rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ទំនាក់ទំនងអន្តរជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​កម្ពុជា​និង​មីយ៉ាន់ម៉ា​មូល​មាត់​គ្នា​ពង្រឹង​និង​ពង្រីក​បន្ថែម​ទំនាក់​ទំនង​គ្រប់​វិស័យ​

media
លោក ហ៊ុន សែន និង​ លោកស្រី អ៊ុងសាន ស៊ូជី @SPM page

«ពង្រឹង និងពង្រីក បន្ថែម​នូវ​ចំណង​មិត្ត​ភាព និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេភាគី​លើ​គ្រប់​វិស័យ ព្រម​ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​អាស៊ាន និង​ពហុ​ភាគី»។ គឺ​ជា​លទ្ធផល​នៃ​ជំនួប​ទ្វេ​ភាគី​រវាង លោកស្រី អ៊ុង​សាន ស៊ូជី ទីប្រឹក្សា​រដ្ឋ​និង​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​ការ​បរទេស​មីយ៉ាន់ម៉ា​និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​អង្គារ​នេះ សម្រាប់​ដំណើរ​ទស្សនកិច្ច​ថ្ងៃទី២ របស់លោកស្រី​​នៅ​កម្ពុជា​។ 


នៅ​ក្នុង​ជំនួប​ទ្វេភាគី​នៅ​ថ្ងៃ​អង្គារ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ស្វាគមន៍​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ស្រី អ៊ុង​សាន ស៊ូជី ទីប្រឹក្សា​រដ្ឋ​និង​រដ្ឋ​មន្ត្រី នៃ​ក្រសួង​ការ​បរទេស​មីយ៉ាន់ម៉ា​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់​តែ​រីក​ចម្រើន​និង​កាន់​តែ​សកម្ម​ឡើង​។ ការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីដែលធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តការដែល ផ្ដោតលើវិស័យវប្បធម៌ វិស័យ​សា​ស​នា វិស័យអប់រំ និងវិស័យសេដ្ឋកិច្ចជាដើម។

នៅ​ក្នុង​ទំនាក់​ទំនង​វិស័យ​អប់រំ លោក ហ៊ុន សែន បាន​ស្នើ​ទៅ លោក​ស្រី អ៊ុង​សាន ស៊ូជី ធ្វើ​យ៉ាង​ណា មាន​ការ​ជំរុញ​អនុវត្ត​នូវ​កិច្ច​ព្រម​ព្រៀង ដែល​មាន​ស្រាប់ ខណៈ​វិស័យ​សេដ្ឋកិច្ច លោក ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​មាន ការ​ត្រួត​ពិនិត្យ​លើ​បញ្ហា​ពន្ធ​ត្រួត​គ្នា ពិសេស​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ពី​១០​លាន​ដុល្លារ​។

សូម​ជម្រាប​ជូន​ថា នៅ​រយៈ​ពេល​៦ខែ​ឆ្នាំ២០១៨ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-មីយ៉ាន់ម៉ា​មាន ៤.៥៣​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​មីយ៉ាន់ម៉ា​មាន​ចំនួន​៨៦ម៉ឺន​ដុល្លារ ខណៈ​មីយ៉ាន់ម៉ា​នាំ​ចូល​មក​កម្ពុជា​មាន​៣.៦៧​លាន​ដុល្លារ​។

តាម​រយៈ​ការ​បេ្តជ្ញា​ចិត្ត​របស់​ភាគី​ទាំង​ពីរ​ក្នុង​ការ​ជំរុញ​វិស័យ​ផ្សេងៗ​នឹង​ស​បញ្ជាក់​ក្នុង​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា មីយ៉ាន់ម៉ា ដែល​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ចង់​ឲ្យ​ប្រទេស​ទាំង​២រៀប​ចំ​ពិធី​នេះ​ឲ្យ​ធំ​ដុំ ក្នុង​គោល​បំណង​ជំរុញ​វិស័យ​ទេសចរណ៍​ប្រទេស​ទាំង​ពីរ ជា​ពិសេស​នៅ​ខេត្ត​សៀមរាប និង ​ខេត្ត​បាកាន ដែល​ជា​ខេត្ត​ពោរពេញ​ទៅ​ដោយ ប្រាសាទ​បុរាណ​ដូច​គ្នា​។

នេះ​ជា​លើក​ទី១​ដែល​លោកស្រី អ៊ុង​សាន ស៊ូជី ទីប្រឹក្សា​រដ្ឋ​និង​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​ការ​បរទេស​មីយ៉ាន់ម៉ា​បាន​អញ្ជើញ​មក​ទស្សន​កិច្ច​នៅ​កម្ពុជា បន្ទាប់​ពី​មេដឹក​នាំ​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត​របស់​មីយ៉ាន់ម៉ា ធ្លាប់​មក​បំពេញ​ទស្សន​កិច្ច​រួច​ហើយ ក្រោយ​មីយ៉ាន់ម៉ា​បិទ​ស្ថាន​ទូត​របស់​ខ្លួន​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​និង​បើក​ឲ្យ​ដំណើរ​នៅ​ឆ្នាំ​១៩៩៤​៕