ក្រសួងដែនដីសន្យាដោះស្រាយបញ្ចប់វិវាទដីធ្លី ដ៏រ៉ាំរ៉ៃជាង១០ឆ្នាំ នៅខេត្តកោះកុង
ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់នៅព្រឹកថ្ងៃពុធនេះ បានយល់ព្រមឲ្យមន្ត្រីសុរិយោដីរបស់ខ្លួនបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ នៅស្រុកស្រែអំបិលខេត្តកោះកុងហើយ។ ការបញ្ជាក់ដូចនេះបានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុនស្ករអំពៅជាង១០០គ្រួសារ នាំគ្នាទៅកាន់ក្រសួងដែនដី និងសុំកិច្ចអន្តរាគមន៍ពីក្រសួងសាមីមួយនេះ ដើម្បីពួកគេទទួលបានដីស្នាក់នៅនិងធ្វើចំការដូចប្រក្រតីឡើងវិញ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៣
ដោយមិនទន្ទឹងរង់ចាំយូរ ប្រជាពលរដ្ឋចំនួន១៤៦គ្រួសារ ដែលមានទំនាស់ដីធ្លីមកពីខេត្តកោះកុង បាននាំគ្នាទៅកាន់ក្រសួងដែនដី ដើម្បីស្នើសុំឲ្យក្រសួងជួយដោះស្រាយបញ្ហាដីធ្លីដែលក្រុមហ៊ុនរំលោភយក ហើយបានក្លាយជាជំលោះដ៏រ៉ាំរ៉ៃ។ ជាភ័ព្វសំណាងប្រជាពលរដ្ឋទាំងនេះ ត្រូវបានទទួលដោយរដ្ឋមន្ត្រី ក្រសួងដែនដី លោក ជា សុផារ៉ា។
អ្នកស្រី យី គន្ធា តំណាងប្រជាពលរដ្ឋមកពីស្រុកស្រែអំបិល ខេត្តកោះកុង ថ្លែងថា ជំនួបជាមួយលោករដ្ឋមន្ត្រីជា សុផារ៉ា បាននាំមកនូវក្តីសង្ឃឹម ដោយលោករដ្ឋមន្ត្រីបានចេញលិខិតមួយទៅអាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋានធ្វើការដោះស្រាយ ចាប់ពីថ្ងៃទី៤ខែកញ្ញា ដល់ថ្ងៃទី៣០ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។ នៅក្នុងអំឡុងពេលនេះ អាជ្ញាធរនឹងធ្វើការស្រង់ស្ថិតិ អត្តសញ្ញាណប្រជាពលរដ្ឋដែលបានតវ៉ាទាំងអស់ឲ្យបានច្បាស់លាស់ ចៀសវាងប្រជាជនមួយចំនួនទទួលបានដំណោះស្រាយម្តងហើយ បន្លំឲ្យអាជ្ញាធរដោះស្រាយឲ្យពួកគេម្តងទៀត។ នេះបើតាមអ្នកស្រី យី គន្ធា។
សូមរំលឹកថាប្រជាពលរដ្ឋស្រុកស្រែអំបិលខេត្តកោះកុងទាំងនេះ បាននាំគ្នាឡើងមកភ្នំពេញអស់រយៈពេលកន្លះខែហើយ ដោយសា្នក់នៅតាមវត្ត។ ការសម្រេចចិត្តឡើងមកភ្នំពេញលើកនេះ ក៏ដោយសារតែដីចំការនិងលំនៅដ្ឋានរបស់ពួកគាត់ ត្រូវបានក្រុមហ៊ុនលី យ៉ុងផាត់ រំលោភយកដើម្បីធ្វើជាចំការអំពៅ កាលពីឆ្នាំ២០០៦។ ក៏ប៉ុន្តែតំណាងក្រុមហ៊ុនលី យ៉ុងផាត់ បានបដិសេធជាញឹកញយថាខ្លួនមិនមានការទាក់ទងនឹងទំនាស់ដីធ្លីនេះទេនៅពេលនេះ។
ក៏ប៉ុន្តែប្រជាពលរដ្ឋដែលបានឡើងមកតវ៉ារឿងដីធ្លីនៅពេលនេះបានទទូចពេញៗមាត់នៅថ្ងៃនេះដែរថា ដើមហេតុមកពីក្រុមហ៊ុន លី យ៉ុងផាត់ មុននឹងមានការផ្ទេរការទទួលខុសត្រូវទៅកាន់ក្រុមហ៊ុនណាមួយផ្សេងទៀត ដូច្នេះតំណាងក្រុមហ៊ុនគួរតែមានកិច្ចសហការជាមួយសមត្ថកិច្ច និងប្រជាជន ដើម្បីបញ្ចប់វិវាទដីធ្លីនេះឲ្យជ្រះស្រឡះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ