rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា តុលាការ ហ៊ុន សែន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

តុលាការ​កាត់​ទោស​ឲ្យ​លោក​លឺ ឡាយ​ស្រេង​ឲ្យ​សង​ជំងឺ​ចិត្ត​លោក​ហ៊ុន សែន​១២ ម៉ឺន​៥​ពាន់​ដុលា្លរ

media
​លោក​លឺ ឡាយ​ស្រេង ​​​អតីត​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ហ្វ៊នស៊ីនប៉ិច @សហការី

នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មករា​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​របស់​លោក​លឺ ឡាយស្រេង ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​លើ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ក្រោយ​ជំនុំ​ជម្រះ តុលាការ​បាន​សម្រេច​ផ្តន្ទាទោស​លោក​លឺ ឡាយស្រេង ឲ្យ​សង​ជំងឺ​ចិត្ត​៥០០​លាន​រៀល​ឫ​ប្រមាណ​១២​ម៉ឺន​៥​ពាន់​ដុល្លារ​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ចំនួន​៨​លាន​រៀល​ចូល​ថវិការដ្ឋ។


សវនាការ និង​ការ​សម្រេច​ផ្តន្ទា​ទោស​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ មិន​មាន​វត្តមាន​លោក​ល ឡាយស្រេង ដែល​ជា​ជន​ត្រូវ​ចោទ​ចូលរួម និង​ស្ដាប់​នោះទេ។ តែ​យ៉ាង​ណា​ក៏​ដោយ​ចុះ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចាត់​ទុក​​ការ​សម្រេច​របស់​ខ្លួន​នេះ​ថា ធ្វើ​ចំពោះ​មុខ ព្រម​ទាំង​សម្រេច​ឲ្យ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ និង​ទុក​សិទ្ធិ​ឲ្យ​លោក​លឺ ឡាយស្រេង ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​តាម​ការ​កំណត់​របស់​ច្បាប់។ លោក​លឺ ឡាយស្រេង អតីត​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ហ្វ៊​ន​ស៊ីន​ប៉ិច ដែល​ពេល​នេះ​កំពុង​ស្នាក់​នៅ​ឯ​សហរដ្ឋ​អាមេរិក​មិន​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​នោះ​ទេ​ជុំវិញ​ការ​កាត់​ទោស​លើ​រូប​លោក​យ៉ាង​ដូច្នេះ។ លោក​លឺ ឡាយស្រេង បាន​ចាក​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​តាំង​តែ​ពី​មុន​មេធាវី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដាក់ពាក្យ​ប្តឹង​ជា​ផ្លូវការ​លើ​រូបលោក​មក​ម្លេះ។

សូម​បញ្ជាក់​ថា មេធាវី​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​លោក​គី តិច កាលពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៧​កន្លង​ទៅ បាន​ដាក់​ពាក្យ​បណ្តឹង​ផ្លូវ​ការ​ដោយ​ប្តឹង​លោក លឺ ឡាយស្រេង ពី​បទ​បរិហា​កេ​រ្តិ៍​ជា​សាធារណៈ​លើ​​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា។ លោក​មេធាវី​បាន​ប្តឹង​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដោយ​ស្នើ​ឲ្យ​ផ្តន្ទា​ទោស​តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​៥០០​លាន​រៀល (ប្រមាណ​១២៥,០០០ដុល្លារ)​ដល់​ដើម​បណ្តឹង។

ការ​សម្រេច​ចិត្ត​ប្តឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​បែក​ធ្លាយ​ខ្សែ​អាត់​សន្ទនា​គ្នា​តាម​រយៈ​រវាង​លោក​លឺ ឡាយស្រេង អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​លោក​ស្រី​​គី លំអង ដែល​អតីត​តំណាង​រាស្ត្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោយ​បាន​និយាយ​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ នរោត្តម សីហមុនី។ ជាមួយ​គ្នា​នោះ លោក​លឺ ឡាយស្រេង ក៏​បាន​និយាយ​ចោទ​ថា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តល់​ប្រាក់​ប្រមាណ ១​លាន​ដុល្លារ​អាមេរិក​ដល់​សម្តេច​ក្រុម​ព្រះ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដើម្បី​ឲ្យ​រៀប​ចំ​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រោយ​មក លោក​លឺ ឡាយស្រេង បាន​ចេញ​មក​ទទួល​ស្គាល់​នូវ​ខ្សែ​អាត់​នោះ ហើយ​ថែម​ទាំង​ធ្វើ​ការ​សុំ​ទោស​ដល់​លោក​នាយក​រដ្ឋមន្ត្រី និង​បាន​សុំ​ព្រះ​រាជ​ទាន​លើក​ទោស​ពី​ព្រះ​មហាក្សត្រ​ផង​ដែរ​ចំពោះ​ការ​ប្រើ​ពាក្យ​សម្តី​របស់​លោក​ទៅ​លើ​ព្រះមហាក្សត្រ​នោះ៕