អានតួអត្ថបទ
កម្ពុជា-សង្គម

​MRC៖ ​ទឹក​ទន្លេ​មេគង្គ​ឆ្នាំ​នេះ ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​កំណត់​ត្រា​២៧​ឆ្នាំ​

កម្ពស់​ទឹក​ទន្លេ​មេគង្គ​ក្នុង​កំឡុង​ពេល​រដូវ​ទឹក​ជំនន់ នៅ​ដើម​ខែ​មិថុនា​ដល់​ខែ​កក្កដា​នេះ ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​កំណត់​ត្រា ដែល​មិន​ធ្លាប់​មាន​នា​រយៈពេល​២៧​ឆ្នាំ​ចុង​ក្រោយ​នេះ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ MRC។ មន្ត្រី​ធនធាន​ទឹក​កម្ពុជា​មិន​ជឿ​ថា បញ្ហា​នេះ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ខាំង​ទឹក​ទុក សម្រាប់​ដំណើរ​ការ​វារីអគ្គិសនី​នោះ​ទេ​។ 

កម្ពស់​ទឹក​ទន្លេមេគង្គ​ (រូបភាពឯកសារ)
កម្ពស់​ទឹក​ទន្លេមេគង្គ​ (រូបភាពឯកសារ) RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​ទន្លេ​មេគង្គ​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ពីទី​ក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាល​ពី​ថ្ងៃទី១៨ ​ខែ​កក្កដា បាន​ឲ្យ​ដឹង​ថា​កម្ពស់​ទឹក​ទន្លេ​មេគង្គ​នា​ពេល​នេះ គឺ​ស្ថិត​ក្រោម​កម្រិត​ទាប​បំផុត ដែល​ធ្លាប់​កត់​ត្រា ប៉ុន្តែ​ស្ថានភាព​នេះ ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​នា​ចុង​ខែ​កក្កដា​ខាង​មុខ​នេះ​។

ស្ថាន​ភាព​ទឹក ដែល​មាន​កម្រិត​ទាប​នេះ គឺ​គិត​ចាប់​ពី​ស្រុក​ឆាងសែន ​ភាគ​ខាង​ជើង​ប្រទេស​ថៃ មក​ខេត្ត​លួង​ព្រះបាង និង​ក្រុង​វៀង​ចន្ទន៍​របស់​ប្រទេស​ឡាវ ហើយ​បន្ត​ចុះ​មក​អ្នក​លឿង​ប្រទេស​កម្ពុជា​។ កម្ពស់​ទឹក​ទន្លេ​មេគង្គ ដែល​ហូរកាត់​តំបន់​ខាង​លើ​នេះ គឺ​ស្ថិត​ក្នុង​កម្រិត​ទាប​ជាង​កម្ពស់​ទឹក​កាល​ពីឆ្នាំ​១៩៩២ ដែល​កាល​ពេលនោះ​គឺ​ជា​កម្ពស់​ទឹក​ទាប​បំផុត​ក្នុង​ទន្លេ​មេគង្គ​។​

លោក ចាន់ យុត្ថា អ្នក​នាំពាក្យ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរ​ជាតិ​ថា ស្ថាន​ភាព​ជាក់​ស្តែង​នា​ពេល​នេះ គឺ​ទឹក​ទន្លេមេគង្គ​មាន​កម្រិត​ទាប​ជាង​បណ្តាឆ្នាំ​កន្លង​ទៅ ​មិន​ថា​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។

បើ​តាម​លោក ចាន់ យុត្ថា ស្ថាន​ភាព​កម្ពស់​ទឹក​ទន្លេ​មេគង្គ​មាន​កម្រិត​ទាប ដោយ​សារ​តែ​បាតុភូត​អ៊ែល​នីញូ(El Niño) ដែល​កើត​ឡើង​ស្ទើរ​គ្រប់​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ធ្វើ​ឲ្យ​កម្តៅ​ឡើង​ខ្ពស់ រំហួត​ខ្លាំង និង​គ្មាន​ភ្លៀង​។

ឆ្លើយ​នឹង​សំនួរ ដែល​ថា​អាច​មាន​ការ​បង្ខាំង​ទឹក​ទុក​សម្រាប់​ដំណើរ​ការ​របស់​វារី​អគ្គិសនី ដែល​ស្ថិត​នៅ​ប៉ែក​ខាង​លើ​ទន្លេ​មេគង្គ ឬ​យ៉ាង​ណា លោក ចាន់ យុត្ថា បញ្ជាក់​ថា ប្រសិន​បើ​មាន​វារី​អគ្គិសនី​ត្រូវ​បង្ខាំង​ទឹក​ទុក​ ក៏​មិន​មែន​បង្ខាំង​ទុក​រហូត​ដែរ ពោល​គឺ​គេ​ត្រូវ​តែ​បើក​ទឹក ដើម្បី​ឲ្យ​ដំណើរ​ការ​ទួប៊ីន ក្នុង​គោល​ដៅ​ផលិត​ជា​ថាម​ពលអគ្គិសនី។​

ស្រដៀង​គ្នា​នេះ​ដែរ, គណៈកម្មការ​ទន្លេ​មេគង្គ​ក៏​បាន​លើក​ឡើង​ពី​មូល​ហេតុ​ថា ដោយ​សារ​តែ​មាន​ភ្លៀង​ធ្លាក់​តិច​ចាប់​ពីដើម​ឆ្នាំ​មក នៅ​ផ្នែក​ខាង​លើ​នៃ​អាង​ទន្លេ​មេគង្គ​ក្រោម​។ ក្រៅ​ពី​នេះ​ក៏​ដោយ​សារ​តែ​បរិមាណ​ទឹក​ហូរ​ពីផ្នែក​ខាង​លើ​នៃ​អាង​ទន្លេ​មេគង្គ ដែល​គេ​ស្គាល់​ថា​ទន្លេ​ឡានឆាង​បាន​ថយ​ចុះ​ដោយ​សារ​តែ​ទំនប់​វារី​អគ្គិសនី​ជីង​ហុង​ក្នុង​ប្រទេស​ចិន​បន្ថយ​បរិមាណ​បង្ហូរ​ទឹក ក្រោម​ហេតុ​ផល​ជួសជុល​វារី​អគ្គិសនី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ