អានតួអត្ថបទ
កម្ពុជា-សន្តិសុខ

ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ ក្នុង​បេសកកម្ម​បោស​សម្អាត​មីន​ក្នុង​ខេត្ត​ប៉ៃលិន

នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៧ បុគ្គលិក​​របស់​អង្គការ HALO ម្នាក់​ត្រូវ​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​បេសកកម្ម​បោស​សំអាត​មីន​មិន​បាន​សម្រេច​នៅ​ចំណុច​អូរ​តាផៃ ភូមិ​បរហ៊ុយជើង សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន។ ហេតុការណ៍​នេះ ក៏​បាន​បណ្តាល​ឲ្យ​បុគ្គលិក​នារី​ម្នាក់​ទៀត​ដែល​កំពុង​ភារកិច្ច​រំដោះ​មីន​នៅ​ក្បែរ​ខាង​នោះ រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។ សូម​បញ្ជាក់​ថា ឧបទ្ទេវហេតុ​ផ្ទុះ​មីន​នេះ បាន​កើត​ឡើង​ចំ​ថ្ងៃ​តែ​មួយ​ដែល​រដ្ឋាភិបាល​ស្វីស​បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ជាង​៣​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​បោស​សំអាត​មីន​នៅ​កម្ពុជា​ចាប់​ពី​ឆ្នាំ ២០១៧ ដល់​ឆ្នាំ​២០១៩។ អត្ថបទ​ដោយ ព្រឿន បញ្ញារី

រូបតំណាង​ពី​បេសកកម្ម​រំដោះ​មីន ដាក់​តាំង​នៅ​សារមន្ទីរ​សង្គ្រាម​ក្នុង​ខេត្ត​សៀមរាប
រូបតំណាង​ពី​បេសកកម្ម​រំដោះ​មីន ដាក់​តាំង​នៅ​សារមន្ទីរ​សង្គ្រាម​ក្នុង​ខេត្ត​សៀមរាប RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

បុគ្គលិក​​របស់​អង្គការ HALO ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រងរបូស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ឧបទ្ទេវហេតុ​ផ្ទុះ​មីន​នៅ​ក្នុង​ទីរួម​ខេត្ត​ប៉ៃលិន។​ សូម​ជម្រាប​ជូន​ថា ហេតុការណ៍​នេះ ដំបូងគឺចាប់ផ្តើម​ចេញ​ពី​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ឈ្មោះ លឿង​ រស្មី អាយុ ៥៥ឆ្នាំ បាន​ប្រទះ​ឃើញ​គ្រាប់​មីន​ប្រភេទ GYATA ហើយ​ភ្លាមៗ​នោះ លោក​បាន​ចាប់​ផ្ដើម​សកម្មភាព​រំដោះមីន​។

យ៉ាង​ណា​មិញ បេសកកម្ម​នេះ​មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​ទេ​។ មិន​ជោគជ័យ​ដោយ​សារ​តែ មីន​បាន​ផ្ទុះ​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​សកម្មភាព ដែល​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​។ ហេតុការណ៍​នេះ​ក៏​បាន​បង្ក​ឲ្យ​បុគ្គលិក​ស្រី​ម្នាក់​ទៀត​របស់​អង្គការ HALO ដែល​កំពុង​បំពេញ​បេសកកម្ម​រំដោះ​មីន​នៅ​ក្បែរ​គ្នា ឈ្មោះ ងុយ ថានី អាយុ​២៨​ឆ្នាំ បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ​។ គួរ​ឲ្យ​ដឹង​ផង​ដែរ នា​ពេល​ភ្លាម​នោះ ជន​រង​គ្រោះ​ដែល​រង​របួស​ធ្ងន់ធ្ងរ​បាន​ត្រូវ​ដឹក​តាម​ឧទ្ធម្ភាគចក្រ​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​នៅ​រាជធានី​ភ្នំពេញ។ ចំនែក​ឯ​ជនរង​គ្រោះ​ដែល​បាន​បាត់​បង់​ជីវិត ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ផង​ដែរ​។

សូម​បញ្ជាក់​ថា ឧបទ្ទេវហេតុ​ផ្ទុះ​មីន​នេះ បាន​កើត​ឡើង​ចំ​ថ្ងៃ​តែ​មួយ​ដែល​រដ្ឋាភិបាល​ស្វីស​បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ជាង​៣,៥​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​បោស​សំអាត​មីន​នៅ​កម្ពុជា​ចាប់​ពី​ឆ្នាំ ២០១៧ ដល់​ឆ្នាំ​២០១៩ បន្ថែម​ពី​លើ​ការ​គាំទ្រ​ថវិកា​ដែល​បាន​ផ្តល់​ជូន​រួច​មក​ហើយ​កាល​ពី​ឆ្នំា​២០១៣ ដល់​ឆ្នាំ​២០១៩​។ ថវិកា​នេះ​ក៏​នឹង​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សម្រេច​បាន​លទ្ធផល​កម្ចាត់​មីន​ជា​អតិបរមា​លើ​ការ​អភិវឌ្ឍ​មនុស្ស​សម្រាប់​សហគមន៍​ក្រីក្រ​ក្នុង​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ប៉ៃលិន ពោល​គឺ​ធ្វើ​ឡើង​តាម​រយៈ​គម្រោង​បោស​សម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់​កាល​ទី​៣​។

សូម​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​៥​ឆ្នាំ ពោល​គឺ​ចាប់​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ​២០១៦ ស្វីស​បាន​ផ្ដល់​ជំនួយ​បោស​សម្អាត​មីន​ក្នុង​ផ្ទៃ​ដី​អាទិភាព​ប្រមាណ​១០៩​លាន​ម៉ែត្រ​ក្រឡា​ដែល​រួម​មាន មីន​ប្រឆាំង​មនុស្ស​ចំនួន ២០.២៤០​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ចំនួន ៣២៥​គ្រាប់ និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន ២៤.៥៥០​គ្រាប់​។ ប្រជាជន​ខ្មែរ​ជិត ៤២០.០០០​នាក់ បាន​ទទួល​ផល​ពីគម្រោង​បោស​សម្អាត​មីន​នេះ ខណៈ​រដ្ឋាភិបាល​ដាក់​ផែនការ​រំដោះ​មីន​ឲ្យ​អស់​ចេញ​ពី​ផ្ទៃ​ដី​កម្ពុជា នៅ​ឆ្នាំ​២០២៥​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ