rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ទេសចរណ៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ឧទ្យាន​ជាតិ​សមុទ្រ​ដំបូង​គេ នឹង​ត្រូវ​បង្កើត​លើ​ឧទ្យាន​ជាតិ​កោះ​រ៉ុង ក្នុង​ខេត្ត​ព្រះសីហនុ​ នា​ពេល​ខាង​មុខ

media
ឧទ្យាន​ជាតិ​សមុទ្រ​ដំបូង​គេ នឹង​ត្រូវ​បង្កើត​លើ​ឧទ្យាន​ជាតិ​កោះ​រ៉ុង ក្នុង​ខេត្ត​ព្រះសីហនុ​ @សហការី

ក្រសួង​បរិស្ថាន បាន​បញ្ជាក់​ថា​ឲ្យ​ដឹង​ថា ក្រសួង នឹង​មាន​គម្រោង​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​ជា​ប្រវត្តិ​សាស្ត្រ នៅ​លើ​ឧទ្យាន​ជាតិ​កោះ​រ៉ុង ក្នុង​ខេត្ត​ព្រះសីហនុ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ បើ​តាម​មន្ត្រី​ក្រសួង​បរិស្ថាន ការ​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​នេះ គឺ​ដើម្បី​ការពារ និង​អភិរក្ស​ធនធាន​សមុទ្រ​ ដែល​កំពុង​រង​សម្ពាធ​រេច​រឹល។ ទោះ​យ៉ាង​ណា នៅ​ពេល​នេះ​ក្រសួង​បរិស្ថាន​ កំពុង​ពិនិត្យ​មើល​លទ្ធភាព​ដៃ​គូ​សហការ ដើម្បី​ជួយ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ជា​មុន​សិន។


កោះ​រ៉ុង គឺ​ជា​ទិស​ដៅ​អភិរក្ស​ធន​ធាន​សមុទ្រ​ដំបូង​គេ ដោយ​សារ​នៅ​ទី​នោះ​ជា​តំបន់​មាន​សក្កានុពល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ នៅ​ក្នុង​ចំណោម​កោះ​ដទៃ​ទៀត ក្នុង​តំបន់​សមុទ្រ​របស់​កម្ពុជា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ស្រ៊ុន ដាររិទ្ធិ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន។ លោក​ ស្រ៊ុន ដាររិទ្ធិ បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ នឹង​មាន​ប្រយោជន៍​សម្រាប់​ធនធាន​ធម្មជាតិ​នៅ​ទី​នោះ ព្រោះ​ថា​រដ្ឋាភិបាល​ នឹង​អាច​ប្រើ​ប្រាស់​ការ​ការពារ ដោយ​ប្រព័ន្ធ​ច្បាប់​ ទៅ​កាន់​ជន​ណា ដែល​មាន​ចេតនា​បំផ្លិច​បំផ្លាញ​ដល់​ធនធាន​ធម្មជាតិ។

បើ​តាម​លោក ​សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បច្ចុប្បន្ន​ក្រសួង បាន​នឹង​កំពុង​ពិនិត្យ​មើល​លទ្ធភាព​ដៃ​គូ​សហការ ដើម្បី​ជួយ​អភិវឌ្ឍន៍​ធនធាន​មនុស្ស ដូច​ជា​អ្នក​ស្រាវជ្រាវ អ្នក​វិទ្យាសាស្រ្ត ដើម្បី​កំណត់​ព្រំ​ប្រទល់ ផែន​ការ​ការពារ និង​អភិរក្ស​ធន​ធាន​ធម្មជាតិ​ជីវៈចម្រុះ នៅ​តំបន់​សមុទ្រ និង​ការ​ពង្រឹង​សមត្ថភាព​ឧទ្យានុរក្ស ដើម្បី​ពង្រឹង​បណ្តាញ​ការពារ​សមុទ្រ។

គួរ​ជម្រាប​ជូន​ថា កោះ​រ៉ុង ត្រូវ​បាន​ក្រសួង​បរិស្ថាន​ដាក់​ចូល​ជា​ឧទ្យាន​ជាតិ​កោះ​រ៉ុង ជាង ១​ឆ្នាំ​មក​ហើយ ដោយ​មាន​កិច្ច​សហការ​អភិរក្ស​ជាមួយ​អង្គការ​សត្វ​ព្រៃ និង​រុក្ខជាតិ​អន្តរជាតិ ហៅ​កាត់​ថា FFI។ តាម​មន្ត្រី​ក្រសួង​បរិស្ថាន ធនធាន​ធម្មជាតិ​នៅ​លើ​កោះ​រ៉ុង អាច​នឹង​ទទួល​រង​សម្ពាធ​រេច​រឹល​ជាង​នេះ ប្រសិន​បើ​គ្មាន​ការ​អភិរក្ស ព្រោះ​ថា​វត្តមាន​ផ្ទះ​សំណាក់ សណ្ឋាគារ និង​អាជីវកម្ម​ផ្សេងៗ កំពុង​កើត​ឡើង​ព្រោង​ព្រាត លើ​តំបន់​កោះ​មួយ​នេះ។

សូម​បញ្ជាក់​ថា ​ក្រសួង​បរិស្ថាន កំពុង​សិក្សា និង​ធ្វើ​ការ​អភិរក្ស​ធនធាន​ធម្មជាតិ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ ៣​ធំៗ គឺ​ធនធាន​ធម្មជាតិ​ដី​គោក ធនធាន​ធម្មជាតិ​ទឹក​សាប និង​ធនធាន​ធម្មជាតិ​តំបន់​ឆ្នេរ ដែល​បច្ចុប្បន្ន មាន​ឧទ្យានុរក្ស​ ប្រមាណ ១​ម៉ឺន​២​ពាន់​នាក់ កំពុង​ប្រតិបត្តិ​ការ​ការងារ​ដោយ​ផ្ទាល់​ នៅ​តាម​ឧទ្យាន​ទាំង​អស់។ ក្នុង​នោះ​ផង​ដែរ ក្រសួង​បរិស្ថាន បាន​បង្កើត​តំបន់​ការពារ​ធម្មជាតិ ឬ ហៅ​ថា​ឧទ្យាន ចំនួន ៤៩​កន្លែង និង​មាន​ផ្ទៃ​ដី​រហូត​ដល់ ៧​លាន​៥​សែន​ហិកតា៕