rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា កម្មករ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ទិវា​ពលកម្ម​អន្តរជាតិ៖​លោក​ហ៊ុន សែន​ទៅ​រាំ​លេង​ជាមួយ​កម្មករ ឯ​សហជីព​ជួប​ជុំ​គ្នា​បង្ហាញ​ពី​ទុក្ខ​កង្វល់

media
​លោក​ហ៊ុន សែន ​​រាំ​លេង​ជាមួយ​កម្មករ កម្មាករនី ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ @Samdech Hun Sen, Cambodian Prime Minister

ថ្ងៃ​ទី​០១ ឧសភា​នេះ គឺ​ជា​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​ទី​១៣២។ នៅ​ព្រឹក​នេះ រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​សហជីព​កម្មករ​បាន​រៀប​ចំ​ព្រឹត្តិការណ៍​ដាច់​ដោយ​ឡែកៗ​ពី​គ្នា។ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ទៅ​ជួប​និង​រាំ​លេង​កម្សាន្ត​ជាមួយ​កម្មករ-កម្មការិនី​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។ រីឯ​ក្រុម​សហជីព​កម្មករ​វិញ បាន​ជួប​ជុំ​គ្នា​នៅ​សួន​ច្បារ​ខាង​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) ដើម្បី​បង្ហាញ​ពី​ក្តី​កង្វល់​និង​ស្នើ​សុំ​លក្ខខណ្ឌ​ការងារ​បន្ថែម​ដល់​កម្មករ។


លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​យក​ឱកាស​នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​០១ ឧសភា​នេះ ចុះ​ទៅ​ជា​ជួប​សួរ​សុខ​ទុក្ខ បរិភោគ​អាហារ​រួម​គ្នា និង​ចូល​រួម​រាំ​លេង​កម្សាន្ត​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​ជាង​៥​ពាន់​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។ នៅ​ទី​នោះ លោក​នាយក​រដ្ឋមន្រ្តី​មិន​បាន​ថ្លែង​សុន្ទរកថា​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ទេ ដោយ​គ្រាន់​តែ​ថ្លែង​អំណរគុណ​ដល់​កម្មករ កម្មការិនី​ដែល​មក​ចូល​រួម​និង បាន​ចែក​ប្រាក់​ឧបត្ថម្ភ​ដល់​ពួក​គេ​ក្នុង​ម្នាក់ៗ​ចំនួន​៥​ម៉ឺន​រៀល។

ក៏​ប៉ុន្តែ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​វិញ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ឆ្លៀត​រំលេច​នូវ​បញ្ហា​សន្តិភាព។ សន្តិភាព​ដែល​លោក​គូស​បញ្ជាក់​ថា បាន​ផ្តល់​ឱកាស​ជា​ច្រើន​សម្រាប់​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា​ជា​លក្ខណៈ​មហាគ្រួសារ​ខ្មែរ។ លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ផ្តាំ​ឲ្យ​កម្មក កម្មការិនី​ទាំង​អស់​ចូល​រួម​ថែរក្សា​សន្តិភាព​ឲ្យ​បាន​គង់វង្ស។ បន្ថែម​ពី​លើ​នេះ លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​លោក និង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ផង​ទៀត។

ចំណែក​ក្រុម​សហជីព​កម្មករ​ឯណោះ​វិញ ពោល​គឺ​ដូច​ជា​រៀង​រាល់​ឆ្នាំ​ដែរ នៅ​ឆ្នាំ​នេះ​ក្រុម​សហជីព​ដែល​ដឹក​នាំ​ដោយ​សហភាព​ការងារ​កម្ពុជា​របស់​លោក​អាត់ ធន់ បាន​ទៅ​ជួប​ជុំ​គ្នា​នៅ​សួនច្បារ​ខាង​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) ជិត​វត្ត​ភ្នំ។ នៅ​ទី​នោះ ក្រុម​សហជីព​បាន​ថ្លែង​ពី​ទុក្ខ​កង្វល់ និង​ក្តី​ព្រួយ​បារម្ភ​ដែល​កើត​មាន​ចំពោះ​កម្មករ​និង​តំណាង​សហជីព។ ជាមួយ​គ្នា​នេះ ក្រុម​អ្នក​ជួប​ជុំ​ក៏​បាន​លើក​ជា​បដា​បង្ហាញ​ពី​ការ​ចង់​បាន​នានា​របស់​ខ្លួន​ថែម​ទៀត។

លើស​ពី​នេះ​ទៅ​ទៀត ក្រុម​សហជីព​ក៏​បាន​សរសេរ​ញតិ្ត​រួម​មួយ ដោយ​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋសភា​ជាតិ​ឲ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ចំនួន​១៩​ចំណុច។ បញ្ហា​ទាំង​នេះ រួម​មាន​ជា​អាទិ៍ ស្នើ​សុំ​ដំឡើង​ប្រាក់​ខែ​២០៧​ដុល្លារ​ដល់​កម្មករ កម្មការិនី ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋសភា​ជាតិ​ធានា​នូវ​សេរីភាព​សហជីព​ឲ្យ​ស្រប​តាម​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ម្យ៉ាង​វិញ​ទៀត ក្រុម​សហជីព​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន នៅ​ក្នុង​ច្បាប់​ស្តី​សហជីព​ផង​ដែរ។

សូម​បញ្ជាក់​ថា ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ឆ្នាំ​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​សហជីព​ហែ​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា​ជាតិ​ឡើយ។ ក៏​ប៉ុន្តែ​ជំនួស​មក​វិញ តំណាង​រដ្ឋសភា​ជាតិ​ចំនួន​៤​រូប​បាន​មក​ទទួល​យក​ញត្តិ​ដោយ​ផ្ទាល់​ពី​ក្រុម​សហជីព​នៅ​កន្លែង​ជួប​ជុំ​តែ​ម្តង៕