អានតួអត្ថបទ
កម្ពុជា

អ្នក​អភិរក្ស​ចាប៉ី​ដង​វែង គង់​ ណៃ ត្រូវ​បាន​លើក​ទឹក​ចិត្ត​ពី​ប្រមុខ​រដ្ឋាភិបាល​បន្ទាប់​ពី​ទទួល​បាន​ពាន​រង្វាន់​សិល្បៈ​វប្បធម៌​នៅ​ជប៉ុន

លោក​តា គង់ ណៃ និង​លោក​តា ប្រាជ្ញ ឈួន ដែល​សុទ្ធ​សឹង​ជា​អ្នក​ស្រលាញ់​ចូល​ចិត្ត​និង​អភិរក្ស​សិល្បៈ​ចាប៉ី​ដង​វែង​នៅ​ថ្ងៃ​សុក្រ​នេះ ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បំពាក់​ជូន​មេដាយ​កិត្តិយស ព្រះ​រាជា​ណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍។ ការ​ផ្តល់​តម្លៃ​ដ៏​ខ្ពង់​ខ្ពស់​ដល់​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​ទាំង​ពីរ​រូប​នៅ​ពេល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​តា គង់ ណៃ ត្រូវ​បាន​ទទួល​ស្គាល់​និង​ផ្តល់​កិត្តិយស ដោយ​ប្រទេស​ជប៉ុន និង​បាន​ផ្តល់​ពាន​រង្វាន់«សិល្បៈ​និង​វប្បធម៌​ហ្វុគុ​អូកា»ឆ្នាំ​២០១៧ កាល​ពី​ពេល​ថ្មីៗ​នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ @FB/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

ដូច​ការ​គ្រោង​ទុក លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ អម​ដោយ​លោក​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង ប្រាជ្ញ ឈួន ផង​ដែរ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បំពាក់​ជូន​នូវ​មេដាយ​ថ្នាក់​មហា​សេរី​វឌ្ឍន៍ និង​ផ្តល់​ថវិកា​ចំនួន​១០០​លាន​រៀល ដល់​លោក​តា គង់ ណៃ ហើយ​២០​លាន​រៀល​ទៀត ដល់​លោក​តា​ប្រាជ្ញ ឈួន។

ការ​ផ្តល់​កិត្តិយស​ដល់​ធន​ធាន​រស់​សិល្បៈ​ចាប៉ី​ដង​វែង​ទាំង​ពីរ​រូប​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​យក​ចិត្ត​ទុក​ដាក់​មួយ​ពី​សំណាក់​រដ្ឋាភិបាល​ដល់​អ្នក​សិល្បៈ ដែល​មាន​វ័យ​ចាស់​ជរា ព្រម​ទាំង​ពិការ​ភ្នែក​ផង​នោះ ដែល​ពួក​គាត់​បាន​ប្រឹង​ប្រែង​អភិរក្ស​សិល្បៈ​វប្បធម៌​ខ្មែរ ដល់​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត។

លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ត្រូវ​បាន​គណៈកម្មាធិការ​ពាន​រង្វាន់​ក្រុង​ហ្វុគុ​អូកា​នៃ​ប្រទេស​ជប៉ុន សម្រេច​ជ្រើស​រើស​ជា​ជ័យ​លាភី នៃ​ពាន​រង្វាន់​សិល្បៈ​វប្បធម៌​ហ្វុគុ​អូកា ឆ្នាំ​២០១៧។ ហើយ​ពីធី​នេះ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី ១៥​ខែ​កញ្ញា​ឆ្នាំ ២០១៧​នៅ​ប្រទេស​ជប៉ុន។ តាម​រយៈ​ពាន​រង្វាន់​នេះ លោក​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​គង់ ណៃ ដែល​ពិការ​ភ្នែក​ទាំង​សង​ខាង​នោះ ត្រូវ​បាន​ទទួល​យ៉ាង​កក់​ក្តៅ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​តំណាង​ក្រសួង​វប្បធម៌ និង​សិល្បៈករ​យ៉ាង​សន្ធឹក​សន្ធាប់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នេះ​ដែរ ក៏​បាន​សម្តែង​ការ​អប​អរ​និង​លើក​ឡើង​ពី ការ​គាំទ្រ​របស់​លោក​ទៅ​ដល់​សិល្បៈ​ចាប៉ី​ដង​វែង ដោយ​លោក​តែង​តែ​ផ្តល់​កិត្តិយស​ដល់​លោក​តា គង់ ណៃ ចូល​រួម​ច្រៀង​ចាប៉ី នៅ​ក្នុង​ពិធី​ជប់​លៀង​រដ្ឋសភា​ម្តងៗ។

សូម​បញ្ជាក់​ថា លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ មាន​ដើម​កំណើត​នៅ​ខេត្ត​កំពត។

លោក​បាន​ពិការ​ភ្នែក​ទាំង​សង​ខាង​ចាប់​តាំង​ពី​មាន​អាយុ​៤​ឆ្នាំ​មក​ម៉្លេះ ដោយ​សារ​ជំងឺ​អុត​ធំ។ លោក​តា​គង់ ណៃ ចាប់​ផ្តើម​រៀន​វិជ្ជា​ចាប៉ី​ដង​វែង ពី​ឳពុក​មា កាល​ដែល​លោក​មាន​អាយុ​១៤​ឆ្នាំ។ ក្រោយ​ថ្ងៃ​រំដោះ លោក​តា​គង់ ណៃ បាន​ទទួល​ជ័យ​លាភី​លេខ​១​នៅ​ទូទាំង​ខេត្ត​កំពត ក៏​ដូច​ជា​ទូទាំង​ប្រទេស នៅ​ទសវត្ស​ឆ្នាំ​៨០ ៩០ និង​ទទួល​បាន​វិញ្ញាបនប័ត្រ គ្រឿង​ឥស្សរិយយស​ជា​ច្រើន​ទៀត​ពី​រដ្ឋាភិបាល​កម្ពុជា ហើយ​ចុង​ក្រោយ​នេះ ក៏​បាន​ទទួល​ពាន​រង្វាន់​ធំ​គឺ«សិល្បៈ​និង​វប្បធម៌​ហ្វុគុ​អូកា ដែល​ពាន​រង្វាន់​នេះ មាន​តែ​មនុស្ស​៣​នាក់​ប៉ុណ្ណោះ​ទទួល​បាន​គឺ លោក​ព្រឹទ្ធាចារ្យ​ឆង ផុន លោក​អាង ជូលៀង និង​លោក​តា​គង់ ណៃ ពេល​នេះ។ សូម​បញ្ជាក់​ដែរ​ថា ចាប៉ី​ដង​វែង​ខ្មែរ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបិ​នៃ​មនុស្ស​ជាតិ​ របស់​អង្គការ​យូណេស្កូ​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ