អានតួអត្ថបទ
កម្ពុជា-ដីធ្លី

ពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​នៅ​ខេត្ត​ព្រះវិហារ​ឡើង​មក​រក​ដំណោះ​ស្រាយ​ពី​ក្រសួង​មហា​ផ្ទៃ

តំណាង​ពលរដ្ឋ​២៥៣​គ្រួសារ មក​ពី​ខេត្ត​ព្រះ​វិហារ​នៅ​ថ្ងៃ​ទី​២៩​មីនា​នេះ បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​មហា​ផ្ទៃ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​ទំនាស់​ដី​ធ្លី​របស់​ពួក​គាត់ ដែល​បាន​កើត​ឡើង​៨​ឆ្នាំ​មក​ហើយ។​ ក្រសួង​មហាផ្ទៃ​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​កែ​តម្រូវ​ចំណុច​ខ្លះ​នៅ​ក្នុង​ញត្តិ សឹម​​យក​ទៅ​ដាក់​ម្ដង​ទៀត​។ ចំណែក​អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ តាម​រយៈ​វិទ្យុ​បារាំង​អន្ដរជាតិ បាន​ស្នើ​ឲ្យ​​ពលរដ្ឋ​ស្វែង​រក​ការ​ដោះ​ស្រាយ​ត្រឹម​ថ្នាក់​ខេត្ត​វិញ​។

រូបភាព​តំណាង៖ ពលរដ្ឋមានជម្លោះដីធ្លី ធ្វើការតវ៉ាទាមទារយកដីរបស់ខ្លួនមកវិញ នាពេលកន្លងមក។
រូបភាព​តំណាង៖ ពលរដ្ឋមានជម្លោះដីធ្លី ធ្វើការតវ៉ាទាមទារយកដីរបស់ខ្លួនមកវិញ នាពេលកន្លងមក។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក ផាន់ ធឿន តំណាង​ពលរដ្ឋ​២៥៣​គ្រួសារ មក​ពី​ខេត្ត​ព្រះ​វិហារ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា ថ្នាក់​ខេត្ត​មិន​បាន​អើ​ពើ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ជូន​ពួក​គាត់​ឡើយ បើ​ទោះ​បី​ជា​ក្រសួង​មហា​ផ្ទៃ​ចេញ​លិខិត​ទៅ​ខេត្ត ឲ្យ​ដោះ​ស្រាយ​បញ្ហា​នេះ​ម្ដង​ជា​ពីរ​ដង​ក៏​ដោយ។ ​បើ​តាម​ពលរដ្ឋ ទំនាស់​ដី​ធ្លី​រវាង​ពលរដ្ឋ​ចំនួន​២៥៣​គ្រួសារ ជាមួយ​អាជ្ញាធរ បាន​កើត​ឡើង​តាំង​ឆ្នាំ​២០១០ នៅ​ភូមិ​ស្វាយ​ជ្រំ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ អំឡុង​ពេល​កើត​មាន​ទំនាស់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ។ កាល​ណោះ អាជ្ញាធរ​បាន​ជម្លៀស​ពលរដ្ឋ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព តែ​ក្រោយ​បញ្ចប់​ការ​បាញ់​បោះ ពលរដ្ឋ​​ជា​ម្ចាស់​ដី​មិន​អាច​ត្រឡប់​ទៅ​រស់​នៅ​លើ​ដី​ធ្លី​របស់​ខ្លួន​វិញ​បាន​ឡើយ ដោយ​អាជ្ញាធរ​អះអាង​ថា​ ដី​ទាំង​នោះ​ត្រូវ​ទុក​ជា​សម្បត្តិ​រដ្ឋ។ នេះ​បើ​តាម លោក ផាន់ ធឿន។

តំណាង​ពលរដ្ឋ​រូប​នេះ​​គូស​បញ្ជាក់​បន្ត​ថា សព្វ​ថ្ងៃ ពលរដ្ឋ​កំពុង​រស់​នៅ​ដោយ​គ្មាន​ទីជម្រក​ច្បាស់​លាស់ និង​គ្មាន​ដី​ស្រែ​ធ្វើ​ចំការ ហើយ​ខ្លះ​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ជា​ដើម។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​តំណាង​ពលរដ្ឋ លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​ព្រះ​វិហារ​បាន​បដិសេធ​ថា​ មិន​មាន​បញ្ហា​បែប​នេះ​កើត​ឡើង​ឡើយ។ បើ​តាម​លោក​អភិបាល​ខេត្ត កន្លង​មក ទំនាស់​ដី​ធ្លី​មួយ​បាន​កើត​ឡើង​នៅ​តំបន់​អភិរក្ស​អាជ្ញាធរ​ប្រាសាទ​ព្រះវិហារ តែ​បញ្ហា​នោះ​បាន​ដោះ​ស្រាយ​បញ្ចប់​ហើយ​នៅ​ថ្នាក់​ជាតិ។ លោក​អភិបាល​ខេត្ត​ក៏​បាន​ជម្រុញ​ទៅ​ប្រជាពលរដ្ឋ ឲ្យ​យក​បញ្ហា​ដី​ធ្លី​នេះ​ទៅ​ដោះស្រាយ​នៅ​ខេត្ត​ប្រសើរ​ជាង។ ការ​លើក​ឡើង​របស់​លោក អ៊ុន ចាន់ដា យ៉ាង​ដូច្នេះ ត្រូវ​បាន​លោក ផាន់ ធឿន តំណាង​ប្រជាពលរដ្ឋ​ចាត់​ទុក​ថា គ្រាន់​តែ​ជា​ការ​គេច​វេសពី​ទំនួស​ខុស​ត្រូវ​ប៉ុណ្ណោះ។

ជុំវិញ​ទំនាស់​ដី​ធ្លី​នេះ​ដែរ មន្ដ្រី​អង្គការ​សង្គម​ស៊ីវិល​បាន​កត់​សម្គាល់​ថា ភាគ​ច្រើន មន្ដ្រី​នៅ​ថ្នាក់​ខេត្ត​ហាក់​ដូច​ជា​មិន​សូវ​ប្រឹង​ប្រែង​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​អស់​ពី​លទ្ធភាព​ឡើយ​។ នេះ​ហើយ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​អស់​ជំនឿ​ ហើយ​ឡើង​មក​ភ្នំពេញ​ដើម្បី​ស្វែង​រក​អន្តរាគមន៍​។ នេះ​បើ​តាម​លោក អ៊ិន គង់ជិត មន្ត្រី​បំរើ​ការងារ​នៅ​អង្គការ​លីកាដូ ដែល​បាន​តាម​ដាន​យ៉ាង​ជាប់​លាប់​ពី​បញ្ហា​ទំនាស់​ដី​ធ្លី​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ