ខាង​មុខ​នេះ​ដោយ​សន្យា​ថា​នឹង​ដោះ​ស្រាយ​បំណុល​ជូន​ប្រជានុរាស្ត្រ​ក្រីក្រ​ពេល​ខ្លួន​ដឹក​នាំ​រដ្ឋាភិបាល​ផង​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មីនា ឆ្នាំ​២០១៦ បាន​ព្រមាន​ចាប់​ខ្លួន​អ្នក​នយោបាយ​ណា ដែល​ឃោសនា​លុប​បំណុល​ធនាគារ។ លោក​ប្រមុខ​រដ្ឋាភិបាល​បាន​ចាត់​ទុក​ការ​ឃោសនា​បែប​នេះ គឺ​ជា​នយោបាយ​បែប​ប្រជាភិថុតិ ដើម្បី​បោក​ប្រាស់​ប្រជាពលរដ្ឋ​ឲ្យ​បោះ​ឆ្នោត​គាំទ្រ​ពួក​គេ ដែល​វា​ជា​បញ្ហា​ធំ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​សម្រុក​ទៅ​ខ្ចី​ប្រាក់​ពី​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ ហើយ​ជំពាក់​បំណុល​វ័ណ្ឌ​ក ដែល​ឈាន​ដល់​ការ​រឹប​អូស​ផ្ទះ​សម្បែង​ដី​ធ្លី ពី​សំណាក់​ស្ថាប័ន​ប្រាក់​កម្ចី​ទាំង​នោះ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា ការ​ដែល​គណបក្ស​នេះ​សន្យា​ដោះ​ស្រាយ​បំណុល​ជូន​ពលរដ្ឋ​ក្រីក្រ​គឺ​​ដោយ​សារ​តែ​សង្កេត​ឃើញ​ថា ការ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​សព្វ​ថ្ងៃ​មាន​ អត្រាការ​ប្រាក់​ខ្ពស់​ពេក។ បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ ការ​ដោះ​ស្រាយ​បំណុល​របស់​ពលរដ្ឋ​គឺ​ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ