អានតួអត្ថបទ
កម្ពុជា-នយោបាយ

សមាគម​ជនជាតិ​កូរ៉េ​នៅ​​កម្ពុជា​ លើក​បដា​តវ៉ា​ចំពោះ​ការ​អភិវឌ្ឍ​អាវុធ​នុយ​ក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​

នៅ​រសៀល​ថ្ងៃអង្គារ​នេះ ជនជាតិ​កូរ៉េដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​ជិត ៥០នាក់ បាន​ប្រមូល​ផ្តុំគ្នា លើក​បដា តវ៉ា​នៅ​មុខ​សមាគម​របស់​ខ្លួន​ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ដើម្បី​ប្រឆាំង​ចំពោះ​ការ​ប៉ុនប៉ង​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាងជើង​។ សមាគម​ជនជាតិ​កូរ៉េ​នៅ​កម្ពុជា ដែល​តំណាង​អោយ​ជនជាតិ​កូរ៉េ នៅ​កម្ពុជា​ជាង​ ២​មឺន​នាក់ បាន​ទាមទាអោយ​មេ​ដឹកនាំ​កូរ៉េ​ខាងជើង សូម​បញ្ឈប់​ជា​បន្ទាប់ និង​បំផ្លាញ​អាវុធ​នុយក្លេអ៊ែរ​ទាំងអស់​ចោល ដោយ​ងាក​មក​ការ​ចរចា​រក​ដំណោះស្រាយ​សន្តិភាព​វិញ។

សមាគមជនជាតិកូរ៉េនៅកម្ពុជា លើកបដាតវ៉ា នៅថ្ងៃទី១៣ កញ្ញា ក្នុងសង្កាត់ភ្នំពេញថ្មី។
សមាគមជនជាតិកូរ៉េនៅកម្ពុជា លើកបដាតវ៉ា នៅថ្ងៃទី១៣ កញ្ញា ក្នុងសង្កាត់ភ្នំពេញថ្មី។ @RFI/Sopheak
ផ្សាយពាណិជ្ជកម្ម

 

បដា​ជា​អក្សរ​កូរ៉េ និង​រូបថត លោក គីម ជុងអ៊ុន ប្រធានា​ធិបតី​កូរ៉េខាងជើង និង​រូប មីស៊ីល ដែល​ខ្វែង​ទឹកថ្នាំ​ពណ៌ក្រហម ពីលើ ត្រូវ​បាន​ ជនជាតិ​កូរ៉េ​ខាងត្បូង​ មួយ​ក្រុម  ប្រើ​ជា​ឧបករណ៍​តវ៉ានៅ​រសៀល ថ្ងៃទី​១៣ កញ្ញា​នេះ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ ។ នៅ​មុខ​ស្នាក់ការ សមាគម​ជនជាតិ​កូរ៉េ​នៅ​កម្ពុជា ប្រធាន​សមាគម លោក​ គីម យ៉ុនសិក (Kim Hyun Sick) បាន​ថ្លែង (តាម​រយះ​អ្នក​បកប្រែ) ថាសកម្មភាព​តវ៉ា​នេះនឹង​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​ ដើម្បីប្រឆាំង​នឹង​ការ​ប៉ុនប៉ង​អភិ​វឌ្ឍ​អាវុធនុយក្លេអ៊ែរ របស់​ប្រទេស​កូរ៉េ​ខាងជើង​។

ប្រធាន​សមាគមរូប​នេះ បាន​បន្ថែម​ថា សេចក្តី​ថ្លែងការណ៍ របស់​សមាគម​ ដែលតំណាង​អោយ ជនជាតិ​ កូរ៉េ ជាង ២​មឺន នាក់ កំពុង​ស្នាក់​នៅ​កម្ពុជានឹង​ផ្ញើ​ទៅ​កាន់ស្ថាន​ទូត​កូរ៉េ​ខាងត្បូង និង​អង្គការ​សហប្រជាជាតិ ដើម្បី​ទាមទារ​អោយ កូរ៉េ​ខាងជើង បញ្ឈប់​ជា​បន្ទាន់ ហើយ​បំផ្លាញ​អាវុធ​នុយ​ក្លេអ៊ែរ​ចោលទាំង​ស្រុង។

បើ​តាមលោក​ គីម យ៉ុនសិក សមាគម​ជនជាតិ​កូរ៉េ​នៅ​កម្ពុជា មាន​ការ​ខឹង​សម្បារ នឹងការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែល​ជា​មូលហេតុ​មួយ បណ្តាល​អោយ លោកស្រី​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ប៉ាក់ គុនហេ ពន្យា​ពេល មក​ទស្សនកិច្ច​នៅកម្ពុជាធ្វើ​អោយ​សមាគមកូរ៉េ ខកខាន​ឱកាស​ល្អ ដើម្បី​ជួប​ប្រមុខរដ្ឋ​ពួកគេ ដើម្បី​បង្ហាញពី​ទំនាក់​ទំនង​សង្គមកូរ៉េ ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​។

គួរ​ជម្រាប​ថា ការ​តវ៉ា​របស់​ជនជាតិ​កូរ៉េ​នៅ​កម្ពុជា នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ ក្រោយ​ពេល ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃទី​១២ កញ្ញា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ សម្តែង​កង្វល់​ ចំពោះ ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ កាល​ពី​ថ្ងៃ​ទី​០៩ កញ្ញា ២០១៦ របស់​ កូរ៉េ​ខាងជើង ដែល​បាន​បំពាន​យ៉ាង​ច្បាស់​ទៅ​លើ សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​អាច​ងាយ​បង្ក​ហេតុ​អោយ​ស្ថានភាព​កាន់​តែ​យ៉ាប់​ឡើង ក្នុង​ឧបទ្វីប​កូរ៉េ។ កម្ពុជា បាន​បញ្ជាក់​ជា​ថ្មី ពី សារៈសំខាន់​នៃ​សន្តិភាព និង​សន្តិសុខ ក្នុង​ឧបទ្វីបកូរ៉េ ព្រម​ទាំង​គាំទ្រ​ពេញ​ទំហឹង​ ចំពោះ​ការ​ដកចោល​នូវ​អាវុធនុយក្លេអ៊ែរ ក្នុងតំបន់​នេះ ដើម្បី​ជា​ប្រយោជន៍​សន្តិភាព សន្តិសុខ និង​ស្ថេរភាព។ កម្ពុជា​ ទទូច​ជា​ខ្លាំង​ដល់ កូរ៉េ​ខាងជើង អោយ​អនុលោម​តាម រាល់​សេចក្តី​សម្រេច​របស់​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ