អានតួអត្ថបទ
កម្ពុជា

ក្រសួង​ដែនដី៖ ក្រុមហ៊ុន និង​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ព្រម​ព្រៀង​គ្នា​បញ្ចប់​ករណី​វិវាទ​ដី​ធ្លី​នៅ​កោះកុង

ក្រសួង​ដែនដី​កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ស្ករ និង​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ក្នុង​ខេត្ត​កោះកុង​បាន​ព្រម​ព្រៀង​គ្នា​បញ្ចប់​ករណី​វិវាទ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ។ តែ​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​អះអាង ថា​ករណី​វិវាទ​ដី​ធ្លី​នៅ​ឃុំ​ជីខ​លើ ខេត្ត​កោះកុង មិន​ទាន់​បញ្ចប់​ទាំង​ស្រុង​នៅ​ឡើយ​ទេ។ មិន​ទាន់​បញ្ចប់ ដោយ​សារ​តែ​ពលរដ្ឋ​ជាង​២០០​គ្រួសារ​ទៀត មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ផ្លូវ​ការ​ណា​មួយ​ពី​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ រួម​នឹង​ក្រុមហ៊ុន​ស្ករ​នៅ​ឡើយ។ នេះ​បើ​តាម​មន្ដ្រី​អង្គការ​សង្គម​ស៊ីវិល​។

រូបភាព​ចាស់៖ ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុង និង ខេត្តព្រះសីហនុ
រូបភាព​ចាស់៖ ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុង និង ខេត្តព្រះសីហនុ RFI/ វណ្ណ សុគន្ធា
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ក្រសួង​ដែនដី នគរូបនីយកម្ម និងសំណង់ បាន​ប្រកាស​ថា​ជម្លោះ​ដី​ធ្លី​រវាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​ប្រមាណ​៣៧៥​គ្រួសារ​ក្នុង​ខេត្ត​កោះកុង ត្រូវ​បាន​ដោះ​ស្រាយ​បញ្ចប់​ជា​ស្ថាពរ​ ដោយ​ក្រុម​ប្រជាពលរដ្ឋ​បាន​យល់​ព្រម​ទទួល​យក​ដំណោះ​ស្រាយ​ពី​ក្រុមហ៊ុន និង​ក្រសួង​ពាក់​ព័ន្ធ។

ក្នុង​នោះ ភាគី​ក្រុមហ៊ុន​យល់​ព្រម​ឲ្យ​រដ្ឋ​កាត់​ដី​ទំហំ​៨២៥​ហិកតា ស្ថិត​នៅ​ក្នុង​ឃុំ​ជីខលើ ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​រដ្ឋ​ធ្វើ​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​១៧៥​គ្រួសារ ក្នុង​ទំហំ​ដី​៣​ហិកតា និង​ថវិកា​ចំនួន​២.៥០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ។ ហើយ​ក្រុម​ប្រជាពលរដ្ឋ​២០០​គ្រួសារ​ផ្សេង​ទៀត​ យល់​ព្រម​ទទួល​យក​ដំណោះ​ស្រាយ​ជា​ដី​ទំហំ​១,៥​ហិកតា ក្នុង​មួយ​គ្រួសារ។

សូម​ជម្រាប​ ករណី​វិវាទ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ​ប្រមាណ​៣៥៧​គ្រួសារ និង​ក្រុមហ៊ុន Koh kong Plantation Co., Ltd. និង​ក្រុមហ៊ុន Koh Kong Suger Industry Co.,Ltd. នេះ កើត​ឡើង​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ ចាប់​តាំង​ពី​ពេល​ដែល​ក្រុមហ៊ុន ទទួល​បាន​សិទ្ធិ​សម្បទាន​សេដ្ឋកិច្ច​នៅ​ឃុំ​ជីខលើ និង​ឃុំ​កណ្ដោល ខេត្ត​កោះកុង ដើម្បី​វិនិយោគ​ដំណាំ​អំពៅ។

យ៉ាង​ណា​ក៏​ដោយ លោក អ៊ិន គង់ជិត មន្ដ្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ ប្រចាំ​ខេត្ត​កោះកុង និង​ជា​អ្នក​តាម​ដាន​ករណី​វិវាទ​ដី​ធ្លី​នេះ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការ​ដោះ​ស្រាយ​របស់​ក្រសួង​ដែនដី​នៅ​ពេល​នេះ គឺ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ ពោល​គឺ​នៅ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​គ្រួសារ​ទៀត ដែល​មិន​ទាន់​ទទួល​បាន​ដោះ​ស្រាយ​នៅ​ឡើយ។

លោក​បន្ថែម​ថា បណ្តឹង​របស់​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​ផ្សេង​ទៀត មិន​ត្រូវ​បាន​ដោះ​ស្រាយ​នោះ​ទេ ដោយ​សារ​តែ​ពួក​គាត់​មិន​បាន​ចូល​រួម​ការ​តវ៉ា​ញឹក​ញាប់ ហើយ​ប្រជាពលរដ្ឋ ដែល​មិន​ទាន់​ទទួល​បាន​ការ​ដោះ​ស្រាយ​នឹង​ធ្វើ​ការ​តវ៉ា​នា​ពេល​ខាង​មុខ​នេះ។

បើ​តាម លោក អ៊ិន គង់ នៅ​ក្នុង​ខេត្ត​កោះកុង​ទាំង​មូល មាន​ករណី​វិវាទ​ដី​ធ្លី​ធំៗ​ចំនួន​៥​ករណី ហើយ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ដែនដី​កាល​ពី​ឆ្នាំ​២០១៧ បង្ហាញ​ថា​ គណៈកម្មការ​សុរិយោដី​បាន​ដោះ​ស្រាយ​ចប់​ករណី​វិវាទ​ដី​ធ្លី​ចំនួន​៨៥​ករណី នៅ​ទូទាំង​ប្រទេស ខណៈ​វិវាទ​ដីធ្លី​ចំនួន​៧៣១​ករណី​ទៀត​កំពុង​ដោះ​ស្រាយ​បន្ត។ ចំណែក​វិវាទ​ដី​ធ្លី​ដោះ​ស្រាយ​ដោយ​ក្រុម​ការងារ​ក្រសួង មាន​១២៣​ករណី៖ ក្នុង​នោះ​ដោះ​ស្រាយ​បញ្ចប់​ចំនួន​២៥​ករណី និង​បាន​ធ្វើ​លិខិត​ឆ្លើយ​តប​ទៅ​ម្ចាស់​បណ្តឹង ឬ​បង្វែរ​ទៅ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ចំនួន​៩៨​ករណី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ