rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ឡាវ ជម្លោះព្រំដែន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​កម្ពុជា​រំពឹង​ថា ឡាវ​នឹង​ឯក​ភាព​គ្នា​លើ​លក្ខ​ខណ្ឌ​ប្រតិ​បត្តិ TOR ​ដើម្បី​ឈាន​ទៅ​បញ្ចប់​ជម្លោះ​ព្រំ​ដែន​

media
នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត @Internet

បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ នាយក​រដ្ឋ​មន្ត្រី​ឡាវ លោក ថងលូន ស៊ីស៊ូលីត នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​មក​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា​នេះ​។ ជា​ដំណើរ​ទស្សន​កិច្ច ដែល​នឹង​ផ្តោត​សំខាន់​លើ​ការ​ស្វែង​រក​ដំណោះ​ស្រាយ បញ្ហា​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​កម្ពុជា​រំពឹង​ថា តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​នេះ ភាគី​កម្ពុជា-ឡាវ នឹង​ឈាន​ទៅ​ឯក​ភាព​គ្នា​លើ​លក្ខ​ខណ្ឌ​ប្រតិបត្តិ (TOR) ដើម្បី​ឈាន​ទៅ​បញ្ចប់​ជម្លោះ​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​។ 


តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​ឡាវ​នៅ​កម្ពុជា​នេះ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​កម្ពុជា ទទួល​បន្ទុក​ខាង​កិច្ច​ការ​ងារ​ព្រំ​ដែន លោក​ស្រី កុយ ពិសី រំពឹង​ថា ភាគី​ទាំង​ពីរ​នឹង​ឈាន​ទៅ​ឯក​ភាព​គ្នា​លើ​លក្ខ​ខណ្ឌ​ប្រតិ​បត្តិ (TOR)។ ជា​លក្ខ​ខណ្ឌ​ប្រតិបត្តិ ដែល​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​ស្នើ​សុំ​ដល់​ភាគី​បារាំង ឲ្យ​មក​ជួយ​គូស​ចម្លង​ផែន​ទី​ព្រំដែន​ដែល​នៅ​សេស​សល់​រវាង​ប្រទេស​ទាំង​ពីរ​ប្រមាណ​ជា​១៤%។ ការ​ប្រើ​ប្រាស់​ផែនទី​ខុស​គ្នា គឺ​ជា​ប្រភព​ស្មុគ​ស្មាញ និង​ជា​ដើម​ហេតុ​នៃ​ជម្លោះ​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ពេល​នេះ​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក​ស្រី កុយ ពិសី អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ព្រំ​ដែន​កម្ពុជា​។

គួរ​ជំរាប​ជូន​ថា កន្លង​មក ភាគី​ទាំង​ពីរ​មិន​ទាន់​ត្រូវ​រ៉ូវ​គ្នា​លើ​សេចក្តី​ព្រាង​លក្ខ​ខណ្ឌ​ប្រតិបត្តិ (TOR) ដោយ​សារ​ភាគី​ឡាវ​បាន​អនុវត្ត​ខុស​នូវ​ខ្លឹម​សារ​ដែល​ប្រមុខ​រដ្ឋា​ភិបាល​ទាំង​ពីរ បាន​ស្នើ​ទៅ​កាន់​ប្រធានា​ធិបតី​បារាំង​។ ក្នុង​ចំណោម​ខ្លឹម​សារ​ពីរ​ចំណុច​នោះ​ ភាគី​ឡាវ​បាន​ឯក​ភាព​តែ​ចំណុច​ទី២​ទេ ពោល​គឺ​ការ​ស្នើ​សុំ​ឲ្យ​បារាំង​ផ្តល់​ផែន​ទី រីឯ​ចំណុច​ទី១ ដែល​ស្នើ​សុំ​អ្នក​ជំនាញ​បារាំង​មក​ជួយ​គូស​ចម្លង​ផែន​ទី​ពី​ខ្នាត ​១/១០០ ០០០​ មក​ផែនទី​ UTM ​ខ្នាត​ ១/៥០ ០០០ ​វិញ​នោះ មិន​ត្រូវ​បាន​ភាគី​ឡាវ​ឯកភាព​ទេ ដោយ​ភាគី​ឡាវ​យល់​ថា ការ​ស្នើ​សុំ​នោះ គឺ​មិន​មែន​ឲ្យ​អ្នក​ជំនាញ​បារាំង​មក​គូស​ផែន​ទី​ផ្ទាល់​ទេ គឺ​ក្នុង​ន័យ​ទុក​ឲ្យ​ភាគី​កម្ពុជា-ឡាវ គូស​ដោយ​ខ្លួន​ឯង​។

សូម​បញ្ជាក់​ថា បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ​ នាយក​រដ្ឋ​មន្ត្រី​ឡាវ លោក ថងលូន ស៊ីស៊ូលីត នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​មក​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែ​កញ្ញា​នេះ​។

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី ១១ កញ្ញា​នេះ បាន​គូស​បញ្ជាក់​ថា ក្រៅ​ពី​មាន​ជំនួប​ជាមួយ​ប្រមុខ​រដ្ឋ​ស្តី​ទី​លោក សាយ ឈុំ និង​ប្រធាន​រដ្ឋ​សភា​កម្ពុជា លោក ហេង សំរិន ហើយ នាយក​រដ្ឋ​មន្ត្រី​ឡាវ លោក ថងលូន ស៊ីស៊ូលីត នឹង​មាន​កិច្ច​ប្រជុំ​ទ្វេរ​ភាគី​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ ជា​ជំនួប​ដែល​ផ្តោត​លើ​ការ​ពិភាក្សា​ជុំវិញ​ទិដ្ឋ​ភាព​ផ្សេងៗ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេរ​ភាគី និង​បញ្ហា​ព្រំ​ដែន​។ ក្រោយ​កិច្ច​ប្រជុំ​នេះ នាយក​រដ្ឋ​មន្ត្រី​ទាំង​ពីរ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯក​សារ​មួយ​ចំនួន និង​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌​មាន​រួម​គ្នា​ផង​ដែរ​។

អ្វី​ជា​ការ​កត់​សំគាល់ ដំណើរ​ទស្សន​កិច្ច​នេះ បាន​កើត​ឡើង​ក្រោយ​ពី​យោធា​នៃ​ប្រទេស​ទាំង​ពីរ បាន​ប្រឈម​មុខ​ដាក់​គ្នា​រយៈ​ពេល​ខ្លី នៅ​តំបន់​ទន្លេ​រពៅ ក្នុង​ស្រុក​ជាំ​ក្សាន្ត​ខេត្ត​ព្រះវិហារ កាល​ពី​ខែសីហា កន្លង​ទៅ​៕