អានតួអត្ថបទ
កម្ពុជា-សង្គម

​អាជ្ញាធរ​បដិសេធ​ពី​ការ​ចោទ​ប្រកាន់​ថា ផ្ទះ​លោក មាស នី ​ឆេះ​ដោយ​ការ​លួច​ដុត​

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ពុធ​នេះ លោក មាស នី ជា​អ្នក​វិភាគ​សង្គម និង​នយោបាយ​អះអាង​ថា ពិត​ជា​ផ្ទះ​របស់​លោក ដែល​បាន​ឆេះ​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ ស្ថិត​នៅ​សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។ បន្ថែម​លើ​នេះ លោក មាស នី បាន​ដាក់​ការ​សន្និដ្ឋាន​ជំហ៊ាន​ដំបូង​ថា ផ្ទះ​លោក​ឆេះ​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គិសនី​។ ជុំវិញ​ករណី​នេះ​អាជ្ញាធរ​បាន​អះអាង​ថា កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ និង​បាន​ប្រតិកម្ម​ចំពោះ​ការ​រិះគន់​មួយ​ចំនួន​ដែល​បាន​ចោទ​ថា ផ្ទះ​លោក មាស នី ឆេះ​ដោយ​ការ​លួច​ដុត​។ 

ផ្ទះលោក មាស នី ដែលត្រូវបានឆាបឆេះ
ផ្ទះលោក មាស នី ដែលត្រូវបានឆាបឆេះ @FB
ផ្សាយពាណិជ្ជកម្ម

លោក មាស នី បាន​បង្ហាញ​ពី​ការ​សោក​ស្ដាយ ក្រោយ​ផ្ទះ​របស់​លោក ស្ថិត​ក្នុង​ខេត្ត​បាត់ដំបង ត្រូវ​ភ្លើង​ឆេះ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ទី១៨​មិថុនា​។ លោក មាស នី ដែល​ស្គាល់​ថា ជា​អ្នក​ធ្វើ​អធិប្បាយ​ពី​បញ្ហា​សង្គម និង​នយោបាយ បាន​រៀប​រាប់​នៅ​ក្នុង​ហេតុការណ៍​នោះ​ថា ផ្ទះ​របស់​គាត់​ដែល​ឆេះ​នេះ​ គឺ​ដោយ​សារ​ការ​រាល​ដាល​ភ្លើង​ពី​ផ្ទះ​អ្នក​ជិត​ខាង ដែល​កំពុង​ឆេះ​ចំនួន​ពីរ​ផ្ទះ​។ ចំណុច​នេះ​លោក​ដាក់​ការ​សន្និដ្ឋាន​ថា អាច​មក​ពី​កត្តា​រួម​ផ្សំ ដែល​ផ្ដើម​ចេញ​ពី​ផ្ទះ​បាយ​មាន​ការ​ធ្វេស​ប្រហែស​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បិទ​ចង្ក្រាន្ត ឬ​ដោយ​សារ​តែ​ភ្លើង​ទៀន​ធូប​។ ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក​បាន​បញ្ជាក់​ថា នេះ​គ្រាន់​តែ​ការ​សន្និដ្ឋាន​របស់​លោក​តែ​ប៉ុណ្ណោះ ហើយ​រូប​លោក​ក៏​កំពុង​រង់​ចាំ​លទ្ធផល​ស្រាវ​ជ្រាវ​របស់​អាជ្ញាធរ​ដែរ​។ ក្រៅ​ពី​ខូច​ខាត​ព្រទ្យ​សម្បត្តិ​និង​ផ្ទះ​ស្ទើរ​តែ​ទាំង​ស្រុង ហេតុការណ៍​នោះ​មិន​បាន​ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​លោក​ណា​ម្នាក់​មាន​គ្រោះ​ថ្នាក់​ឡើយ​។

ក្រៅ​ពី​មូល​ហេតុ ដែល​បណ្ដាល​មក​ពី​ការ​ធ្វេស​ប្រហែល លោក មាន នី មិន​និយាយ​ឡើយ​ពី​មូល​ហេតុ​ផ្សេង​ ដែល​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​បុក​លើក​ឡើង​ថា ផ្ទះ​របស់​លោក​ឆេះ​ដោយ​ការ​ធ្វើ​អធិប្បាយ​ទាក់​ទង​រឿង​រ៉ាវ​នយោបាយ​។

ដោយ​ឡែក​ស្នង​ការ​នគរបាល​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ពុធ​នេះ ក៏​បាន​ចូល​រួម​សោក​ស្ដាយ​ចំពោះ​ហេតុការណ៍​អគ្គិភ័យ ឆេះ​ផ្ទះ​លោក មាស នី និង​ផ្ទះ​ពលរដ្ឋ​៣គ្រួសារ​ទៀត​ដែរ​។ ក្រៅ​ពី​សោក​ស្ដាយ​ស្នង​ការ​ខេត្ត​បាត់​ដំបង បាន​ប្រតិម្ម​ចំពោះ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ដែល​ធ្វើ​ការ​សន្និដ្ឋាន​ដោយ​ខ្លួន​ឯង​ថា ផ្ទះ​លោក មាស នី ឆេះដោយ​ការ​លួច​ដុត​។ ការ​សនិដ្ឋាន​បែប​នេះ​បង្ករ​ឲ្យ​មាន​ការ​យល់​ច្រឡំ ខណៈ​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​មូល​ហេតុ​នៃ​ការ​ឆេះ​ពិត​ប្រាកដ​។ នេះ​បើ​តាម​ស្នង​ការ​ខេត្ត​បាត់ដំបង​។

ជា​ការ​កត់​សម្គាល់​មួយ​ថ្ងៃ​ក្រោយ​ផ្ទះ​លោក មាស នី បាន​ឆេះ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​បាន​គាំទ្រ​នូវ​ការ​វិភាគ​របស់​លោក និង​អ្នក​យោបាយ​បាន​ចូល​រួម​សោក​ស្ដាយ​ចំពោះ​ហេតុ​ការណ៍​នេះ​។ ក្រៅ​តែ​ពី​សោក​ស្ដាយ​ពួក​គេ​ក៏​បាន​ប្រកាស​ធ្វើ​យុទ្ធនា​ការ​ប្រមូល​ថវិកា​ក្នុង​ការ​សាង​ផ្ទះ​ជូន​លោក មាស នី ឡើង​វិញ​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ