សពលោកកែម ឡី ហែដល់ស្រុកកំណើតនឹងបញ្ចុះនៅថ្ងៃទី២៥ ខែកក្កដា
នៅល្ងាចថ្ងៃទី២៤ ខែកក្កដានេះ សពលោកបណ្ឌិត កែម ឡី បានហែទៅដល់ស្រុកកំណើតរបស់លោកហើយ ដោយមានមនុស្សរាប់សិបម៉ឺននាក់ បានចូលរួមហែសពលោកពីភ្នំពេញទៅខេត្តតាកែវ។ តាមគម្រោងសពរបស់លោកបណ្ឌិតកែម ឡី និងត្រូវបញ្ចុះនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែកក្កដា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤២
ទីបំផុតទៅសពលោកបណ្ឌិត កែម ឡី ត្រូវបានមហាជនរាប់សិបម៉ឺននាក់បានហែទៅដល់ភូមិកំណើតរបស់លោកស្ថិតក្នុងភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីបញ្ចុះនៅទីនោះ។ សពរបស់លោកបានហែមកដល់ស្រុកកំណើតនៅវេលាម៉ោង ៦ល្ងាច ក្រោយពីចំណាយពេលវេលាដង្ហែជិត១១ម៉ោង។ តាមគំរោងរបស់គណៈកម្មការបុណ្យ សពលោកបណ្ឌិត កែម ឡី នឹងត្រូវបញ្ចុះនៅវេលាម៉ោង១១ ថ្ងៃទី២៥ ខែកក្កដា។
ចាប់តាំងពីព្រឹកវេលាម៉ោង៧មក ក្បួនដង្ហែសពលោកកែម ឡី ដែលមានមនុស្សរាប់ពាន់នាក់ បានកើនឡើងជាបន្តបន្ទាប់ ក្រោយពីក្បួនបានហែចេញពីវត្តចាស់ ឬពោធិយ៉ារាម នៅត្រើយម្ខាង សង្កាត់ជ្រោយចង្វារ ឆ្ពោះទៅស្រុកកំណើតរបស់លោក។ ក្បួនហែសពឆ្លងកាត់តាមស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារ) តាមបណ្តោយមហាវិថីព្រះមុនី្នវង្ស រហូតដល់ស្តុបកាណាឌីយ៉ា រួចបត់ស្តាំតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី រហូតដល់រង្វង់មូលចោមចៅ រួចក៏តម្រង់ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ ដើម្បីបន្តដំណើរទៅកាន់ខេត្តតាកែវតែម្តង។
ក្នុងរាជធានីភ្នំពេញក្បួនហែនេះ បានចំណាយពេលប្រមាណជិត៤ម៉ោង ទើបចេញផុត ចូលដល់ផ្លូវជាតិលេខ៣ ហើយបន្តដំណើរត្រង់ឆ្ពោះទៅកាន់ខេត្តតាកែវ។ លុះដល់ម៉ោងប្រមាណ៥រសៀលក្បួនហែសព លោកកែម ឡីបានចូលដល់ផ្លូវបត់ចុងក្រោយ ឆ្ពោះទៅកាន់ផ្ទះលោកកែម ឡីតែម្តង។
នៅក្នុងក្បួនដង្ហែសពគេឃើញមានមនុស្សជាច្រើនប្រើប្រាស់យាន្តជំនិះផ្ទាល់ខ្លួន ខ្លះថ្មើរជើង ខ្លះដៃមានកាន់រូបថតលោកកែម ឡី ហើយខ្លះទៀតសម្រក់ទឹកភ្នែកបង្ហាញការសោកស្តាយចំពោះការបាត់បង់លោកកែម ឡី។ ក្រៅពីនេះ ប្រជាពលរដ្ឋ ដែលស្ថិតនៅតាមដងផ្លុវ បានចែកអាហារសម្រន់ទឹក និងរហូតដល់អ្នកខ្លះចែករំលែកសាំងទៀតផង។ ប្រជាពលរដ្ឋខ្លះទៀតឈរនៅតាមដងផ្លូវកាន់រូបថតសខ្មៅរបស់លោកកែម ឡី បើទោះបីជាមិនបានចូលរួមក្នុងក្បួនហែដូចអ្នកដទៃក៏ដោយ។
ចំពោះបញ្ហាសន្តិសុខហាក់មិនមានអ្វីកើតឡើងជាបញ្ហាធំទេ ដោយមានសមត្ថកិច្ចជាអ្នកជួយសម្រួលចាប់ពីរាជធានីភ្នំពេញ រហូតដល់ខេត្តតាកែវ។ យ៉ាងណាមិញ ប្រជាពលរដ្ឋមួយចំនួនបានបង្ហាញការមិនសប្បាយចិត្តក្រោយពីអាជ្ញាធររាជធានីភ្នំពេញ តាមរយៈលិខិតមួយ បញ្ជាឲ្យបិទស្ថានីយប្រេងឥន្ធនៈនៅតាមបណ្តោយផ្លួវ ដែលត្រូវហែសពលោកបណ្ឌិតកែម ឡី។ តាមរយៈលិខិតនោះ សាលាក្រុងបញ្ជាក់ថាការបិទធ្វើឡើងក្រោមហេតុផលសន្តិសុខសណ្តាប់ធ្នាប់។
នៅផ្ទះលោកកែម ឡី ឯណោះវិញប្រជាពលរដ្ឋជាច្រើន ដែលខ្លះជាអ្នកខេត្តតាកែវ ហើយខ្លះទៀតជាអ្នកខេត្តក្រុងផ្សេង បានមកជួបជុំគ្នាមុនពេលដែលសពលោកបណ្ឌិតកែម ឡី ហែទៅដល់។
សូមបញ្ជាក់ថាលោកបណ្ឌិត កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅម៉ោងប្រហែល៨និង៤០នាទីព្រឹក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុង Star Mart ស្ថានីយប្រេងឥន្ធនៈ Caltex ជាប់ស្តុបបូកគោ។ សាកសពរបស់លោកត្រូវបានក្រុមគ្រួសារយកទៅតម្កល់ទុកក្នុងមឈូសញ្ចក់ស្ថិតនៅវត្តចាស់ នៅត្រើយម្ខាង សង្កាត់ជ្រោយចង្វារ រហូតមកដល់ថ្ងៃទី២៤ ខែកក្កដានេះ ទើបក្រុមគ្រួសារសម្រេចដង្ហែទៅកាន់ស្រុកកំណើតរបស់លោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ