rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សង្គម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អង្គការ​លីកាដូ៖ ​ស្មុំ​កូន​ទៅ​ក្រៅ​ប្រទេស​ធ្វើ​ឡើង​លួច​លាក់​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ឪពុក​ម្ដាយ​បង្កើត

media
កុមារខ្មែរ @សហការី

អង្គការ​លីកាដូ​នៅ​ថ្ងៃ​សុក្រ​ទី​៣០​មីនា​នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ក្រោម​ចំណង​ជើង​ថា «កុមារ​ដែល​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​លួច​លាក់​តាម​រយៈ​ការ​កេង​បន្លំ និង​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​ស្មុំ​កូន​អន្តរ​ប្រទេស»។ ក្នុង​នោះ​អង្គការ​លីកាដូ​លើក​បង្ហាញ​ថា ​ស្មុំ​កូន​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លួច​លាក់ ពោល​គឺ​ឪពុក​ម្ដាយ​បង្កើត​របស់​កុមារ​មិន​បាន​ដឹង​អំពី​រឿង​នេះ​ជា​មុន​ឡើយ។


នៅ​ក្នុង​របាយការណ៍​កម្រាស់​ជិត​២០​ទំព័រ​អម​ដោយ​រូបភាព​កុមារ​ផង​នោះ ​អង្គការ​លីកាដូ បាន​លើក​យក​បី​ករណី​មក​និយាយ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ឪពុក​ម្ដាយ​របស់​កុមារ​មិន​បាន​ព្រម​ព្រៀង​នៅ​ក្នុង​ការ​ស្មុំ​កូន​ឡើយ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នាយក​មជ្ឈមណ្ឌល​កុមារ​កំព្រា​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​តំបន់​ទេ ដែល​​ធ្វើ​ឯកសារ​មិន​ពិត ហើយ​អះអាង​ថា កុមារ​ទាំង​នោះ​ជា​ក្មេង​កំព្រា ឬ​ត្រូវ​បាន​ឪពុក​ម្ដាយ​បោះ​បង់​ចោល។

តាម​រយៈ​ករណី​ទាំង​នេះ​អង្គការ​លីកាដូ​រក​ឃើញ​ថា សកម្មភាព​ស្មុំ​កូន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​ក្លែង​បន្លំ និង​មិន​ខ្វល់​ពី​សិទ្ធិ​និង​អារម្មណ៍​របស់​ក្រុម​គ្រួសារ​កុមារ​ឡើយ​។ បើ​តាម​លីកាដូ មិន​មាន​ករណី​ណា​មួយ​ដែល​ស្ដ្រី​ជា​ម្ដាយ​បោះ​បង់​កូនៗ​ខ្លួន​នោះ​ទេ។ ហើយ​ក៏​គ្មាន​ករណី​ណា​ដែល​ម្ដាយ​ទាំង​នោះ ផ្ដល់​សិទ្ធិ​ឲ្យ​គេ​យក​កូន​ទៅ​ចិញ្ចឹម​ដែរ។

ជាក់​ស្ដែង ស្រ្តី​ជា​ម្ដាយ​ចំនួន​បី​នាក់​នៅ​មិន​ទាន់​ទទួល​បាន​ដំណឹង​ណា​មួយ​ពី​កូនៗ​របស់​ពួក​គាត់​ឡើយ ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ។​ ការ​បាត់​ដំណឹង​សូន្យ​នៃ​កូនៗ​របស់​ស្ត្រី​ទាំង​បី កើត​ឡើង​បន្ទាប់​ពី​ពួក​គាត់​យក​កូន​ទៅ​ផ្ញើ​នៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ដើម្បី​ទទួល​បាន​ការ​រៀន​សូត្រ​ពី​មណ្ឌល ខណៈ​គ្រួសារ​របស់​ពួក​គាត់​​មាន​ជីវ​ភាព​ក្រីក្រ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​លីកាដូ។ ផ្អែក​តាម​របាយការណ៍​ដដែល ស្ត្រី​ជា​ម្ដាយ​ចំនួន​បី​នាក់​យល់​ច្បាស់​ថា​ កូនៗ​របស់​ពួក​គាត់​នឹង​មិន​ត្រឡប់​មក​រស់​នៅ ប្រទេស​កម្ពុជា​វិញ​ឡើយ បន្ទាប់​ពី​កុមារ​ទាំង​នោះ​ត្រូវ​បាន​គេ​យក​ទៅ​ចិញ្ចឹម​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​អូទ្រីស​ជា​ដើម។

បញ្ហា​នៃ​ការ​បញ្ជូន​កុមារ​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​លួច​លាក់​នេះ ប្រហែល​មិន​មែន​កើត​ឡើង​តែ​ក្នុង​ករណី​បី​នេះ​ទេ។ តែ​ប្រហែល​ជា​កើត​មាន​ឡើង​លើ​ក្រុម​គ្រួសារ​រាប់​រយ​ផ្សេង​ទៀត​នៅ​កម្ពុជា។ នេះ​បើ​តាម​លីកាដូ។ ផ្អែក​លើ​ការ​រក​ឃើញ​នេះ លីកាដូ​សង្ឃឹម​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ពាក់​ព័ន្ធ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​​ស្មុំ​កូន​អន្តរ​ប្រទេស​ជា​ថ្មី​ទៀត​ទេ ដរាប​ណា​មិន​ទាន់​មាន​ប្រព័ន្ធ​សុវត្ថិភាព​ឬ​ការ​ការពារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ចំពោះ​កុមារ។

គួរ​រម្លឹក​ឡើង​វិញ​ថា កម្ពុជា​បាន​អនុវត្ត​ប្រព័ន្ធ​ស្មុំ​កូន​អន្តរ​ប្រទេស​ចាប់​តាំង​ពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ដល់​២០០៩។ យ៉ាង​ណា​ក៏​ដោយ ​ស្មុំ​កូន​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ផ្អាក​ជា​បណ្ដោះ​អាសន្ន​តាំង​ពី​ឆ្នាំ​២០០៩​មក​ដល់​បច្ចុប្បន្ន ដោយ​សារ​តែ​កើត​មាន​បញ្ហា​ក្ដី​ក្ដាំ​ជា​ច្រើន​ទាក់​ទង​ភាព​មិន​ប្រក្រតី​នៃ​ស្មុំ​កូន​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ឪពុក​ម្ដាយ​បង្កើត៕