rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ព្រឹទ្ធសភា បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

គណបក្ស​មិន​ឈ្នះ​​អាសនៈ​​ ក៏​នៅ​តែ​គាំទ្រ​ថា​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ថា​មាន​ភាព​យុត្តិធម៌

media
លោក ​ពេជ្រ ស្រស់ ​​ស្ថាបនិក​​គណបក្ស​​យុវជន​​កម្ពុជា។​ RFI

គណបក្ស​នយោបាយ​ដែល​មិន​ទទួល​បាន​សម្លេង​គាំទ្រ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​ ២៥​កុម្ភៈ​ម្សិល​មិញ បាន​សម្តែង​ការ​គាំទ្រ​ភ្លាមៗ ចំពោះ​ដំណើរ​ការ​ និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ ដោយ​ថា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ស្ថិត​នៅ​ក្នុង​បរិយាកាស​នយោបាយ​ល្អ​ប្រសើរ មាន​ភាព​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។ ​។ គណបក្ស​ទាំង​នោះ រួម​មាន​គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។


ទោះ​បី​ជា​លទ្ធផល​បណ្តោះ​អាសន្ន បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា មួយ​គត់ ដែល​ទទួល​បាន​សម្លេង​លើស​លុប​ឈ្នះ​ទាំង​៨​ភូមិ​ភាគ​បោះ​ឆ្នោត ប៉ុន្តែ​សម្រាប់​គណបក្ស​នយោបាយ​ដែល​មាន និង​មិន​មាន​​​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ និង​សមាជិក​រដ្ឋសភា ជា​អង្គ​បោះ​ឆ្នោត បាន​សម្តែង​ការ​គាំទ្រ និង​កោត​សរសើរ​យ៉ាង​អស់​ពី​ចិត្ត​ ចំពោះ​ការ​រៀប​ចំ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប)។ ភាព​ស្ងាត់​ស្ងៀម គ្មាន​អំពើ​ហិង្សា ត្រឹម​ត្រូវ និង​យុត្តិធម៌ ​គឺ​ជា​អ្វី​ដែល​គណបក្ស​ទាំង នេះ បាន​សង្កេត​ឃើញ ទោះ​បី​ជា​ការ​បោះ​ឆ្នោត​នេះ គ្មាន​វត្ត​មាន​គណបក្ស​ប្រឆាំង​ដែល​ជា​គូ​ប្រជែង​ដ៏​ធំ​របស់​គណបក្ស​កាន់​អំណាច​ក៏​ដោយ។

លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​ ៤ នៅ​ថ្ងៃ​ទី ២៥​កុម្ភៈ ឆ្នាំ ២០១៨ បាន​បង្ហាញ​​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សម្លេង​ឆ្នោត​គាំទ្រ ចំនួន​ ១១,២០២ ក្នុង​ចំណោម​អង្គ​បោះ​ឆ្នោត​សរុប​ចំនួន ១១,៦៩៥​នាក់។ បើ​គិត​ពី​អាសនៈ​វិញ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៥៨​អាសនៈ ឈ្នះ​ដាច់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ព្រឹទ្ធសភា​នេះ ខណៈ​គណបក្ស​ ៣​ទៀត គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួប​រួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា បាន​០​អាសនៈ។ ហើយ​អ្វី​ដែល​ពិសេស គឺ​គណបក្ស​​យុវជន​កម្ពុជា មិន​ត្រឹម​តែ​បាន​អាសនៈ​០​ប៉ុណ្ណោះ​ទេ តែ​សូម្បី​សរុប​លទ្ធផល​ទាំង ៨​ភូមិ​ភាគ ​ក៏​ទទួល​បាន​សម្លេង​ឆ្នោត ០​ផង​ដែរ។

បើ​តាម គជប អ្នក​បោះ​ឆ្នោត​សរុប​ចំនួន ១១,៦៧០​នាក់ ក្នុង​ចំនួន​អ្នក​បោះឆ្នោត​សរុប ១១,៦៩៥ ដែល​ក្នុងនោះ​អង្គ​បោះឆ្នោត​ជា​តំណាង​រាស្ត្រ​ក្នុង​តំណែង​មាន​ចំនួន ១២៣​នាក់ ហើយ​ក្រៅ​ពី​នោះ​សុទ្ធ​តែ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ក្នុង​តំណែង​នៅ​តាម​ការិយាល័យ​ទាំង ៣៣ ក្នុង​មណ្ឌល​បោះឆ្នោត​ទាំង ២៥​រាជធានី ខេត្ត រៀងៗ​ខ្លួន។ គជប ​ក៏​បាន​វាយ​តំលៃ​ខ្លួន​ឯង​ផង​ដែរ​ថា ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន ស្ងប់​ស្ងាត់ មាន​ការ​ការពារ​សន្តិសុខ សុវត្ថិភាព​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្រោម​ការ​ឃ្លាំ​មើល​ពី​ភ្នាក់ងារ​គណបក្ស​នយោបាយ អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ ព្រម​ទាំង​អ្នក​សារព័ត៌មាន​។

យ៉ាង​ណា​មិញ សហគមន៍​អន្តរជាតិ ទាំង​ប្រទេស​ផ្តល់​ជំនួយ និង​ប្រទេស​ដែល​ដក​ខ្លួន​ពី​ការ​ផ្តល់​ជំនួយ ដើម្បី​​​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នោះ​ នៅ​មិន​ទាន់​​ប្រកាស​គាំទ្រ ឬ មិន​គាំទ្រ​ណា​មួយ​ ចំពោះ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នៅ​ពេល​នេះ​នៅ​ឡើយ​ទេ។ សូម​បញ្ជាក់​ថា លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នេះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ៣​ខែ​មិនា ឆ្នាំ ២០១៨​ខាង​មុខ៕